ខេត្តកំពង់ស្ពឺ ៖ក្រុមមនុស្សញៀនល្បែងបញ្ជល់មាន់មួយក្រុមដែលមានខ្លះគេហៅថាជាគ្រូជល់មាន់ផងនោះត្រូវបាននគរបាលស្រុកឧដុង្គចុះបង្រ្កាបធ្វើអោយអ្នកទាំងនោះរត់ជាន់ជើងគ្នាយកប្រាសអាយូសរៀងៗខ្លួន។ចុងក្រោយអ្នករត់រួចក៏នៅជាប់ម៉ូតូរីឯអ្នករត់មិនរួចជាប់ទាំងខ្លួនជាប់ទាំងម៉ូតូត្រូវសមត្ថកិច្ចយកមកដាក់តម្រង់ជួរគ្នាថតរូបបង្ហាញសាធារណជន។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១១.៣០នាទីព្រឹក ថៃ្ងទី០៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចលោកតាបាក់ឡៅ ខាងលិចភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំងាយ ប្រហែល ៥០០ ម៉ែត្រ ពីភូមិ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាដោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋលោកអធិការស្រុកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅធ្វើការបង្ក្រាបភ្លាមតែម្ដងបន្ទាប់ពីក្រុមអ្នកជល់មាន់មួយក្រុមបានណាត់គ្នាទៅចូលនៅចំណុចខាងលើ។
ប្រភពបន្តថាប្រតិបត្ដិការបង្ក្រាបក្រុមអ្នកជល់មាន់នេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០៨ នាក់ រួមមាន៖
១. ឈ្មោះ ជួន ជីម ភេទប្រុស អាយុ៤៦ឆ្នាំ
២.ឈ្មោះ ហ៊ន អឿន ភេទប្រុស អាយុ៥៣ឆ្នាំ
៣.ឈ្មោះ សួន ចាន្ធី ភេទប្រុស អាយុ៣២ឆ្នាំ
៤.ឈ្មោះ ឆុំ សៅ ភេទប្រុស អាយុ៣១ឆ្នាំ
៥.ឈ្មោះ ថេត ធឿន ភេទប្រុស អាយុ៥៤
៦.ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ ៦៣ឆ្នាំ(គ្រូមាន់)
៧.ឈ្មោះ វ៉ត់ វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ
៨.ឈ្មោះ មៅ អ៊ឹម ភេទប្រុស អាយុ៥៧ឆ្នាំ(គ្រូមាន់)
អ្នកទាំងប្រាំបីនាក់ គឺមានទីលំនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុកឧដុង្គ បានឲ្យដឹងថាដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ ជាក់ស្ដែងកំលាំងបង្រ្កាបនិងដកហូតបានសម្ភារៈ រួមមាន ៖
+ ម៉ូតូ ចំនួន ១៥គ្រឿង
+ មាន់គកជល់ ចំនួន ០៥ក្បាល(ងាប់ ០១ក្បាល)
+ ជញ្ជីងថ្លឹង ចំនួន ០១ គ្រឿង
+ ទូរស័ព្ទដៃចំនួន ០៣គ្រឿង
+ ប្រាក់រៀលចំនួន ៧៩៥០០រៀល
+ កាបូបស្ពាយចំនួន ០១និង សម្ភារៈស្កុតបិតរុំខ្នាយមាន់ ជៀលក្រុងមាន់ មួយចំនួន ។
បច្ចុប្បន្នជនញៀនល្បែងទាំង៨នាក់រួមជាមួយវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕ដោយ៖សេនាស័ក្តិ