ខេត្តរតនគិរី៖កម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរាលខេត្តរតនគិរី សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងអធិការស្រុកលំផាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងគ្រួសារតែមួយជាប់ពាក់ព័ន្ធនិងអំពើលួចម្រេច កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកលំផាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កន្លងទៅមានករណីលួចម្រេចកើតឡើងនៅខេត្តត្បូងឃ្មុំ ដោយត្រូវបានសង្ស័យជាមុខសញ្ញា ដែលប្រព្រឹត្តអំពើលួច(ម្រេច) ខាងលើនេះជាកម្មករ ក្នុងនោះមាន៣នាក់ ឪពុក ម្តាយ និងកូន។
ក្រោយពីបានសហការគ្នា រវាងកម្លាំងជំនាញខាងលើធ្វើការស៊ើបអង្កេត ក៏បានកំណត់មុខសញ្ញាជនសង្ស័យទាំង៣នាក់ ដែលមានឈ្មោះជា ដារ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ត្រូវជាឪពុក) ឈ្មោះជា សុផល ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ត្រូវជាម្តាយ)និង ឈ្មោះចាន់ សុខហេង ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរបើកត្រាក់ទ័រ (ត្រូវជាកូន)។
បន្ទាប់ពីលួចម្រេចនៅខេត្តត្បូងឃ្មុំ គ្រួសារមួយនេះបានមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងក្រុមហ៊ុន ដូនពេញអាទីកូ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ដោយមានការស៊ើបអង្កេត និងសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងជំនាញទាំងអស់ខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣ ជាមុខសញ្ញានិងដកហូតបាន ម៉ូតូចំនួន២គ្រឿង។
បន្ទាប់មក កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី បានប្រគល់ជនសង្ស័យទាំង៣នាក់ ឲ្យទៅកម្លាំងជំនាញព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ ដើម្បីបន្តសំណុំរឿងទៅតាមនីតិវិធីច្បាប់៕