ចូលរួមភិរក្សសត្វព្រៃក្នុងរមណីយដ្ឋាន ចិញ្ចឹមសត្វជ្រូកព្រៃទុកឲ្យភ្ញៀវទេសចរទស្សនា

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមអភិរក្សសត្វព្រៃ ម្ចាស់រមណីយដ្ឋាន ម៉េម៉ូរីយ៉ាផាឡែស បានយកសត្វជ្រូកព្រៃមកចិញ្ចឹម សម្រាប់ទុកឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនានិងបានស្គាល់ប្រភេទសត្វជ្រូកព្រៃ ដែលជាសត្វកម្រជិតផុតពូជទៅហើយដែរ ។

លោក ឡុង ពុទ្ធិជាតិ ម្ចាស់រមណីយដ្ឋាន ម៉េម៉ូរីយ៉ាផាឡែសបានឲ្យដឹងថា កាលពីជាង៣ឆ្នាំមុន លោកបានទៅសុំកូនជ្រូកព្រៃ១គូ (មេ១ឈ្មោល១) ពីមិត្តម្នាក់រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង យកទៅចិញ្ចឹមនៅក្នុងបរិវេណរមណីយដ្ឋានរបស់លោក។ លុះក្រោយពីជ្រូកព្រៃទាំងនោះធំ ក៏បង្កើតបានកូនជាបន្តបន្ទាប់ បច្ចុប្បន្នគិតទាំងតូចទាំងធំមានជាង១០ក្បាល ដែលរក្សាទុកសម្រាប់ឲ្យតែភ្ញៀវចូលទៅទស្សនាគឺមិនលក់ដូរនោះទេ ។

លោកបញ្ជាក់ថា ការចិញ្ចឹមសត្វជ្រូកព្រៃមានភាពងាយស្រួល ព្រោះសត្វនេះមិនរើសចំណីទេ បាយក៏វាស៊ី ផ្លែឈើក៏ស៊ីស្មៅក៏ស៊ីដូចសត្វគោដែរ ដើមចេក ផ្លែពោត ដំឡូងមី និងរុក្ខជាតិផ្សេងៗជាច្រើនទៀត សត្វជ្រូកព្រៃស៊ីជាអាហារទាំងអស់ពោលគឺមិនរើសនោះទេ ។ សត្វនេះងាយស្រួលចិញ្ចឹមបំផុត អត់ដែលមានជំងឺមកបៀតបៀនឡើយ។ តាំងពីលោកយកមកចិញ្ចឹមដល់ឥឡូវ គឺពួកវាកើតកូនដោយខ្លួនឯង អត់ធ្លាប់ចាក់ថ្នាំព្យាបាលជំងឺ និងក៏មិនធ្លាប់ឃើញជ្រូកណាមួយកើតជំងឺងាប់នោះដែរ ។

ម្ចាស់រមណីយដ្ឋានរូបនេះបន្តថា ចំពោះមេជ្រូកព្រៃដែលដាក់ឈ្មោលរួច រហូតដល់រយ:ពេល៨ខែ ទើបអាចកើតកូនបានចន្លោះពី៨ក្បាលដល់ជាង១០ក្បាលឡើងនិងអាចលើសពីនេះក៏មានដែរ ប៉ុន្តែភាគច្រើនជ្រូកព្រៃមានកូន តែក្នុងរដូវវស្សាប៉ុណ្ណោះ ហើយគ្មានសត្វមូស ឬ ពស់ ក្អែប ខ្ទួយហ៊ានមកក្បែរសត្វជ្រូកទាំងនោះទេ ប្រហែលជាវាមានក្លិនពិសេសម្យ៉ាង ដែលធ្វើឱ្យសត្វល្អិតមិនហ៊ានចូលទៅក្បែរពួកវា ។ លោកថារហូតមកដល់ពេលនេះ ជ្រូកព្រៃឈ្មោលបានដុះចែទាំងគូ ហើយមានទម្ងន់ជាង១០០គីឡូក្រាមឯណោះ។

សូមជម្រាបថា រមណីយដ្ឋាន «ម៉េម៉ូរីយ៉ាផាឡែស» ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយម្ចាស់មរណីយដ្ឋាននេះ យកសត្វជ្រូកព្រៃមកចិញ្ចឹម ផ្តើមចេញពីកូនឈ្មោល១ក្បាលនិងជ្រូកញី១ក្បាល បច្ចុប្បន្នរមណីយដ្ឋាននេះ មានជ្រូកព្រៃជាង១០ក្បាល  ទុកឱ្យភ្ញៀវទេសចរទស្សនា បានស្គាល់ពីសត្វជ្រូកព្រៃ ហើយលោកក៏មានគម្រោងចិញ្ចឹមសត្វជ្រូកព្រៃនេះបន្ថែម និង សត្វព្រៃមួយចំនួនទៀត  ។  រមណីយដ្ឋានក៏មានបម្រើសេវា ជាម្ហូបអាហារ ផ្ទះសំណាក់ សាលប្រជុំធំ និងអាចស្នាក់នៅជារបៀបបោះតង់ក៏បានដែរ ។  ជាពិសេស មានបន្ទប់ទឹកសាធារណ: ដោយភ្ញៀវអាចដើរហាត់ប្រាណ យូហ្កា នៅជុំវិញក្នុងបរិវេណរមណីយដ្ឋាន និងក៏មានអាងហែលទឹកសម្រាប់ភ្ញៀវដែលស្នាក់នៅហែលលេងអត់គិតថ្លៃនោះ ទេ តែភ្ញៀវមកពីខាងក្រៅ គិតថ្លៃត្រឹមម្នាក់១២.០០០រៀលប៉ុណ្ណោះ៕ ហេង សុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print