ភ្នំពេញ ៖ ផ្លូវលំមួយខ្សែក្នុងភូមិព្រៃព្រីងខាងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កន្លងមកបងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយសារតែផ្លូវតូចចង្អៀត ទឹកជន់លិច គ្មានប្រព័ន្ធលូ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ទើបនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយប្រជាពលរដ្ឋ ក្រុមហ៊ុនពាក់ព័ន្ធនៅតាមផ្លូវខាងលើ យកគ្រឿងចក្រមកវាយរបងចេញក្រោយពីបានផ្សព្វផ្សាយជូនដំណឹងរួចមកនោះ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកផ្លូវលំខាងលើប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ព្រោះផ្លូវតូចចង្អៀត ផ្លូវចាស់ ម្យ៉ាងទឹកជន់លិចផង ប៉ុន្តែ ពេលនេះ ពួកគាត់សាទរ បន្ទាប់ពីអាជ្ញាធរ វាយកកាយបើកផ្លូវខាងលើដើម្បីស្ថាបនាជាផ្លូវបេតុង មានប្រព័ន្ធលូ ។
តាមអាជ្ញាធរបានឲ្យដឹងថា ដើម្បីដំណើរការស្ថាបនាផ្លូវខាងលើឱ្យបានប្រសើរ សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ បើកពង្រីកផ្លូវ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ជាផលប្រយោជន៍រួមទាំងអស់គ្នា ៕ដោយសុខាសែនជ័យ