ខេត្តតាកែវ ៖ ដីបឹងមានទំហំប្រហែលជាងមួយហិកតា ត្រូវបានអ្នកមានទឹកលុយម្នាក់ ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងបំពានច្បាប់ដែលអភិបាលស្រុកឆ្លើយថា មិនដឹង។
បើទោះបីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីអំពាវនាវមួយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ សុំឲ្យលោកចៅហ្វាយខេត្ត គ្រប់ រាជធានី ខេត្ត ជួយទប់ស្តាត់រាល់សកម្មភាពរំលោភ ចាកដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយទឹកជំនាន់ ដែលបណ្តាលមកពីការចាក់ដីលុបធ្វើឲ្យប៉ះពាល់ចរន្តទឹក តែសម្រាប់ខេត្តតាកែវ នៅតែមានសកម្មភាពចាក់ដី រំលោភយកចំណីបឹងសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដដែល។
ជាក់ស្តែងបឹងនៅចំណុចអូលោកយាយ ស្ថិតនៅភូមិចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានអ្នកមានប្រាក់ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិ ដោយគ្មានខ្លាររអានឹងច្បាប់សោះឡើយ។
ពាក់ព័ន្ធនឹងករណីចាក់ដីរំលោភយកចំណីបឹងនេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ដំបូងឡើយ លោកមិនបានដឹងថា មានការចាក់ដីរំលោភយកចំណីបឹង នៅទីតាំងខាងលើនេះទេ ព្រោះមេឃុំអត់ បានរាយការណ៍មកលោក គឺទាល់តែចាក់ដីរួចរាល់អស់ទើបលោកដឹង”។
លោកអភិបាលស្រុកបញ្ជាក់ថា “លោកមិនអនុញ្ញាតឲ្យបន្តសាងសង់ ឬធ្វើអ្វីនៅលើដី ដែលចាក់ហើយនោះទេ។”
ជុំវិញអ្នកមានប្រាក់ចាក់ដីរំលោភយកបឹងនេះ ពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ បាននិយាយថា ពួកគាត់គ្មានទំនុកចិត្ត ចំពោះអាជ្ញាធរស្រុក មានវិធានការតាមផ្លូវច្បាប់ ដល់ម្ចាស់ដីដែលចាក់នោះទេ ព្រោះបើតាមប្រភពខ្សឹបបខ្សៀវ គឺមានការត្រូវរ៉ូវគ្នាតាំងពីថ្នាក់ ឃុំ ស្រុក រហូតដល់ឮថា មានអភិបាលរងខេត្តម្នាក់ ជាអ្នកនៅពីក្រោយទៀតផង ៕