ខេត្តព្រះវិហារ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតជនខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានចាប់ខ្លួនបុរស៣នាក់ ពីបទចាប់រំលោភសេពសន្ថវៈ(រំលោភបូក)ក្មេងស្រីសិស្សសាលាម្នាក់ អស់រយៈពេលជាងមួយខែមកហើយ ហើយក្រោយរំលោភរួចពួកគេទាំង៣នាក់បានគំរាមក្មេងស្រីរងគ្រោះមិនឲ្យទម្លាយរឿងនេះប្រាប់អ្នកណាឲ្យដឹងទេ បើបែករឿង ពួកគេនឹងសម្លាប់នាងចោល ។
មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តព្រះវិហារបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន រួមមានទី១ ឈ្មោះ ចាន់ បោន ហៅក្រៅ បោយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ ទី២ ឈ្មោះ សោម ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កសិករ។ជនសង្ស័យទី១ និងទី២ នេះ រស់នៅភូមិឃុំជាមួយជនរងគ្រោះ។ ចំណែកជនសង្ស័យទី៣ ឈ្មោះវី រ៉ាវី ហៅក្រៅ តឿ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងទី៣ ឈ្មោះ ។ រីឯក្មេងស្រីរងគ្រោះ អាយុ ១២ឆ្នាំ មុខរបរ សិស្សសាលាបឋមសិក្សា រអាង ។
យោងតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីជនរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោងប្រហែល ១២និង៣០នាទី រសៀលថ្ងៃ(មិនចាំ) ក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅ ជនសង្ស័យទាំង៣នាក់ បានស្ទាក់ចាប់កូនស្រីរបស់គាត់កំពុងដើរទៅរៀននៅចំណុចអូរជ្រកបេង ស្ថិតនៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រួចនាំគ្នាចាប់រំលោភសេពសន្ថវៈបានសម្រេចម្នាក់ម្តងៗយ៉ាងព្រៃផ្សៃ ។ ពេលរំលោភរួច ជនសង្ស័យទាំង៣នាក់បានគំរាមកូនស្រីមិនឲ្យទម្លាយរឿងនេះប្រាប់អ្នកណាឲ្យដឹងឡើយ បើមិនធ្វើតាមទេគេពួកគេនឹងសម្លាប់នាងចោល។ ដោយខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតនេះហើយទើបកូនស្រីគាត់ចេះតែលាក់លៀមរហូតមក។ លុះមកដល់ថ្ងៃទី១១មិថុនានេះ ពួកគេគំរាមចង់រំលោភម្តងទៀតហើយកូនស្រីគាត់ទ្រាំលែងបានប្រាប់រឿងរ៉ាវពីមុនមកឲ្យគាត់ដឹង ទើបគាត់ទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យ៣នាក់ចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះប្រាកដមែន ។
បន្ទាប់មកកម្លាំងជំនាញក៏បានកសាងសំណុំរឿងជនសង្ស័យទាំង៣នាក់បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមច្បាប់៕ ប្រាថ្នា