ខេត្តស្ជ្ញាស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែងត្រៀមផែនការរួចរាល់ជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់រដូវស្សានេះ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលាកុំឲ្យមានការគ្រោះថ្នាក់ណាមួយកើតឡើយ។
រដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមទីទួលសុវត្ថិភាព ចំនួន ១២០ កន្លែង សម្រាប់ដាក់ប្រជាពលរដ្ឋ សម្ភារៈ និងសត្វពាហនៈ ផ្សេងៗទៀត ដែលរងគ្រោះដោយសារទឹកជំនន់ ។ ក្រៅពីនេះអាជ្ញាធរក៏បានគិតគូរផងដែរ ចំពោះទឹកស្អាតសម្រាប់ការប្រើប្រាស់ ផ្នែកសុខាភិបាលត្រៀមគ្រូពេទ្យសម្រាប់ជួយពួកគាត់ ពេលមានបញ្ហាសុខភាព ត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី ២៣ ខែ មិថុនា នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ម៉ែន គុង នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តស្ទឹងត្រែង បានរងគ្រោះដោយសារទឹកជំនន់ជាច្រើនលើក ដោយកត្តាធម្មជាតិ និងការបាក់ទំនប់វារីអគ្គិសនីពីប្រទេសឡាវ ជាដើម។ លោកបន្តថា បញ្ហាគ្រោះទឹកជំនន់នេះបានធ្វើឲ្យប៉ៈពាល់ ភាគច្រើនគឺប្រជាពលរដ្ឋ រស់នៅតាមជាប់មាត់ទន្លេ ដោយសារតែនៅតំបន់នោះបានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរកទទួលទាន ។
សំឡេង«មន្ទីរអង្គភាពនិមួយៗគាត់បានត្រៀមកម្លាំង មានមន្រ្តីជំនាញសង្រ្គោះ មន្រ្តីជំនាញប្រតិបត្តិការនិងស្រាវជ្រាវ មន្រ្តីជំនាញការការពារសន្តិសុខ នេះជាផែនការរួម ។ ឆ្នាំទៅយើងធ្វើការស្រង់ទិន្ន័យអំពីទីទួលសុវត្ថិភាពបើសិនយើងប្រើពាក្យទីទួលសុវត្ថិភាពនៅក្នុងបទដ្ឋាននៃការគ្រប់គ្រងគ្រោះមហន្តរាយ យើងអត់ទាន់មានទេនៅខេត្តស្ទឹងត្រែង ព្រោះថាបទដ្ឋានទីទួលសុវត្ថិភាពទីនោះត្រូវមានសុវត្ថិភាពកន្លែងស្នាក់នៅសមរម្យមានទាំង ទឹកស្អាត អគ្គិសនី ប្រព័ន្ធនៃការការពារសុខភាព សុវត្ថិភាពនៅទីនោះ ។ តែទីទួលសុវត្ថិភាពដែលខ្ញុំលើកឡើងនៅពេលនេះ គឺនៅក្នុងខេត្តស្ទឹងត្រែងនៅក្នុងផែនការថ្មីដែលយើងរៀបចំនេះ មានចំនួន១២០ទីទួលសុវត្ថិភាព ១២០ទីទួលសុវត្ថិភាពនេះគឺត្រៀមនៅគ្រប់ក្រុងស្រុកទាំង៦ »។
លោកបានរំលឹកឲ្យដឹងថា កាលពីឆ្នាំ២០១៩អាជ្ញាធរបានជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយផ្ទាល់និងដោយប្រយោលនៅក្នុងរដូវវស្សា ប្រមាណជាង៩ពាន់គ្រួសារ និងជម្លៀស គ្រួសាររងផលប៉ះពាល់ដោយផ្ទាល់ ចំនួនប្រមាណជាង៣ពាន់គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា នៅក្នុងខេត្តស្ទឹងត្រែង ក្នុងចំណោមឃុំសង្កាត់ទាំង៣៤ មាន២៨ឃុំ សង្កាត់ដែលអាចរងជាមួយគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំ ៕