ខេត្តពោធិ៍សាត់៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ប្រារព្ធពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងផ្សព្វផ្សាយទិសដៅសម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាពអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថចំនួនជាង ១០០នាក់ ។
ពិធីនេះប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឡើងមានប្រសាសន៍ស្វាគមន៍ដល់អង្គពិធី និងអានរបាយការណ៍ស្ដីអំពីលទ្ធផលការងារឆ្នាំ២០១៥ នាពេលកន្លងមក និងផ្សព្វផ្សាយទិសដៅសម្រាប់ឆ្នាំ២០១៦ របស់អង្គភាពកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្នុងនោះលោកឧត្តមសេនីយ៍បានត្រេកអរដល់កងកម្លាំងក្រោមឱវាទ ដែលនាពេលកន្លងមកយកចិត្តទុកដាក់ និងបំពេញកាតព្វកិច្ចជូនអង្គភាពបានល្អប្រសើរ ។
បន្ទាប់មកអភិបាលនៃគណៈអភិបាលខេត្តឡើងមានប្រសាសន៍សំណេះសំណាលដល់អង្គពិធីទាំងមូល ក្នុងនោះលោកអភិបាលសង្កត់ធ្ងន់លើកិច្ចសហការការពារសន្ដិសុខជូនប្រជាពលរដ្ឋ និងកិច្ចសហការក្នុងប្រតិបត្តិការប្រកបដោយក្រមសីលធម៌និងគោរពច្បាប់ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជានគរបាលយុត្តិធម៌ ។
លោកអភិបាលបន្តថា បើសមត្ថកិច្ចខ្លាំងជនល្មើសប្រាកដជាខ្សោយជាក់ជាមិនខាន ជាកិច្ចបញ្ចប់លោកបានចែកអំណោយដល់កងកម្លាំងក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកាចំនួន ២លានរៀល ព្រមទាំងអង្ករចំនួន ២តោន សម្រាប់អង្គភាពកងរាជអាវុធហត្ថខេត្ត ៕
ដោយ៖ ប៉ឹម ពិន