ភ្នំពេញ៖ ត្រីក្រុសមេម៉ាយ គឺជាប្រភេទត្រីទឹកសាបមួយ ប្រភេទ ដែលរស់នៅបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក អន្លង់ ឬត្រពាំង ។ ដែលមានទឹកហូរយឺតៗ និងភាគច្រើនពួកវានៅស្រទាប់បាតក្រោម ដែលមានភក់ និងខ្សាច់ ហើយ ត្រីប្រភេទនេះ វាចូលចិត្ដរស់នៅតែឯង ភាគច្រើន ។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យា ស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានប្រាប់សារព័ត៏មាននគរវត្ដយើង កាលពីថ្ងៃអាទិត្យ ម្សិលមិញ ឧសភានេះថា៖ ពាក់ព័ន្ធនឹងឈ្មោះត្រីនេះ ដែលស្តាប់មើលទៅដូចជាចម្លែក គឺខ្ញុំបានស្រាវជ្រាវដែរ ប៉ុន្តែពុំមានឯកសារយោងផ្លូវការណាមួយអះអាងនោះទេ ប៉ុន្តែតាមរយៈការស្រាវជ្រាវតាមតំបន់ ក៏ដូចជាការសួរនាំពីចាស់ៗ គឺត្រីក្រុសមេម៉ាយនេះ ត្រូវបានប្រជាជនកម្ពុជាយើងហៅតៗគ្នា តាំងពីយូរលង់ណាស់មកហើយ ទោះបីតំបន់ខ្លះគេហៅផ្សេង ប៉ុន្តែភាគច្រើនគឺហៅថាត្រីក្រុសមេម៉ាយ បែបនេះ ។
ត្រីក្រុសមេម៉ាយនេះ គឺស្ថិតនៅក្នុងអំបូរ Cyprinidae និងមានឈ្មោះវិទ្យាសាស្រ្ត Osteocilus vittatus ដែលជាប្រភេទត្រីមានស្រកា តែគ្មានក្រពះ និងធ្មេញនោះទេ។ ពាក់ព័ន្ធនឹងជីវចម្រុះរបស់ត្រីក្រុសមេម៉ាយនេះវិញ លោក ថាច់ ផាណារ៉ា បានបន្ថែមថា៖ ជាទូទៅត្រីក្រុសមេម៉ាយនេះ មានប្រវ៉ែងដងខ្លួនប្រមាណ៣២សង់ទីម៉ែត្រ ហើយជាប្រភេទត្រីដែលចូលចិត្តរស់នៅបាតបឹង ទន្លេ អន្លង់ ត្រពាំង ព្រែក ។ ដែលមានទឹកហូរតិចៗ ដោយមានស្រទាប់បាតក្រោមមានភក់ និងខ្សាច់ ហើយត្រីប្រភេទនេះ ភាគច្រើនសំបូរនៅរដូវប្រាំង ជាពិសេសនៅបឹងទន្លេសាប ដោយប្រជាពលរដ្ឋដាក់បាននៅខែប្រាំង ដោយការកៀសម្រាស់ និងការដាក់ណរ៉ាល់ (របាំង)។ ហើយចំពោះតម្លៃរបស់ត្រីក្រុសមេម៉ាយវិញ គឺក្នុងខែនេះ លក់បានក្នុងតម្លៃថ្លៃគួរសម គឺប្រហែល១៨.០០០រៀល ក្នុងមួយគីឡូក្រាម នេះក៏ដោយសារត្រីនៅក្នុងឆ្នាំនេះ ហាក់មានតម្លៃថ្លៃគ្រាន់បើ ដោយភាគច្រើនត្រីប្រភេទនេះ គេយកទៅធ្វើជាប្រហុក និងត្រីឆ្អើរ ព្រោះត្រីក្រុសមេម៉ាយនេះ សាច់ទន់ ហើយផុយ។
លោក ថាច់ ផាណារ៉ា បានបន្ថែមថា៖ ត្រីក្រុសមេម៉ាយនេះ គឺជាប្រភេទត្រីល្អិត ដែលប្រឈមបំផុតគឺនៅពេលដែលត្រីនេះ ត្រូវដល់រដូវពងកូន ហើយពពួកត្រីនេះ នឹងហែលទៅតំបន់ទំនាបលិចទឹក តាមស្ទឹង ឬព្រែកអីជាដើម ដែលខណៈនោះ ប្រជានេសាទបានដាក់លូស្បៃមុង នៅតាមផ្លូវដែលត្រីប្រភេទនេះធ្វើចរាចរណ៍ឡើងទៅពងកូន ម្យ៉ាងវិញទៀត នៅរដូវប្រាំងប្រភេទត្រីនេះប្រឈមនឹងការដាក់សម្រាស់ គឺនៅពេលដែលទឹកស្រក គឺអ្នកនេសាទកៀមកទាំងអស់តែម្តង និងបញ្ហាមួយទៀតគឺការលុបបឹងជាដើម ព្រោះត្រីប្រភេទនេះចូលចិត្តទឹកដែលនៅនឹង ឬហូរតិចៗប៉ុណ្ណោះ ។
