ខេត្តមណ្ឌលគិរី៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តមណ្ឌលគិរីសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះញែកចាប់ឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង២១ និង២៥នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំក្បែទីបញ្ជាការអាវុធហត្ថស្រុកកោះញែក ស្ថិតក្នុងភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក។
លោកវរសេនីយ៍ទោ ឡេវ ប៉ុន នាយរងការិយាល័យគ្រឿងញៀននៃស្នងការនគរបាលខេត្តមណ្ឌលគិរីបានអោយដឹងថា ការចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាយុវជនពីរនាក់រួមនិងម៉ូតូ១គ្រឿង ទូរសព្ទ័ដៃពីរគ្រឿង ចំណែកគ្រឿងញៀនត្រូវបានជនសង្ស័យបោះចោលចូលក្នុងព្រៃរកមិនឃើញ។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនទី១.ឈ្មោះវ៉ាន វ៉ុន ហៅជីម អាយុ២១ឆ្នាំមានទីលំនៅភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី មុខរបរកសិករ និងទី២.ឈ្មោះឌៀន ឧត្តម អាយុ១៩ឆ្នាំមានទីលំនៅភូមិសេរីរត្ន័ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរីមុខរបរកសិករ។
លោកនាយរងការិយាល័យបន្តឲ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយនៅចំពោះមុខសមត្ថកិច្ចថា ពួកគេពិតជាបានបោះចោលគ្រឿងញៀនចូលក្នុងព្រៃពិតប្រាកដមែន នៅពេលជួបសមត្ថកិច្ចហៅឲ្យឈប់។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញនៃស្នងការនគរបាលខេត្តកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ ឦសាន