ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងដែនដែនជម្រកសត្វព្រៃស្រុកសៀមប៉ាងធ្វើឲ្យភ្ញាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១០ ខែមិថុនា ២០២០ វេលាម៉ោង២០ៈ៤០នាទីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងដែនជម្រកសត្វព្រៃ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ការផ្ទុះអាវុធនេះគេសង្ស័យថាជាករណីបរបាញ់សត្វក្នុងដែនដែលគ្រប់គ្រង អភិរក្សដោយអង្គការប៉ើតឡាយ និងមន្ត្រីបរិស្ថានឧទ្យានុរក្សនៅចំណុចUTM0636244.1563741 ក្នុងភូមិសាស្ត្រត្រពាំងអង្ក្រង ភូមិខិស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅថ្ងៃទី១១ ខែមិថុនា ២០២០ ក្រុមការងារយោធភូមិភាគទី១ ដឹកនាំដោយលោកខេង សារុន ជាមេបញ្ជាការរង បានដឹកនាំកម្លាំងចម្រុះមានដូចជាលោក គង់ សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងក្រុមការងារថ្នាក់ស្រុកដឹកនាំដោយលោក ស៊ុយ អិុនឡនអភិបាលរងស្រុកសៀមប៉ាង និងមន្ត្រីបរិស្ថានស្រុក បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទុះអាវុធនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលើ។

បើតាមលោកខេង សារុន មេបញ្ជាការរងយោធភូមិភាគទី១បានឲ្យដឹងថា តាមការបំភ្លឺរបស់ក្រុមមន្ត្រីឧទ្យានុរក្សថា កាលពីវេលាម៉ោង ២០និង៤០នាទីយប់
ថ្ងៃទី១០ មិថុនា ២០២០ នៅចំណុចខាងលើមានក្រុមជនមិនស្គាល់មុខប្រដាប់ដោយអាវុធកែច្នៃបានបាញ់មួយគ្រាប់ ហើយក្រុមល្បាតឃើញដូច្នេះក៏បានត្រៀមកម្លាំង ពេលនោះក្រុមជនល្មើសបានបាញ់មកលើទីតាំងស្នាក់នៅរបស់ក្រុមមន្ត្រីឧទ្យានុរក្សចំនួន២គ្រាប់ទៀតធ្វើឱ្យក្រុមល្បាតទ្រាំមិនបានក៏បាញ់តបតទៅវិញដើម្បីការពារខ្លួន។ គ្រានោះក្រុមជនល្មើសបានបាញ់សន្ធាប់មកលើក្រុមល្បាតជាច្រើនគ្រាប់ ហើយក្រុមយើងក៏បានបាញ់តបទៅវិញជាច្រើនគ្រាប់ដែរ ធ្វើឲ្យក្រុមជនល្មើសដកថយទៅវិញតែម្តង តែពុំមានស្លាកស្នាមបន្សល់ជាភស្តុតាងឡើយ។

លោកតាម៉ៅ ព្រះ ភេទប្រុស អាយុ៨៧ឆ្នាំ ដែលធ្វើស្រែនៅក្បែរដែនជម្រកសត្វព្រៃមានចម្ងាយប្រមាណ៣គីឡូម៉ែត្របានមានប្រសាសន៍ថា កាលពីវេលាម៉ោង ៨ ជាងគាត់បានឮគ្រាប់កាំភ្លើងបាញ់ជាច្រើនគ្រាប់តែគាត់មិនបានដឹងថាជាអ្នកណាបាញ់ឡើយ ហើយក៏មិនដឹងថាការផ្ទុះអាវុធខាងលើនោះជាករណីអ្វីដែរ គ្រាន់តែធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើលទាំងយប់តែប៉ុណ្ណោះ។

លោកខេង សារុន មេបញ្ជាការរងយោធភូមិភាគទី១បានមានប្រសាសន៍បញ្ជាក់ថា លោកបានបញ្ចាឲ្យកម្លាំងយោធាក្នុងយោធភូមិភាគ១ទាំងអស់តាមបណ្ដោយព្រំដែនត្រូវស្ទាក់ចាំមើលក្រែងជាប្រជាជនឡាវលួចឆ្លងដែនខុសច្បាប់ចូលមកបរបាញ់សត្វនៅក្នុងដែនជម្រកសត្វព្រៃដែលយើងកំពុងតែអភិរក្ស ព្រោះសត្វព្រៃនៅពេលនេះ វាកំពុងរងនូវការគំរាមកំហែងពីមនុស្សអគតិមួយចំនួនប៉ុនប៉ងសម្លាប់ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុគេប្រទះឃើញមនុស្សប្រមាណជា៩នាក់មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធកែច្នៃ និងកែវឆ្លុះគ្រប់គ្នាចូលបរបាញ់សត្វ ក្នុងដែនអភិរក្សដែលសមត្ថកិច្ចកំពុងតែគ្រប់គ្រង ក៏បានប្រទះនឹងក្រុមល្បាតហើយពួកនោះបានបាញ់កាំភ្លើងមួយគ្រាប់ដំបូង ទើបធ្វើឲ្យផ្ទុះអាវុធដាក់គ្នាមួយប្រាវដើម្បីរំដោះខ្លួន។ ជាក់ស្តែងវត្ថុតាង បន្សល់ទុកដែលខាងសមត្ថកិច្ចយើងរកឃើញគឺមានសំបកគ្រាប់កាំភ្លើងអាកា៤៧ ចំនួន១២គ្រាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងដាក់កម្លាំងពង្រាយនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនបង្កដើម្បីចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print