រឿងព្រេង​÷ទាក់ទង​នឹង​ប្រវត្តិ​ព្រះ​កាំបិត​ស្ដាំ

ចែករំលែក៖

សូម​រៀប​រាប់​គោរព​តាម​បាន​ដឹង​ត​ៗ គ្នា​ជា​អង្វែង​ឆ្នាំ​ណាស់​មក​ហើយ​ក្នុង​កាល​ក៏​កន្លង​មក​ហើយ​នោះ តាម​បុរាណាចារ្យ​ថ្លែង​ត​គ្នា​មក​ថា ប្រហែល​ជា​ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​ទាវង្ស 2 អស្ចារ្យ ដែល​ទ្រង់​សោយ​រាជ្យ​សម្បត្តិ​នៅ​ទីក្រុង​អង្គរ (សៀម​រាប) ទ្រង់​ត្រាស់​ប្រើ​ឲ្យ​ជា​ស្មិត​ម្នាក់​យក​ដែក​ទម្ងន់​មួយ​ហាប ទៅ​ធ្វើ​ជា​ព្រះ​ខាន់​រាជ្យ​មួយ ។ ជាង​នោះ​ក៏​ទទួល​យក​ទៅ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា ។ លុះ​ធ្វើ​បាន​ស្រេច​បាច់​ហើយ ក៏​នាំ​គ្នា​ទៅ​ថ្វាយ​ព្រះ​រាជា ៗ ទ្រង់​ទត​យល់​ព្រះ​ខាន់​នោះ​តូច​មិន​ធន់​ល្មម​នឹង​ធ្វើ​អស់​ដែក​ដល់​ទៅ​មួយ​ហាប​សោះ ក៏​ទ្រង់​ក្រោធ​ចោទ​ប្រកាន់​ជាង​នោះ​ថា “យក​ដែក​អញ​ទាំង​ហាប​ទៅ​ធ្វើ ឥឡូវ​បាន​កាំបិត​ប៉ុន​ស្លាប​មាន់​មក​ឲ្យ​អញ, តើ​យក​ដែក​អញ​ទៅ​ធ្វើ​អ្វី​អស់​ទៅ ?” ។ ឮ​ព្រះ​រាជា​ទ្រង់​ខ្ញាល់ ជាង​ស្មិត​ភ័យ​ណាស់ ក៏​ប្រញាប់​ក្រាប​ថ្វាយ​បង្គំ​លា​ដើរ​ទា​ចេញ​ទៅ ដោយ​អូស​ព្រះ​ខាន់​នោះ​ដាក់​ខាង​មុខ​ចុះ​ក្រោម ។ លុះ​តា​ជាង​ចេញ​ផុត​បាត់​ទៅ ទើប​ឃើញ​អស្ចារ្យ គឺ​ផ្ទៃ​លាន​ព្រះ​រោង​នោះ​ដាច់​ចេញ​ពី​គ្នា បី​ដូច​គេ​កាត់​នំ​ចាហួយ ។

ព្រះ​ករុណា​ទ្រង់​យល់​ការ​អស្ចារ្យ​ដូច្នោះ ក៏​ប្រើ​អាមាត្យ​ឲ្យ​តាម​រក​ជាង​ស្មិត​វិញ តែ​តាម​មក​ទាន់ គ្រាន់​តែ​បាន​ដំណឹង​ថា “ព្រះ​ខាន់​នោះ​ជាង​ស្មិត​បាន​កាច់​បំបាក់​ជា​ពីរ ហើយ​បោះ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​សាប ត្រង់​កន្លែង​ប្រសព្វ​មុខ​ព្រែក ដែល​ហូរ​ចាក់​មក​ពី​ស្រុក​ជីក្រែង” ។

