ខេត្តកំពង់ធំ: បុរសជាកម្មករម្នាក់បានស្លាប់ភ្លាមៗ ដោយសារខ្សែភ្លើងឆក់បន្ទាប់ពីទៅស៊ីឈ្នួលឡើងលាបថ្នាំច្រេះអង់តែនរបស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ហើយប៉ះចំខ្សែភ្លើងអាកាស(ខ្សែកាប)ដែលឆ្លងកាត់ក្បែរអង់តែនត្រូវខ្សែភ្លើងឆក់ស្លាប់លើបង្គោលអង់តែនកម្ពស់ជាង១០ម៉ែត្រពីដី ។
ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង ១១និង២៣នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សារិ ចាន់ធូ ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មករ ស៊ីឈ្នួលលាបថ្នាំអង់តែនឲ្យគេ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងលាបថ្នាំច្រេះដែកបង្គោលអង់តែនឲ្យក្រុមហ៊ុនទូរសព័្ទមិត្តហ្វូន ហើយពេលឡើងដល់កម្ពស់ជាង១០ម៉ែត្រ ជិតខ្សែកាបអគ្គិសនីស្តាក ហើយបើកុំតែមានខ្សែក្រវាត់សុវត្ថិភាពចងជាប់ខ្លួននឹងអង់តែន កុំអីធ្លាក់សពមកដល់ដីបាត់ទៅហើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមានឧប្បត្តិហេតុនេះកើតឡើង សមត្ថកិច្ចបានទាក់ទងទៅក្រុមអគ្គិសនីឲ្យបិទចរន្តអគ្គិសនីបណ្តោះអាសន្ន រួចនាំគ្នាយកសពទម្លាក់មកក្រោមហើយបានធ្វើកោសល្យវិច័យតាមលក្ខណៈបច្ចេកទេស។ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចរន្តខ្សែកាបអគ្គិសនីឆក់ស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា