ភ្នំពេញ ៖ នារីម្នាក់បើកបររថយន្តល្បឿនលឿន អាចងោកមួយផាំង ធ្វើឲ្យរេចង្កូតជ្រុលបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តដាច់កាឡេទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោមស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពត៌មានពីសមត្ថកិច្ចចរាចរផ្លូវគោកប្រចាំការនៅគោលដៅខាងក្រោមស្ពានអាកាស៧មករា បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ម៉ាស្តារ CX-5 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-3564 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។
ខណៈមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបររថយន្តងោកមួយផាំង បានរេចង្កូតជ្រុលទៅបុកខឿន ចិញ្ចើមផ្លូវខាងក្រោមស្ពានអាកាស៧មករា បណ្តាលឲ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុ ដោយសាររថយន្តបង្ក មិនបង្កការខូចខាតអ្វីដល់សម្បត្តិសាធារណ: ទើបសមត្ថកិច្ច ព្រមឲ្យម្ចាស់រថយន្ត ទាក់ទងហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ជ្រោយពេជ្រ