ព្រះ​រាជ​បម្រើ​នោះ​តាម​ទៅ​ទៀត​ក៏​បាន​ដឹង​ថា កាល​ជាង​ស្មិត​ចេញ​ផុត​អំពី​នោះ​ទៅ គាត់​បាន​ទៅ​ដល់​រោង​ជាង​ធ្វើ​ដែក​មួយ ក៏​ចូល​ទៅ​សុំ​ទឹក​គេ​ផឹក, គេ​ដង​ទឹក​មួយ​ផ្ដិល​មក​ឲ្យ គាត់​ថា​ផឹក​មិន​ឆ្អែត​ទេ ប្រើ​គេ​ឲ្យ​យក​ក្អម ឬ​ខ្វាង​មក​ដង​ទឹក​មក​ទៀត ទើប​ផឹក​ឆ្អែត ។ ជាង​ស្មិត​នោះ​ប្រាប់​ជាង​ដែក​ថា “កាល​ណា​តា​បាន​ផឹក​ទឹក​ឆ្អែត​ហើយ ចាំ​តា​ជួយ​ធ្វើ​កាំបិត​ពូថៅ​ឲ្យ” ។ ប៉ុន្តែ នៅ​កន្លែង​រោង​ជាង​នោះ ក្អម​ក៏​គ្មាន ខ្វាង​ក៏​គ្មាន តើ​បាន​អ្វី​យក​ទៅ​ដង​ទឹក​ជូន​គាត់ ។ ជាង​ស្មិត​ទារ​ដង្កាប់​មក​កាន់​ហើយ សួរ​ទៅ​ជាង​ដែក​ថា “មួយ​ថ្ងៃ​ពួក​ឯង​ធ្វើ​កាំបិត​ពូថៅ​បាន​ប៉ុន្មាន ?” ។ ជាង​ដែក​ឆ្លើយ​ថា “បាន​មួយ ឬ​ពីរ” ។ ជាង​ស្មិត​ក៏​បង្គាប់​ថា “ណ្ហើយ ! បើ​គ្មាន​អ្វី​ទេ ចូរ​យក​ផាល​នេះ ទៅ​ដង​ទឹក​ឲ្យ​ឆាប់​មក ចាំ​តា​ជួយ​ធ្វើ​ឲ្យ​បាន​ច្រើន ប៉ុន្តែ​មុន​នឹង​ទៅ​ដង​ទឹក ចូរ​ចៅ​ឯង​ជញ្ជូន​ដែក និង​ធ្យូង​ទាំង​ប៉ុន្មាន មក​ចាក់​ចូល​ក្នុង​ឡ​នេះ​ឲ្យ​អស់​សិន សឹម​ទៅ” ។ មេ​ជាង និង​កូន​ជាង ក៏​នាំ​គ្នា​ធ្វើ​តាម ហើយ​ចេះ​តែ​នឹក​ក្នុង​ចិត្ត​ថា “ជីដូន​ជីតា​ម៉ែ​ឪ​អាណា​ធ្វើ​ដែក​ដូច្នេះ ហើយ​អាច​យក​ផាល​ទៅ​ដង​ទឹក​ជាប់” ប៉ុន្តែ​ចិត្ត​តែ​នឹក​ដៃ​តែ​ធ្វើ ដោយ​គិត​ថា “ធ្វើ​តាម​គាត់​ប្រើ​ទៅ​ចុះ ស្រេច​ទៅ​លើ​គាត់” ។ ចំណែក​តា​ជាង​ស្មិត​នោះ ក៏​ប្រើ​កូន​ជាង​ឲ្យ​ខំ​សប់​ភ្លើង​ឆេះ​រន្ទាល​ឡើង ។ មិន​យូរ​ប៉ុន្មាន ដែក និង​ធ្យូង​ក៏​ឆេះ​រន្ទាល ។

ឯ​ជាង​ដែក​ដែល​ទៅ​ដង​ទឹក លុះ​មក​ដល់​កន្លែង​វិញ ដាក់​ផាល​ចុះ​ពី​លើ​ស្មា ឃើញ​ទឹក​នៅ​ជាប់​ពេញ​ផាល ក៏​នឹក​ស្ញែង ហើយ​ឆ្ងល់​ថា “យី ! ផាល​នេះ ម្ដង​នេះ​ក៏​ដក់​ទឹក​ជាប់ ដូច​គេ​ដង​ទឹក​ក្អម ឬ​ខ្វាង !” ។ តា​នោះ​ក៏​លើក​ទឹក​ផឹក​អស់​មួយ​ផាល ហើយ​ប្រាប់​ទៅ​ជាង​ដែក​ថា “តា​ធ្វើ​របស់​ឲ្យ​ចៅ​បាន​សព្វ​គ្រប់​ហើយ” រួច​ក៏​លា​ចេញ​ទៅ​មួយ​រំពេច ។ មេ​ជាង​នឹក​ឆ្ងល់​ថា “តា​នេះ គាត់​ធ្វើ​ដូច​ម្ដេច​ក៏​ថា​ហើយ​អស់​ភ្លាម” ក៏​សួរ​ទៅ​កូន​ជាង​ថា

