សារព័ត៌មាន TTXVN នៅថ្ងៃ ទី៣ ខែមិថុនា បានផ្សាយថា អុីតាលីបានអនុញ្ញាតឲ្យពលរដ្ឋមានសេរីភាពទាំងស្រុងឡើងវិញហើយនៅទូទាំងប្រទេស ចាប់ពីថ្ងៃ ទី៣ ខែមិថុនានេះ ដោយមិនចាំបាច់ប្រាប់ពីមូលហេតុនោះឡើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលអុីតាលីក៏បានអនុញ្ញាតឲ្យពលរដ្ឋ មកពីប្រទេសផ្សេងៗ ក្នុងតំបន់ចូលមកកម្សាន្តនៅអុីតាលី ដោយមិនចាំបាច់កាត់ផ្តាច់១៤ថ្ងៃឡើយ។
ជាមួយគ្នានេះដែរ ជើងហោះហើរ អន្តរជាតិ នៅអាកាសយានដ្ឋាន ចំនួន៣ ក្នុងប្រទេសអុីតាលី បានបើកដំណើរការឡើងវិញហើយ ក្នុងនោះមាន ទីក្រុងរ៉ូម មីឡាន និង Naples ។ ប៉ុន្តែរដ្ឋាភិបាល អុីតាលី នៅតែបារម្ភខ្លាចគ្មានអ្នកទេសចរណ៍ មកកាន់អុីតាលីនៅពេលនេះឡើយ បើទោះបី ការឆ្លងកូវីដ១៩ បានថយចុះក្តី ។
អុីតាលីបានបិទទ្វារប្រទេស តាំងពីថ្ងៃទី៣ ខែមីនា ដោយសារតែកូវីដ១៩ ។ មកទល់ពេលនេះវិស័យមួយចំនួន ដូចជា រោងភាពយន្ត មហោស្រព មិនទាន់បើកទ្វារនៅឡើយ ។ ចំណែកសាលារៀន នៅបន្តបិទទ្វារដល់ខែកញ្ញា ។
ជាមួយគ្នានោះប្រទេសដែលមាន អ្នកឆ្លងកូវីដ១៩ តិច ដូចជា ប្រទេសស្វីស បានព្រមានដល់ពលរដ្ឋរបស់ខ្លួនថា និងត្រូវពិនិត្យសុខភាព ក្រោយដំណើរកម្សាន្តទៅកាន់អ៊ីតាលី ។ ប្រទេសស្វិស បានប្រកាសថា បានបើកព្រំដែន ទាំងស្រុងក្នុងសហគមន៍អឺរ៉ុប ដោយអ្នកទេសចរ ចូលមកទីនេះ មិនចាំបាច់កាត់ផ្តាច់រយៈពេល ១៤ថ្ងៃនោះឡើយ។ ក្រៅពីនេះ ក៏មានប្រទេសប៊ែលហ្ស៊ិចអង់គ្លេស នៅបន្តហាមប្រាមពលរដ្ឋរបស់ខ្លួនទៅបរទេសនៅឡើយទេ៕