ខេត្តសៀមរាប៖ អ្នកទេសចរជាច្រើនដែលបានទៅកម្សាន្តរមណីយដ្ឋានភ្នំគូលែន ច្បាស់ជាមិនបានចាប់អារម្មណ៍ថា ក្រៅពីទស្សនាព្រះបដិមាមួយព្រះអង្គដ៏ធំ នៅលើកំពូលភ្នំនិងងូតទឹកឈូកម្សាន្តនោះ គឺនៅមានប្រាសាទដំរីក្រាប» ឬ «ប្រាសាទក្របីក្រាប»មួយទៀតនៅក្បែរនោះដែលគួរឲ្យទាក់ទាញផងដែរ។
«ប្រាសាទដំរីក្រាប» ឬ «ប្រាសាទក្របីក្រាប» ជាប្រាសាទមួយ ស្ថិតក្នុងដែនដីអតីតរាជធានីបុរាណមហិន្ទ្របពត៌លើខ្នងភ្នំគូលែន។ ប្រាសាទនេះមានទីតាំងនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាដោយនៅមិនឆ្ងាយពីស្រះដំរីនោះទេ។ ប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំនេះ បានឈរបង្អួតសម្រស់យ៉ាងស្រស់ត្រកាលលើខ្នងភ្នំគូលែន ដែលភ្ញៀវទេសចរមួយចំនួន មិនសូវទៅដល់។ ដើម្បីធ្វើដំណើរទៅដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវធ្វើដំណើរតាមម៉ូតូដែលដឹកដោយប្រជាសហគមន៍នៅលើខ្នងភ្នំគូលែន។
លោក លឹម វណ្ណច័ន្ទ បុរាណវិទូ បញ្ជាក់ថា៖ «ប្រាសាទដំរីក្រាប ត្រូវបានកសាងនៅចុងសតវត្សទី៨ ដើមសតវត្សទី៩ ដែលធ្វើអំពីឥដ្ឋ មានតួប៉មបីសង់លើខឿនថ្មបាយក្រៀម»។ បុរាណវិទូរូបនេះ បន្តថា ប្រាសាទដំរីក្រាប កសាងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
បើតាមស្លាកព័ត៌មាននៅទីតាំង «ប្រាសាទដំរីក្រាប» តួប៉មពីរនៅសងខាងតួប៉មកណ្ដាលបានរលំបាក់សល់ត្រឹមមេទ្វារ និងមួយទៀត តត្រឹមខឿន។ ចំណែកឯតួប៉មកណ្ដាលមានសភាពល្អច្រើន។ ចំណែកហោជាងធ្វើពីឥដ្ឋបាក់បែកផ្នែកខ្លះ និងមានបន្សល់ស្លាកស្នាមបិទបាយអរ។ នៅផ្នែកខ្លះ នៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។
សង្ឃឹមថា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានភ្នំគូលែនមិនរំលងប្រាសាទដំរីក្រាប» ឬ «ប្រាសាទក្របីក្រាប»នោះឡើយ៕
...