សត្វជ្រូកនិងមាន់លួចឆ្លងដែនពីប្រទេសថៃ ត្រូវបានកម្លាំងជំនាញបង្ក្រាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនិងមន្ត្រីពេទ្យសត្វខេត្តបន្ទាយមានជ័យ សហការគ្នាបង្ក្រាបសត្វជ្រូកនិងមាន់៤ករណីដែលលួចនាំចូលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រករបៀងព្រំដែនក្នុងអំឡុងប្រទេសកម្ពុជានិងថៃបានបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០ថា ក្នុងកិច្ចប្រតិបត្តិការអនុវត្តការបង្រ្កាបនេះនៅយប់ថ្ងៃតែមួយ គឺថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ ទី១-បានចុះធ្វើអធិការកិច្ចនៃការដឹកជញ្ចូនជ្រូករស់ចំនួន៥ក្បាលក្នុងរថយន្តកាមរីពីព្រំដែនក្រុងប៉ោយប៉ែតមកក្នុងទីសត្តឃាតផាន់ តារ៉ារិទ្ធ ក្រុងប៉ោយប៉ែត ។ទី២-បានស្ទាក់ចាប់ឡានកូរ៉េគ្មានស្លាកលេខនៅចំណុចសាលាក្រហមក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ដែលផ្ទុកមាន់រស់ចំនួន៨៤០ក្បាលលួចនាំចូលពីប្រទេសថៃតាមច្រករបៀងពាណិជ្ជកម្មក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ។ទី៣-ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានស្ទាក់ចាប់រថយន្ត១គ្រឿងពាក់ស្លាកលេខភ្នំពេញ:ច៧៥៨២ដែលផ្ទុកជ្រូករស់ចំនួន១៦ក្បាលនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលលួចនាំចូលពីប្រទេសថៃ ។ទី៤-ក្រុមអន្តរាគមន៍នៃការិយាល័យដដែលបានសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តធ្វើការស្ទាក់ចាប់បានរថយន្ត១គ្រឿងពាក់ស្លាកលេខភ្នំពេញ2F-1013 ដែលផ្ទុកកូនជ្រូកចំនួន៧៥ក្បាលលួចនាំចូលពីប្រទេសថៃដែរ។អំពីនិីតិវិធីនៃការបង្ក្រាបសត្វជ្រូកនិងមាន់រស់នេះគឺទី១-មកពីការនាំចូលអត់ច្បាប់អនុញ្ញាតនិងខុសសារាចរលេខ០៧ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺឆ្លង។
ទី២-ជាវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
លោកបញ្ជាក់ថា សត្វជ្រូកនិងមាន់រស់ត្រូវបានបញ្ជូនទៅរក្សាទុកតាមវិធានពេទ្យសត្វនិងធ្វើចត្តាឡីស័កនៅការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print