អ្នកតានេះ ប្លែកអំពីអ្នកតាស្រុកឯទៀតៗ ។ អ្នកស្រុកហៅថា តាស្រីយាយបុស តាស្រីជាប្ដីយាយបុស អ្នកតានេះនៅក្នុងវត្តព្រែកឯង ឃុំព្រែកឯង ស្រុកកៀនស្វាយ ខែត្រកណ្ដាល ។ មានរឿងដំណាលថា ក្នុងរាជ្យនៃព្រះបាទអង្គច័ន្ទទ្រង់សោយរាជ្យរាជ្យនៅលង្វែក ស្រុកខ្មែរយើងកើតសង្គ្រាមធំពន្លឹកអស្ចារ្យច្បាំងនឹងពួកយួន ។ ពួកយួនបោះឡើងមកវាយស្រុកខ្មែរច្រើនជាអនេក ។ ខ្មែរតទល់នឹងយួនពុំបាន រត់ចូលពួនតែក្នុងព្រៃ ភ័យនឹងយួនធ្វើបាប ។ គ្រានោះ កើតកោលាហលកាប់សម្លាប់គ្នាទៅវិញទៅមក ពួកយួនធ្វើបាបខ្មែរ ដល់ថ្នាក់យកក្បាលខ្មែរ ធ្វើថ្មជើងក្រានដាំតែ បានជាមានពាក្យពាក្យទំនៀមជាប់មកថា “កំពប់តែអុងៗ” (សម័យនោះប្រហែលជាគ្រិស្តសករាជ ១៨០០) ។
ក្នុងខែភទ្របទ ជារដូវទឹកដំឡើងពេញទំហឹង ហូរធ្លាក់ពីស្រុកលើចុះមកទន្លេមេកុង មានដើមគគីរ ១ ដើមរសាត់មកទាំងឫស តាមដងទន្លេដែលហូរចុះទៅព្រៃនគរ ។ ដល់ត្រង់ព្រែកមួយហៅថា ព្រែកឯង ដែលបែកចេញពីទន្លេ ទឹកហូរចូលតាមមុខវត្តនាំទាំងឈើនោះទៅផង ហើយស្រាប់តែទៅជាប់ទើរនៅនឹងថ្កល់មុខវត្តនោះ ហាក់ដូចជាសុំនៅទីនោះតែម្ដង ។
យប់នោះ លោកគ្រូចៅអធិការ យល់សុបិនឃើញស្រីម្នាក់មកប្រាប់ថា “ខ្ញុំករុណាជិះទូកមកពីស្រុកលាវ ឥឡូវនេះមកចតទូកនៅមុខវត្ត សូមលោកគ្រូមេត្តាសង្គ្រោះ ឲ្យខ្ញុំករុណានៅនឹងវត្តនេះផង” ។ លុះភ្ញាក់ដឹងខ្លួនឡើង លោកគ្រូកើតសេចក្ដីពិភាល់ក្នុងព្រះហឫទ័យក្រៃពេក នឹកពិចារណារកហេតុថា សុបិននិម្មិតនេះប្លែកអស្ចារ្យ តាំងពីអាត្មាអញបួសមកនៅទីនេះ ពុំធ្លាប់ដែលឃើញសុបិននិម្មិតអ្វីចម្លែកបែបនេះម្ដងណាសោះ ។ លោកគ្រូត្រិះរិះរកហេតុ តាំងពីភ្ញាក់ដឹងខ្លួនឡើងដរាបទល់ភ្លឺ ទើបនិមន្តទៅមុខវត្ត ឃើញដើមឈើ ១ ដើមទើរជាប់នៅនឹងដើមបបុសនៅមុខវត្តមែន ។ លោកក៏ប្រើក្មេងឲ្យចុះទៅមើល ឃើញដុំថ្មមួយដុំជាប់នៅនឹងឫសគគីរ ក្មេងឃើញហើយ ស្រែកពិតលោកគ្រូថា “ទានប្រោសមានដុំថ្មមួយដុំ ជាប់នៅនឹងឫសឈើ!” ។ លុះលោកគ្រូឃើញដុំថ្មពិតដូច្នោះ ទើបនិមន្តត្រឡប់មកកុដិវិញ ប្រើក្មេងឲ្យវាយស្គរ ដើម្បីឲ្យដំណឹងដល់ពួកឧបាសកជើងវត្ត ។ ពួកឧបាសក កាលបើឮសូរស្គរក៏មានសេចក្ដីសង្ស័យ នាំគ្នាប្រញាប់ប្រញាល់មកកាន់ទីវត្តទាំងព្រឹកព្រហាម ។ លោកគ្រូដំណាលរឿងសុបិនប្រាប់ពួកឧបាសក តាមដែលលោកបានឃើញនោះសព្វគ្រប់ ។ ពួកឧបាសកមានសេចក្ដីត្រេកអរ ព្រមព្រៀងគ្នា អ្នកខ្លះរកឈើ អ្នកខ្លះរកពូថៅ រណារ ចាប់ធ្វើខ្ទមមួយទំហំបណ្ដោយ ១ម.