– តា​នោះ​គាត់​ធ្វើ​ដូច​ម្ដេច​ខ្លះ អម្បាញ់មិញ​នេះ​ឯង មាន​មើល​គាត់​ទេ ? ។

– អត់​ឃើញ​គាត់​ធ្វើ​អ្វី​ទេ, ឃើញ​តែ​ប្រើ​ឲ្យ​ខំ​ប្រឹង​សប់​ភ្លើង​ឆេះ​ទ្រោល​ឡើង ដើម្បី​គាត់​នឹង​ធ្វើ​ឲ្យ​បាន​ឆាប់​បាន​ទឹក​មក​ផឹក ហើយ​គាត់​នឹង​អាល​ប្រញាប់​លា​ទៅ​ទៀត ។

ជាង​ដែក​ឮ​ដូច្នោះ មិន​ចេញ​ស្ដី​ទេ គ្រាន់​តែ​នឹក​តូច​ចិត្ត ហើយ​ប្រញាប់​យក​ដង្កាប់​ទៅ​កាយ​ដែក​ចេញ ក្រែង​ឆេះ​ខូច​អស់ ស្រាប់​តែ​វែក​ធ្យូង​នោះ​ឡើង ឃើញ​សុទ្ធ​តែ​ប្រដាប់​ប្រដាប់​ប្រើ​ប្រាស់​គ្រប់​យ៉ាង មាន​តាំង​ពី​កាំបិត, ពូថៅ, ពន្លាក រហូត​ដល់​រណា ដែល​ស្វាន ដែក​ខួង ។

ពួក​ជាង ឃើញ​អស្ចារ្យ​ដូច្នោះ ក៏​ជំនុំ​គ្នា​ថា “តា​ហ្នឹង ប្រហែល​ជា​ព្រះ​ពិស្ណុការ​ទេ​ដឹង ? បើ​ដូច្នេះ យើង​រត់​ទៅ​តាម​សួរ​គាត់​មើល តើ​ដើម្បី​នឹង​យក​ជ័រ​ម្រ័ក្សណ៍ គេ​ត្រូវ​ធ្វើ​ដូច​ម្ដេច ?” ។ ថា​ហើយ ក៏​នាំ​គ្នា​រត់​តាម​ទៅ ។ មួយ​សន្ទុះ​ក្រោយ​មក មើល​ទៅ​មុខ ឃើញ​គាត់​នោះ​ដើរ​លឹម​ៗ ក៏​ស្រែក​ហៅ​កាត់​ឲ្យ​ឈប់ តែ​គាត់​មិន​ព្រម​ឈប់​សោះ ទើប​ស្រែក​សួរ​ពី​ចម្ងាយ​ថា “តា​អើយ​តា ! យក​ម្រ័ក្សណ៍​តើ​គេ​ធ្វើ​ដូច​ម្ដេច​ខ្លះ ? អាណិត​ជួយ​ប្រាប់​ខ្ញុំ​ផង” ។ តា​នោះ​ស្រែក​ប្រាប់​មក​វិញ​ថា “ធ្វើ​ដូច​ខ្មាស​ម៉ែ​អា​ឯង​ទៅ បាន​ហើយ” ។ ឮ​ចម្លើយ​តែ​ប៉ុណ្ណឹង ក៏​បាត់​តា​នោះ​ទៅ រក​មើល​មិន​ឃើញ ។ ពួក​ជាង នាំ​គ្នា​ត្រឡប់​មក​ជំរំ​វិញ ហើយ​នាំ​គ្នា​ធ្វើ​ពិសោធន៍​តាម​ពាក្យ​គាត់​ថា ក៏​យក​ជ័រ​ម្រ័ក្សណ៍​បាន​មែន ទើប​ប្រាប់​ត​ៗ គ្នា​រហូត​មក ។

