មេដឹកនាំថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នឹងធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ទីក្រុងបាងកក ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ លោក Virachon Sukhonthapatipak អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានអះអាងថា នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា ជាថ្មីម្តងទៀតបានអញ្ជើញមេដឹកនាំរុស្ស៊ី ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ឲ្យមកបំពេញទស្សនកិច្ចនៅទីក្រុងបាងកក ខណៈដែលលោកនាយករដ្ឋមន្ត្រីជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសថៃ លោក Kirill Barsky នៅឯវិមានរដ្ឋាភិបាលនោះ ។
កាលពីពេលកន្លងមក លោកប្រាយុទ្ធ ធ្លាប់បានអញ្ជើញលោកពូទីន ឲ្យមកបំពេញទស្សនកិច្ចនៅទីក្រុងបាងកកម្តងផងដែរ តាមរយៈលោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌឺមេទ្រី ម៉េដវ៉ាឌីវ អំឡុងពេលលោកបំពេញទស្សនកិច្ចមកកាន់ប្រទេសថ្ៃកាលពីខែមេសា ឆ្នាំ២០១៥ ។
មេដឹកនាំរុស្ស៊ីនៅមិនទាន់ឆ្លើយតបបែបណានៅលើយថា តើនៅពេលណា នឹងមកបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃនោះ ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ អះអាងថា ស្ថិតនៅក្នុងពេលនេះជាពេលវេលាដ៏ស័ក្តិសម បំផុតសម្រាប់ដំណើរទស្សនកិច្ចនេះ ។
ទំនាក់ទំនងការទូតរវាងប្រទេសថៃ នឹងរុស្ស៊ី គឺមានរយៈពេល១២០ឆ្នាំមកហើយ ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្ថែមទៀតនៅក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ កិច្ចសហប្រតិបត្តិការយោធា និងទេសចរណ៍ផងដែរ។
ទោះបីយ៉ាងណា អ្នកទេសចរណ៍រុស្ស៊ីមកកាន់ថៃ ជាពិសេសទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ប៉ាតាយ៉ា និងផូកេត ចម្ងាយប្រមាណ១៤០គីឡូម៉ែត្រភាគខាងកើតទីក្រុងបាងកក និងប្រហែល៨៦០គីឡូម៉ែត្រភាគខាងត្បូងរាជធានីនោះមានការធ្លាក់ចុះយ៉ាងគំហុក តាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារតែមានករណីប្លន់សម្លាប់អ្នកទេសចរណ៍រុស្ស៊ី ៕
ប្រែសម្រួល៖ ថាច់ យ៉ាត