កន្លះ ទទឹង ១ម. ដោយគ្រឿងឈើប្រក់ស្លឹកហើយស្រេចក្នុងថ្ងៃនោះ នៅក្រោមដើមឈើទាលនាទិសអាគ្នេយ៍ព្រះវិហារ (ខ្ទមនោះសព្វថ្ងៃក្លាយទៅជាកូនផ្ទះឈើប្រក់ក្បឿង) ។ លោកគ្រូចាត់មនុស្សឲ្យចុះទៅក្នុងព្រែកនឹងសែងយកដុំថ្មនោះឡើងមក ។ អ្នកចុះទៅយកដុំថ្មនោះ ស្រែកថា “យកមិនរួចទេ ឲ្យចុះមកគ្នាច្រើនទើបយករួច” លោកគ្រូប្រើមនុស្សតាំងពី ៥ នាក់រហូតដល់ ៥០ នាក់ ក៏នៅតែមិនរួច សូម្បីតែកម្រើកបន្តិចក៏មិនកម្រើកផង ។ លោកគ្រូនិងពួកឧបាសក ពិគ្រោះគ្នាទៅឃើញថា “គួរឲ្យឆ្ងល់ណាស់ ក្រែងមានបីទាស់ហេតុអ្វី?” ទើបយកទៀនធូបអុជបួងសួងអញ្ជើញដុំថ្មនោះឡើងមក ក៏នៅតែមិនរួចទៀត អស់មួយថ្ងៃក៏នាំគ្នាទៅផ្ទះរៀងៗខ្លួន ។
ក្នុងយប់នោះ ស្រាប់តែពន្យល់សប្ដិលោកគ្រូម្ដងទៀតថា “សូមលោកគ្រូកុំប្រើមនុស្សប្រុសៗ ឲ្យទៅយកខ្ញុំករុណា ខ្ញុំករុណាអៀនណាស់ មិនព្រមឡើងមកទេ សូមប្រើតែមនុស្សស្រីៗទៅយកវិញ ទើបខ្ញុំករុណាព្រម” ។ លុះព្រឹកឡើងលោកគ្រូប្រើក្មេង ឲ្យវាយស្គរភ្ជុំពួកឧបាសក-សិកាម្ដងទៀត ហើយលោកតំណាលរឿងដែលលោកឃើញហេតុជាគម្រប់ពីរដង ប្រាប់សព្វគ្រប់ ទើបប្រើមនុស្សស្រីៗចំនួន ៥នាក់ ឲ្យចុះទៅយកដុំថ្មនោះ ។ លុះពួកស្រីៗលូកដៃទៅស្ទាបភ្លាម ថ្មនោះហាក់ដូចជាអណ្ដែតតាមដៃមក លើកឡើងដល់លើសែងយកទៅដាក់លើខ្ទមដោយស្រួល ។
លោកគ្រូចៅអធិការអង្គនោះ ប្រាប់ពួកឧបាសក-សិកាជើងវត្ត ឲ្យធ្វើបុណ្យមួយតាមទំនៀម គឺធ្វើបុណ្យឡើងអ្នកតា នៅពេលដែលយកថ្មពីក្នុងទឹកឡើងមកដាក់ក្នុងខ្ទម ។ បុណ្យនោះអធិកអធមណាស់ មានការជួបជុំពុទ្ធបរិស័ទជើងវត្តនិងជើងវត្តជិតខាងទៀត មូលមកបួងសួងអំពាវនាវសុំឲ្យបានសេចក្ដីសប្បាយក្នុងស្រុកភូមិ សុំឲ្យឈ្នះអស់មារសត្រូវ កុំឲ្យហ៊ានចូលមកយាយីឡើយ ហើយសុំឲ្យស្រុកភូមិប្រកបរបររកស៊ីឲ្យបានផលសមតាមបំណង ។ រួចលោកអង្គនោះ សន្មតឈ្មោះប្រាប់ឲ្យអ្នកផងរាល់គ្នាស្គាល់ថា អ្នកតានេះឈ្មោះ “យាយបុស” ព្រោះរសាត់មកទើរជាប់នឹងដើមបបុស ទើបបានដាក់ជាប់ឈ្មោះ
