មនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា ឥណ្ឌានិងចិនជាមហាអំណាចយោធានៅក្នុងតំបន់ មានពលរដ្ឋច្រើនជាងគេបង្អស់នៅលើពិភពលោក មានអាវុធទំនើបៗ មានគ្រប់បែកបរមាណូ… តើហេតុអ្វីពេលប៉ះទង្គិចគ្នានៅព្រំដែន បណ្តាលឲ្យទាហានទាំងសងខាង រាប់សិបនាក់ស្លាប់ តែមិនប្រើប្រាស់កាំភ្លើង១គ្រាប់ណាឡើយ តើហេតុអ្វី?
កម្លាំងទាហានប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅកម្ពស់ពីទឹកសមុទ្រដល់ទៅ៤.៣០០ម៉ែត្រ ជាតំបន់ដែលប្រទេសទាំងពីរបានប្រកាសថាជាដែនអធិបតេយ្យរបស់ខ្លួន។ កម្លាំងទាហានឥណ្ឌាបានរកឃើញអាវុធបុរាណដែលទាហានចិនប្រើប្រាស់ក្នុងពេលប៉ះទង្គិចគ្នា។
មូលហេតុដែលប្រទេសទាំងពីរមិនប្រើកាំភ្លើងបាញ់ប្រហារគ្នាគឺមកពីគោរពតាមកិច្ចព្រមព្រៀងទ្វេភាគី កាលពីឆ្នាំ១៩៩៦ ដែលបានកំណត់ថា ទាហានការពារព្រំដែនប្រទេសទាំងពីរមិនត្រូវប្រើកាំភ្លើងបាញ់ប្រហារគ្នាឡើយ។ ទាំងនោះហើយទើបទាហានប្រទេសទាំងពីរ បានវាយប្រហារគ្នាតាមបែបបុរាណ ប្រើក្បាច់គុន ដុំថ្ម ដំបង…ជាដើម។
ទាហានប្រទេសទាំងពីរប្រមាណ៦០០នាក់បានប្រយុទ្ធគ្នានៅពេលយប់ រយៈពេលជិត៦ម៉ោង ហើយទាហានភាគច្រើនស្លាប់គឺធ្លាក់ពីលើភ្នំចូលទៅតំបន់មានទឹកហូរខ្លាំង និងអាកាសធាតុត្រជាក់ក្រោមសូន្យអង្សាសេ៕