ភ្នំពេញ ៖ ផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក នឹងត្រូវ កម្ទេចចោលនៅថ្ងៃស្អែកទី៤ ខែមិថុនា ឆ្នាំ២០២០ ។
នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)។
យោងតាមសេចក្តីប្រកាសឲ្យដឹងថា ពិធីនេះនឹងអញ្ជើញជាអធិបតីភាពលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្រ្តីរាជការជាច្រើនរូប ។
ការកម្ទេចចោលឱសថក្លែងក្លាយអន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ទាំងនេះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការឲ្យធ្វើការកម្ទេចចោល ដែលនឹងប្រារព្ធពិធីកម្ទេចនៅ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា
ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទីព្រឹក នៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ (ផ្លូវចូលជាប់សាលាសង្កាត់ជើងឯក) ៕ ដោយ ៖ ជាយក្រុង