ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ធ្លាប់ធ្វេីសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋហេីយគេចខ្លួនបាត់មួយរយៈមកនោះ ខណៈមកលួចម្តងទៀតត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ជូននគរបាល កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ពេជ្រ ចន្ទ្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដើមបណ្តឹងឈ្មោះ សុខ គឹមសង្គ្រោះ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមន្ត្រីយោធាស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា កន្លងមកផ្ទះជួលរបស់គាត់ឧស្សាហ៍មានចោរឆ្កឹះសោបន្ទប់ចូលលួចយកទ្រព្យសម្បត្តិញឹកញាប់ណាស់ទេីបគាត់បានដាក់កាមេរ៉ាសុវត្ថិភាព។
តាមរយៈកាមេរ៉ាសុវត្ថិភាពនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹកឃើញមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FX-9174មកធ្វើសកម្មភាពឆ្កឹះសោបន្ទប់របស់គាត់លួចយកទ្រព្យសម្បត្តិម្តងទៀតតែរូបគាត់ចាប់មិនបាន លុះដល់ថ្ងៃកើតហេតុស្រាប់តែឃើញជនសង្ស័យជិះម៉ូតូដែលមានភិនភាគខាងលើមកក្រវែលបម្រុងលួចទៀត។ដោយស្គាល់ភិនភាគច្បាស់គាត់ក៏ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ សុខាសែនជ័យ