ត្រីក្រុសនៅប្រទេសកម្ពុជាយើង មាន០៤ប្រភេទ គឺទី១ ត្រីក្រុសមេម៉ាយ (Osteochilus vittatu) ទី២ ត្រីក្រុសឆ្នូត (Osteochilus microcephalus) ទី៣ ត្រីក្រុស ស(Osteochilus lini) និងទី៤ ត្រីក្រុសក្រហម (Osteochilus waandersii) ហើយចំណីអាហាររបស់ពួកវាមានដូចជា កម្ទេចកម្ទី ប្លង់តុង ប្លង់តុងសត្វ រុក្ខជាតិ និងជន្លេនជាដើម។
ដើម្បីឱ្យមាននិរន្តរភាព និងលំនឹង នៃការប្រើប្រាស់ត្រីទៅថ្ងៃអនាគត ដែលជាស្បៀងមួយមិនអាចខ្វះបាន លោក ថាច់ ផាណារ៉ា បានសំណូមពរ ទី១ សូមឱ្យប្រជានេសាទទាំងអស់ កុំដាក់លូស្បៃមុងនៅរដូវត្រីពងកូន ចាប់ពីខែមិថុនា ដល់ខែតុលា ដោយយោងតាមច្បាប់នៃរដ្ឋបាលជលផល ទី២ សូមកុំចាប់ត្រីមេពូជ នៅតំបន់អភិរក្ស ឬអាងទន្លេមេគង្គ ដែលមានអន្លង់ជ្រៅៗ ទី៣ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ គ្រាប់បែក ស្បៃមុង ហើយចំពោះការប្រើប្រាស់ស្បៃមុងនេះ គឺត្រូវអនុវត្តតាមការកំណត់ក្រឡារបស់រដ្ឋ គឺមិនតូចពេកដែលអាចជាប់ដល់ត្រីតូចៗ។ល។ ទី៣ ក្រុមអភិរក្សរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សហគមន៍ ក៏ដូចជាប្រជានេសាទ អំពីសារសំខាន់ នៃការអភិរក្សត្រី ក៏ដូចជាការដោះលែងត្រីមេពូជឱ្យទៅក្នុងធម្មជាតិវិញ។ លោកបានសង្កត់ធ្ងន់ថា បើក្នុងករណីយើងចាប់បានត្រីមេពូជមួយ ហើយយើងយកទៅពិសា គឺបានតែមួយពេល ប៉ុន្តែការធ្វើដូច្នេះ គឺស្មើនឹងការបំផ្លាញទិន្នផលត្រីប្រមាណ១០ម៉ឺនក្បាលនៅពេលខាងមុខ ទី៤ គឺប្រជាពលរដ្ឋទាំងអស់ត្រូវតែសហការគ្នា ទាំងប្រជានេសាទ សហគមន៍នេសាទ ក៏ដូចជាអាជ្ញាធរដែនដី និងពាក់ព័ន្ធទាំងអស់ ព្រោះការងារអភិរក្សត្រី ត្រូវការការចូលរួម ការយល់ដឹងពីសារសំខាន់នេះ” ។
លោក ថាច់ ផាណារ៉ា ក៏សូមផ្តាំផ្ញើដល់ប្រជានេសាទទាំងអស់ មិនថាតែត្រីមេពូជនោះទេ ដែលត្រូវដោះលែងទៅក្នុងធម្មជាតិ ប្រភេទត្រីកម្រ និងធំៗជាច្រើនប្រភេទទៀត ដូចជាត្រីគល់រាំង ដែលជាត្រីនិម្មិតរូបនៃមច្ឆជាតិ ត្រីរាជ ត្រីត្រសក់ ត្រីបបែលទឹកសាប ។ល។ គឺបើចាប់បាន សូមដោះលែងដោយខ្លួនឯង ឬទាក់ទងមករដ្ឋបាលជលផល ឬអាជ្ញាធរ ពាក់ព័ន្ធដើម្បីចូលរួមការព្រលែងត្រីទាំងអស់គ្នា៕ សំរិត