ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកបម្រើការងារក្នុងគ្រឹះស្ថានហិរញ្ញាវត្ថុហត្ថាកសិករបានបើករថយន្តកូរ៉ូឡាចង្កូតស្តាំបុកជនរងគ្រោះជិះម៉ូតូឌុបគ្នាឳពុកម្តាយនិងកូនស្រី ៣នាក់ស្លាប់ត្រូវបាននគរបាលចរាចរណ៍ខេត្តបាត់ដំបងចាប់ឃាត់ខ្លួននោះហើយ។
តុលាការខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ បញ្ជាឱ្យសមត្ថកិច្ចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំអនុវត្តតាមនីតវិធីច្បាប់។
ក្រោយពីបុរសសង្ស័យបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកជនរងគ្រោះស្លាប់បានមួយថ្ងៃហើយរត់គេចខ្លួនត្រូវបាននគរបាលចរាចរណ៍ខេត្តបាត់ដំបងស្វែងរកចាប់ខ្លួនបានកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅកន្លែងធ្វើការស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បុរសសង្ស័យមានឈ្មោះ ផល ថាណា អាយុ៣១ឆ្នាំ ជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ប្រចាំខេត្តបាត់ដំបង ត្រូវបាននគរបាលចរាចរណ៍ខេត្តចាប់ខ្លួនអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សាធ គឹមសាន្ត នាយការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា បុរសសង្ស័យរងការចោទប្រកាន់បទល្មើសចំនួន២ករណី ១,ពីបទបើកបរធ្វេសប្រហែសខ្ជះខ្ជាយប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់បង្កឱ្យអ្នកដទៃស្លាប់ ក្នុងមាត្រា៨៥ ២,ពីបទបង្កឱ្យមនុស្សស្លាប់ហើយរត់គេចខ្លួនពីកន្លែងកើតហេតុមិនទទួលខុសត្រូវ ក្នុងមាត្រា៨៥នោះដែរ បុរសសង្ស័យបើសិនតុលាការរកឃើញថាមានកំហុសដូចការចោទប្រកាន់នោះមែន អាចនិងប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី៤លានទៅ១៥លានរៀល។
សូមបញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិគោកពន្លៃ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឳពុកម្តាយនិងកូនស្រី ៣នាក់ ត្រូវរថយន្តកូរ៉ូឡាចង្កូតស្តាំបើកបុកចំពីមុខពេញទំហឹងបណ្តាលឱ្យស្លាប់ខណៈរថយន្តបង្កបើកវ៉ាប្រជែងរថយន្តទៅបុកជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នាក្នុងទិសដៅច្រាសទិសគ្នា។ អ្នកបើករថយន្តបង្កក្រោយពីកើតហេតុភ្លាមបានរត់គេចខ្លួនបាត់បន្សលទុក រថយន្តនៅកន្លែងកើតហេតុ។ លុះរត់គេចខ្លួនបានមួយថ្ងៃក៏ត្រូវបាននគរបាលចរាចរណ៍ខេត្តបាត់ដំបងស្វែងរកចាប់ឃាត់ខ្លួនបាន។
ជនរងគ្រោះទាំង៣នាក់មាន កូនស្រីឈ្មោះ សម្បត្តិ ស្រីមាន អាយុ២៧ឆ្នាំ ឳពុកឈ្មោះ សុខ សម្បត្តិ អាយុ ៥៦ឆ្នាំ និងម្តាយឈ្មោះម៉េវ រ៉េវ អាយុ៥៣ឆ្នាំ ជនរងគ្រោះ រស់នៅភូមិចាក់អង្កាម ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជនរងគ្រោះពីរនាក់ប្តីប្រពន្ធទើបតែមកពីចូលរួមមង្គលការបងប្អូននៅខេត្តកំពត ហើយឱ្យកូនស្រីមកទទួលនៅចំណតរថយន្តបឹងឈូក ជិះត្រឡាប់ទៅផ្ទះវិញក៏ជួបគ្រោះថ្នាក់ស្លាប់ទាំងអស់គ្នាតែម្តង។ ម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1D-3650។ រីឯរថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង2A-2331 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបើកបរល្បឿនលឿនហើយវ៉ាប្រជែងរថយន្ត១គ្រឿងទៀតក្នុងទិសដៅស្របគ្នា រំពេចនោះរថយន្តបង្កម៉ាកកូរ៉ឡាបានបើកជ្រុលចូលទៅបុកចំណែកផ្លូវជនរងគ្រោះជិះម៉ូតូឌុបគ្នា៣នាក់ពេញទំហឹងក្នុងទិសដៅច្រាសទិសគ្នាបណ្តាលឱ្យស្លាប់ទាំង៣នាក់៕
ដោយ៖ សំ វិច្ឆិកា