ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងហេីយបើករថយន្តឡិចស៊ីស RX-300 ទៅបុកគូទរថយន្តឡិចសុីសNX200t មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែដោះស្រាយគ្នាមិនត្រូវ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកឡិចសុីសNX200t មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-1317 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តឡិចសុីសRX-300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខកណ្ដាល2A-9358 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយបុកគូទរថយន្តឡិចសុីសNX-200t បណ្ដាលឲ្យរងការខូចខាតកាងក្រោយបន្តិចបន្តួច ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នារយៈពេលជិតមួយម៉ោងនៅតែមិនត្រូវគ្នា ដោយម្ចាស់រថយន្តបង្កនិយាយមិនស្តាប់គ្នា ទើបសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តបង្កនិងភាគីរថយន្តរងគ្រោះក៏ដូចជារថយន្តមកគោលដៅសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត។ ដោយភាគីបង្កនៅតែនិយាយមិនស្ដាប់គ្នានិងមិនសហការជាមួយកម្លាំងសមត្ថកិច្ច ទេីបសមត្ថកិច្ចសម្រេចនាំខ្លួនបញ្ចូនទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