ខេត្តពោធិ៍សាត់៖ យុវជនម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនបានសម្រេចនៅគ្រាដែលមានទំនាស់ពាក្យសម្ដីបន្តិចបន្តួចជាមួយម្ដាយ បង្កើតរឿងលេបថ្នាំព្រោះយុវជនរូបនេះមានជំងឺប្រចាំកាយ មិនព្រមលេបថ្នាំការពារជំងឺ។
ករណីធ្វើអត្តឃាត ចង.កខាងលើ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០ និង៤២នាទី ព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចដើមក្រខុប ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងគ្រោះ ឈ្មោះ រ៉ុន សុខជា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ ។
លោក វរសេនីយ៍ឯកបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ករណីខាងលើ លោកបានចាត់ចែងមន្ត្រីជំនាញនៃអធិការដ្ឋាន សហការចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវជំវិញកន្លែងកើតហេតុ ឃើញយុវជនរងគ្រោះបានយកខ្សែក្រណាត់អង្រឹង ពណ៌ខ្មៅ ប្រវែងប្រមាណជាង ១ម៉ែត្រ ចងព្យួរ.កទៅជាមួយដើមក្រខុប បណ្តាលឲ្យស្លាប់។
លោក បន្តទៀតថា មូលហេតុដោយយុវជនរូបនេះមានទំនាស់ពាក្យសម្ដីជាមួយម្ដាយបន្តិចបន្តួច រឿងលេបថ្នាំខណៈយុវជនរូបនេះមានជំងឺប្រចាំកាយ (សរសៃប្រសាទ) ហើយម្តាយបង្ខំលេបថ្នាំតែមិនព្រមលេប។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ បុឹម ពិន