ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកស្អាងបាន ចាប់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ករណីនេះ​ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហោ យ៉ាំងខាង ស្ថិតក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានគ្នា២នាក់គឺ ១-ឈ្មោះ ហោ យ៉ាំងខាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល និងទី២-ឈ្មោះ គង់ ជីវ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិក្របៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន
២កញ្ចប់ធំ និងសម្ភារវេចខ្ចប់មួយចំនួន,​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង,​ទូរស័ព្ទចំនួន១គ្រឿង,​ ម៉ូតូ ចំនួន១គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ក្រោយទទួលបានព័ត៌មានថាមានករណីជួញដូរគ្រឿងញៀននៅចំណុចកើតហេតុភ្លាមកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លាបានចុះទៅចំណុចកើតហេតុ រួចធ្វើការត្រួតពិនិត្យឈ្មោះ ហោ យ៉ាំងខាង និងឈ្មោះ គង់ ជីវ៉ា រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំនៅនឹងខ្លួនឈ្មោះ ហោ យ៉ាំងខាង រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីនាំយកទៅសាកសួរ ។ បន្ទាប់ពីធ្វើការសាកសួររួច ក្នុងពេលជាមួយគ្នានោះដែរ ដោយមានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបន្តធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះឈ្មោះ ហោ យ៉ាំងខាង បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំបន្ថែមទៀត , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន រួចនាំខ្លួនជនសង្ស័យទាំង២នាក់មកប៉ុស្តិ៍នគរបាលត្រើយស្លាដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល, ជនសង្ស័យឈ្មោះ ហោ យ៉ាំងខាង បានសារភាពថា គ្រឿងញៀនចំនួន២កញ្ចប់ធំនេះ ខ្លួនបានទិញពីជនសង្ស័យម្នាក់នៅម្តុំព្រែកព្នៅ រាជធានីភ្នំពេញក្នុង១កញ្ចប់ធំ តម្លៃ ១,០០០,០០០រៀល ដើម្បីយកមករំលែកលក់ក្នុង១កញ្ចប់តម្លៃ ៥០,០០០រៀលឡើង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវីធី៕ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print