និយាយ​អំពី​ព្រះ​រាជ​បម្រើ ដែល​ស្ដេច​ប្រើ​ឲ្យ​តាម​រក​ជាង​ស្មិត​ព្រះ​ខាន

នោះ លុះ​ទៅ​តាម​រក​មិន​ឃើញ បាន​តែ​ដំណឹង​ដូច​ខាង​លើ ក៏​នាំ​យក​មក​ក្រាប​ទូល​ព្រះ​រាជា ៗ ក៏​ទ្រង់​ត្រាស់​ឲ្យ​មុជ​ទឹក​ទន្លេ​ត្រង់​កន្លែង​ដែល​បោះ​ព្រះ​ខាន់ ហើយ​ឲ្យ​រាវ​រក ឲ្យ​ខាង​តែ​ឃើញ ។ ពួក​នាម៉ឺន ក៏​កេណ្ឌ​បណ្ដា​រាស្ត្រ​ឲ្យ​ចុះ​រាវ​រក​តាម​ព្រះ​រាជ​បំណង ។ គ្រា​នោះ ពួក​អាណិកជន​ចិន ដែល​មក​នៅ​ក្នុង​ស្រុក​ខ្មែរ ក៏​ខំ​នាំ​គ្នា​ចុះ​មុជ​រាវ​រក​ដែរ ដើម្បី​បំពេញ​ព្រះ​ទ័យ​ព្រះ​មហា​ក្សត្រ ។ ពួក​អ្នក​ចុះ​រាវ​រក​នោះ មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​ច្រើន ដោយ​ប៉ះ​ពារ​ទៅ​លើ​មុខ​កាំបិត អ្នក​ខ្លះ​ដាច់​ដៃ-ជើង-ខ្លួន ។ ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ អង្គ​ទូត​ចិន ក៏​មក​ជំនុំ​គ្នា​នឹង​នាម៉ឺន​ខ្មែរ​ថា “រឿង​នេះ បើ​ចេះ​តែ​ប្រើ​មនុស្ស​ឲ្យ​ទៅ​ស្លាប់​បែប​នេះ​តទៅ​ទៀត ឃើញ​ថា​មិន​សម​ហេតុ​ផល​សោះ ដូច្នេះ សូម​ឲ្យ​ស្ដេច​ខ្មែរ​ធ្វើ​ពលិការ​បួង​សួង​ឡើង ឲ្យ​យក​កាំបិត​អស្ចារ្យ​នោះ​បាន កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​រាស្ត្រ​ប្រជា​តទៅ​ទៀត ។ ព្រះ​មហា​ក្សត្រ​ខ្មែរ ក៏​ទ្រង់​ព្រះ​បញ្ជា​ឲ្យ​រៀប​ធ្វើ​ពិធី​បួស​សួង ៧ យប់ ៧ ថ្ងៃ រួច​ទើប​ប្រើ​ឲ្យ​ចុះ​រាវ​រក​ម្ដង​ទៀត ។ ពួក​ខ្មែរ រើស​បាន​មួយ​កំណាត់​ខាង​ដង នៅ​ទិស​ខាង​ជើង ។ ឯ​ពួក​ចិន រើស​បាន​មួយ​កំណាត់​ខាង​ចុង​ផ្លែ នៅ​ទិស​ខាង​ត្បូង ទើប​សុំ​អនុញ្ញាត​ពី​ស្ដេច​ខ្មែរ ដើម្បី​យក​កាំបិត​នោះ​ទៅ​ថ្វាយ​ស្ដេច​ខ្លួន ទុក​ជា​អនុស្សាវរីយ៍ ។ ឯ​ព្រះ​មហា​ក្សត្រ​ខ្មែរ ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​ស្រោម​ដាក់ រួច​ដាក់​តម្កល់​លើ​ពាន​មាស​ទុក​ជា​ព្រះ​ខាន់​រាជ្យ ដោយ​តាំង​ឲ្យ​ហៅថា “ព្រះ​កាំបិត​ស្ដាំ ៣ ព្រោះ​រក​ឃើញ​នៅ​ខាង​ស្ដាំ ហើយ​ទ្រង់​ចាត់​ឲ្យ​មាន​អ្នក​ថែរក្សា​មើល​ការ​ខុស​ត្រូវ​រហូត​មក ។

