ខេត្តឧត្តរមានជ័យ៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាលបានទំលាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ធ្វើការផ្តល់ជូន ដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA និងបន្តផ្សព្វផ្សាយពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងការកែសម្រួលលក្ខមួយចំនួនផងដែរ។
ដោយសង្កេតឃើញថា ខេត្តឧត្តរមានជ័យជាខេត្តមានសក្តានុពលខាងផ្នែកកសិកម្ម មានផ្ទៃដីធំ និងមានជីវជាតិល្អ ដូចនេះឯកឧត្តម កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូន កសិករ អោយចងក្រងគ្នាជាក្រុមផលិតអោយបានច្បាស់លាស់ និងបង្កើនការផលិតប្រកបដោយគុណភាព និងមានស្តង់ដារ ជាពិសេសត្រូវរៀបចំផែនការក្នុងការដាំដុះអោយបានត្រឹមត្រូវ និងជាដំណាក់កាល ដើម្បីងាយស្រួលក្នុងរកទីផ្សារ និងចៀសវាងការដាំដុះច្រើនលើសតម្រូវការ ដែលជាដើមហេតុធ្វើអោយតំលៃធ្លាក់ចុះ។ ដោយឡែកបញ្ហាទីផ្សារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការជួយភ្ជាប់រវាងអ្នកផលិត ទៅកាន់អ្នកទទួលទិញ។ នទ្ទឹមនេះ ក្នុងករណីបងប្អូនមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌ ធនាគារនឹងជួយទំលាក់ឥណទានអោយបានទាន់ពេលវេលាដើម្បីជួយពន្លឿនដល់ដំណើរការបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់បងប្អូនបាន។
ឯកឧត្តម កៅ ថាច បានស្នើសុំដល់មន្ទីរកសិកម្មខេត្ត បន្តជួយជាបច្ខេកទេសបន្ថែមផងដែរដើម្បីជួយដល់កសិករ និងស្នើដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក សូមជួយផ្សព្វផ្សាយបន្តអំពីកញ្ចប់ហិរញ្ញប្បទានពិសេសនេះ អោយបានជ្រាបដលប្អូននៅតាមមូលដ្ឋានផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ ផ្សេងៗ ដែលបងប្អូនបានសួរមកកាន់ឯកឧត្តម និងបានបំភ្លឺជូនដល់បងប្អូនយ៉ាងផុសផុល និងមានភាពស្និតស្នាល។ ប៉ែន នួន