ខេត្តកំពង់ធំ: យ៉ាងហោចណាស់មានក្មេង៣នាក់បានស្លាប់បាត់បង់ជីវិត នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយលង់ទឹកស្លាប់ពីរករណីផ្សេងគ្នានៅស្រុកសណ្តាន់និងស្រុកសន្ទុក ខេត្តកំពង់ធំ ។
មន្រ្តីនគរបាល ខេត្តកំពង់ធំបានឲ្យដឹងថា ករណីទី១ កើតឡើង នៅវេលាម៉ោង ១០ព្រឹក ស្ថិតនៅភូមិក្បាលដំរី ឃុំទំរីង ស្រុកសណ្តាន់។ ជនរងគ្រោះឈ្មោះ យ៉ង់ ឆានុន ភេទប្រុស អាយុ ៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើបានចុះមុជទឹកស្រះលេងនៅក្រោយផ្ទះពេលឪពុកម្តាយមិននៅ ហើយក៏លង់ស្លាប់គ្មានអ្នកណាដឹងឡើយ។
ករណីទី២ កើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃដដែលស្ថិតនៅចំណុច រកាចាប ក្នុងភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក។ ជនរងគ្រោះទី១-ឈ្មោះ ម៉ៅ ស្រីម៉ាស់ ភេទស្រី អាយុ ១៤ឆ្នាំ ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីកា ភេទស្រី អាយុ ១៣ឆ្នាំ។ ក្មេងស្រីទាំងពីរនាក់រស់នៅភូមិភូមិ ឃុំកើតហេតខាងលើ។នៅព្រឹកកើតហេតុពួកគេបាននាំគ្នាដេញគោឆ្លងស្ទឹងតាំងក្រសាំង មានចម្ងាយជាង៥០ម៉ែត្រទៅស៊ីស្មៅហើយទំនងអស់កម្លាំង អស់ដៃអស់ជើងក៏លង់ស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុភ្លាមសមត្ថកិច្ចជំនាញរបស់ស្រុកទាំងពីរ បានចុះដល់ទីតាំងត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះទាំង៣នាក់ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ÷ប្រាថ្នា