ឯ​អ្នក​ថែរក្សា​នោះ ទ្រង់​ឲ្យ​រើស​យក​តែ​ហ្ម​ដំរី ដែល​ចេះ​ស្ទាត់​ខាង​ពិធី​រម្ងាប់​ចង្រៃ​ដំរី​ជាង​ហ្ម​ឯ​ទៀត ដូច​ជា​រម្ងាប់​ព្រឹត្តិ​ប្រកាំ​សម្រាប់​ប្រើ​ទាក់​ដំរី​ជាដើម ។ ហ្ម​នោះ មាន​ឈ្មោះ​ហៅថា “ហ្ម​ថាវ” (វចនានុក្រម​ខ្មែរ “ហ្ម​ចាស់​ទុំ ជា​គ្រូ ឬ​ជា​អធិបតី​អស់​ហ្ម​ដំរី​ក្នុង​ពួក ឬ​ក្រុម​មួយ”) មាន​គោរមងារ​ជា​ព្រះ​សិទ្ធិពរ, មាន​ហ្ម​ពីរ​នាក់​ទៀត គឺ ហ្ម​ស្ដាំ និង​ហ្ម​ឆ្វេង នៅ​អែប​នឹង​ហ្ម​ដំរី​នោះ ។ ហ្ម​ទាំង ៣ នាក់​នេះ ត្រូវ​មាន​ស័ក្ដិ​យស​ធំ​ជាង​ហ្ម​ទាំង​ពួង ថែម​ទាំង​ត្រូវ​ថែរក្សា​ព្រះ​កាំបិត​ស្ដាំ​ត​វង្ស​ត្រកូល​ផង គឺ​ថែរក្សា​ត​ពី​ឪពុក​ទៅ​កូន ដរាប​ទៅ ។

ដល់​មក​ក្នុង​រជ្ជកាល​ស្ដេច​គម្លង់ (ខ្លះ​ថា រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៧) មាន​ក្សត្រី​មួយ​អង្គ ជា​បុត្រី​តំណ​វង្ស​អំពី​មុន​មក មាន​រូប​ឆោម​លោម​ពណ៌​ល្អ​គួរ​ជាទី​គាប់​ចិត្ត ។ ស្ដេច​គម្លង់​នោះ ចង់​បាន​នាង តែ​នាង​មិន​ព្រម​ស្រឡាញ់ ហើយ​ភ័យ​ខ្លាច​ក្រែង​ស្ដេច​នោះ​ធ្វើ​ការ​មិន​គប្បី​មក​លើ​រូប​កាយ​នាង, នាង​ក៏​នាំ​បរិវារ​ចេញ​ចាក​ទី​កន្លែង ឆ្លង​ទន្លេ​សាប​មក​នៅ​ឯ​ស្រុក​ពោធិ៍សាត់ ។ នៅ​វេលា​ធ្វើ​ដំណើរ​មក​នោះ មាន​សេនាបតី​ម្នាក់​ជា​ចក្រី និង​លោក​គ្រូ​ចៅ​អធិការ​វត្ត​ក្រពុំ​រត្ន ព្រះ​នាម កែង ព្រម​ទាំង​បរិវារ​ដទៃ​ទៀត​ជា​ច្រើន ហែ​តាម​មក​ជា​មួយ​ផង ។

មក​ដល់​ភ្នំ​ទម្លាយ ក៏​នាំ​គ្នា​តម្រង់​ទៅ​ភ្នំ​ថ្ម​កែវ ។ មក​ដល់​លើ​ភ្នំ​នោះ ជា​កន្លែង​ដាច់​ស្រយាល ពិបាក​នឹង​រក​ទឹក​ផឹក​ណាស់ តែ​លោក​ចក្រី​នោះ​ឆ្លាត ក៏​ចាត់​ទាហាន​ឲ្យ​ដើរ​រក ឃើញ​អណ្ដូង​ទឹក​មួយ ក៏​ប្រើ​ឲ្យ​គ្រប​លាក់​កុំ​ឲ្យ​អ្នក​ណា​មាត់​ឲ្យ​សោះ អ្នក​បម្រើ​ដែល​ចេញ​ទៅ​តាម​បង្គាប់​ព្រះ​នាង ក៏​ត្រឡប់​មក​វិញ​ទទេ ។ ស្រេក​ខ្លាំង​ណាស់ ព្រះ​នាង​ក៏​បញ្ចេញ​វាចា​ថា “បើ​លោក​អ្នក​ណា​រក​ទឹក​ឲ្យ​ខ្ញុំ​ផឹក​បាន ខ្ញុំ​នឹង​ទទួល​យក​ធ្វើ​ប្ដី” ។ លោក​មន្ត្រី​ឮ​ដូច្នោះ មាន​សេចក្ដី​ត្រេក​អរ​ឥត​ឧបមា ដោយ​ត្រូវ​តាម​បំណង​ដែល​ខ្លួន​បាន​គិត​ទុក ក៏​ចេះ​តែ​ធ្វើ​ឫក​អល់អែក រេរា ចាត់​អ្នក​នេះ​ម្ដង អ្នក​នោះ​ម្ដង លុះ​តែ​នាង​ពោល​ពាក្យ​ដដែល​នោះ​គម្រប់ ៣ ដង យ៉ាង​ពេញ​វគ្គ​ទើប​មន្ត្រី​នោះ​នាំ​ពល​សេនា ចេញ​ទៅ​ដង​ទឹក​នោះ​មក​ថ្វាយ​ព្រះ​នាង ហើយ​ថ្លែង​រៀប​រាប់​អំពី​ការ​ដែល​ខ្លួន​ខំ​ខ្នះ​ខ្នែង​រក​ទឹក​មក​ថ្វាយ​ឲ្យ​ខាង​តែ​បាន ។ អណ្ដូង​ថ្ម​នោះ អ្នក​ស្រុក​សន្មត​ហៅថា “អណ្ដូង​ចក្រី” ជាប់​រហូត​មក ។ អណ្ដូង​នោះ ស្ថិត​នៅ​ពាក់​កណ្ដាល​ផ្លូវ ពី​ភូមិ​គំនម ទៅ​ភូមិ​ទំឡាយ ក្នុង​ឃុំ​ខ្សាំង ស្រុក​ភ្នំ​ក្រវាញ ។

