ខេត្តបន្ទាយមានជ័យៈផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងដែល
មួយខ្នងធ្វើអំពីឈើលើត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ចំណែក១ខ្នងទៀត ថ្មក្រោម ឈើលើ ត្រូវភ្លើងឆេះអស់មួយចំហៀងកាលពីវេលាម៉ោង១១ថ្ងៃព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិកូបតូច ឃុំគុត្តសត្វ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅក្នុងហេតុការណ៍នោះ គេឃើញមានកម្លាំងអធិការដ្ឋាននគរបាលស្រុកបានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន២គ្រឿងចេញធ្វើអន្តរាគមន៍ភ្លាមៗ រួមទាំងកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ កម្លាំងរបស់យោធា និង មន្ត្រីមូលដ្ឋាន ស្រុកអូរជ្រៅ ផងដែរ។
អធិការនគរបាលស្រុកអូរជ្រៅ លោក សែស វិបុល ប្រាប់ថា៖ផ្ទះពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនេះមាន៖១-ម្ចាស់ផ្ទះឈ្មោះ ខាំ ស៊ីង ភេទប្រុស អាយុ៥៨ឆ្នាំ មានសមាជិកក្នុងបន្ទុក២នាក់ ស្រី១នាក់។ផ្ទះនេះមានទំហំផ្ទះ ១២ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ឆេះទាំងស្រុងរួមទាំងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុងគឹតជាប្រាក់អស់រាប់ម៉ឺនដុល្លារ។
ចំណែកម្ចាស់ផ្ទះទី២មានឈ្មោះ តាន់ សុភាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មានសមាជិករស់ក្នុងបន្ទុក៥នាក់ ស្រី៣នាក់ ។ផ្ទះនេះ មានទំហំ១២ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ខូចខាតជញ្ជាំងផ្ទះអស់មួយចំហៀង។
លោកអធិការបញ្ជាក់ទៀតថា៖នៅពេលកើតហេតុ គេបានឃើញភ្លើងឆាបឆេះចេញពី ផ្ទះឈើមួយសន្ទុះស្រាប់តែភ្លើងឆាបឆេះពេញបន្ទុកស្របពេលនោះមានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញពីកន្លែងភ្លើងឆេះបានមួយចំនួននិងជួយបាញ់ទឹកពន្លត់ដែរតែដោយសារតែភ្លើងឆេះពេញបន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកអូរជ្រៅបានចេញជួយធ្វអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបាញ់អស់ចំនួន២រថយន្ត និងមាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងយោធា និង មន្ត្រីមូលដ្ឋាន ស្រុកអូរជ្រៅបានព្រួតដៃគ្នាជួយពន្លត់ភ្លើងនិងបានគ្រប់គ្រងបាននៅវេលាម៉ោង១រសៀល។ក្រោយមកទើបភ្លើងរលត់អស់ទាំងស្រុង។
ទេ ។
តាមការសន្និដ្ឋានជំហានដំបូងរបស់លោកអធិការស្រុកអូជ្រៅលោកថាករណីនេះសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង៕ ដោយ÷វណ្ណា