តែ​តាម​រឿង​ដំណាល​ថា លោក​ចក្រី​នោះ ស្រឡាញ់​ក្សត្រី​នោះ​ពុំ​បាន​ទេ ព្រោះ​នាង​ដឹង​កល​ល្បិច​អាក្រក់ ក៏​កើត​សេចក្ដី​គំនុំ​គុំកួន ទើប​ជាប់​ជា​ភូមិ​មួយ​ឈ្មោះ​ថា “ភូមិ​គំនុំ” ហៅ​ក្លាយ​ៗ មក​ជា​ភូមិ “គំនម” វិញ ។ ឯ​ភូមិ​ទម្លាយ ដែល​ជាប់​មក​អំពី​ការ​ដើរ​កាត់​ព្រៃ ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង គឺ​ក្លាយ​ទៅ​ជា “ភូមិ​ទំឡាយ ” វិញ ។

ចំណែក​ឯ​ពួក​ហ្ម​ថាវ ដែល​ព្រះ​បិតា​ព្រះ​នាង​តែង​តាំង​ឡើង​នោះ ពុំ​បាន​ទៅ​តាម​ព្រះ​នាង​ទេ តែ​នាំ​គ្នា​ទៅ​អាស្រ័យ​នៅ​នឹង​ភូមិ​ផ្ទះ​ស្ដៅ ភូមិ​ត្រាញ​ពង្រូល ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ។

រាល់ … តែ​រវល់​ខែ​ពិសាខ ហ្ម​ថាវ​តែង​ប្រជុំ​ពួក​ហ្ម​ទាំងឡាយ មក​ធ្វើ​ពិធី​ហូត​ព្រះ​កាំបិត​ស្ដាំ ដើម្បី​មើល​ហេតុ​ភេទ​ក្នុង​នគរ ។

ឯ​ព្រះ​កាំបិត​ស្ដាំ​នោះ ដំណឹង​ថា គេ​ឥត​ទុក​នៅ​លើ​ផ្ទះ​ហ្ម​ថាវ​ទេ គេ​ធ្វើ ​អាស្រម​មួយ​នៅ​ទិស​បូព៌ ឬ​នៅ​ឦសាន​ផ្ទះ​ថ្ម​ថាវ តម្កល់​នៅ​ជាយ​ភូមិ ជា​មួយ​នឹង​របស់​ឯ​ទៀត​ជា​បរិវារ​មាន ត្រា ស្នែង​សម្រាប់​ផ្លុំ គឺ​ស្នែង​ធំ ១ គូ, ស្នែង​ក្របី​ជំទើរ ១ គូ, ស្នែង​ក្របី​ស្ទាវ ១ គូ និង​សំបក​ខ្យង​ហៀន ១ គូ, កាល​ណា​គេ​រៀប​គ្រឿង​ប្រដាប់​បូជា​ស្រេច​ហើយ ទើប​គេ​ទៅ​នាំ​ព្រះ​កាំបិត​ស្ដាំ​នោះ​មក​តម្កល់​ក្នុង​រោង​ពិធី៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print