ដរាបមកដល់សព្វថ្ងៃនេះ ។
តង្វាយ: យាយបុសទទួលតង្វាយខុសអំពីអ្នកតាឯទៀតៗ ដែលមាននៅក្នុងស្រុកខ្មែរ ហើយដែលគួរឲ្យគេសម្គាល់បានថា យាយបុសមិនមែនជាតិខ្មែរទេ ពិតជាជាតិលាវ ព្រោះស្រុកលាវទាំងមូលគេនិយមប្រើបាយដំណើបនិងប្រហុកសម្រាប់ទទួលទានធម្មតា ។ ឯយាយបុសធ្វើឲ្យមនុស្សឈឺ ច្រើនតែធ្វើមនុស្សប្រុសៗដែលចូលវត្ត ហើយនិយាយពាក្យមិនសមគួរ ជាពាក្យអាសគ្រាម គឺធ្វើឲ្យគ្រុនក្ដៅសន្លប់បាត់មាត់ បាត់ករភ័យផ្អែមមិនខាន ។ កាលបើគេដឹងថាយាយបុសធ្វើហើយ គេអុជទៀនធូបនិយាយបន់ស្រន់ថា “បើយាយបុសធ្វើមែន ត្រូវឲ្យជាទៅចុះ យើងថ្វាយបាយដំណើបនិងប្រហុកអាំង” ។ គ្រាន់តែនិយាយបន់ពីផ្ទះមក ជំងឺនោះនឹងបានគ្រាន់ធូរស្រាលមួយរំពេច ។
តាស្រី អ្នកតា តាស្រីនេះមិនមានរឿងទាក់ទងអំពីបូរាណមកទេ គឺកើតដោយស្នាដៃលោកតាមួយអង្គដែលចាស់ហើយទៅបួស គឺថា លោកមានប្រពន្ធកូនរួចហើយទើបរត់ទៅបួស ហើយដែលតាំងពីដើមមកលោកអង្គនេះធ្លាប់ជាអ្នកលេងកំប្លែងច្រើនផង មាននាមនិងគោត្តមិនប្រាកដផង អ្នកស្រុកសន្មតហៅថា “លោកតាខាងត្បូងៗ” សមនឹងហេតុដែលលោកសង់តូបនៅខាងត្បូងព្រះវិហារ ។ លោកនេះគិតថាយាយបុសគាត់នៅតែម្នាក់ឯង ហើយមកពីស្រុកឆ្ងាយផង កាលនៅស្រុកគាត់ធ្លាប់មានប្ដី? ឥឡូវនេះ មកនៅម្នាក់ឯងដូច្នេះពុំសមទេ” ។ លោកគិតហើយ ក៏តាំងធ្វើខ្ទមមួយ ពីខាងត្បូងប្របខ្ទមយាយបុស រួចប្រើក្មេងឲ្យទៅបារដីឥដ្ឋយកមកសូនធ្វើជារូបអ្នកតាមួយឲ្យឈ្មោះថា “តាស្រីៗ” រួចក៏ធ្វើឧបកិច្ចថា “តាស្រី! តាឯងស្រឡាញ់យាយបុសទេ?” ឲ្យម្នាក់ឆ្លើយថា “ស្រឡាញ់” រួចសួរយាយបុសថា “យាយបុសៗស្រឡាញ់តាស្រីទេ?” ឆ្លើយថា “ស្រឡាញ់” លោកតាសួរយកចម្លើយតាស្រីនិងយាយបុស ដឹងថាព្រមព្រៀងគ្នាហើយ ក៏និយាយបន្ថែមទៀតថា “នែតាស្រីយាយបុស អាត្មាផ្សំផ្គុំទាំងពីរនាក់ឲ្យជាប្ដីប្រពន្ធនឹងគ្នាណា៎ គ្រាន់នឹងបានជាគ្នាពីរនាក់កុំឲ្យអផ្សុក ចូររក្សាកុំឈ្លោះគ្នា ចាស់ៗហើយ” តែប៉ុណ្ណោះទុកជាការស្រេច ។
ដំណាលអំពីតាស្រី ចាប់តាំងពីថ្ងៃដែលលោកតាអង្គនោះបានសន្មតតាំងឲ្យជាអ្នកតារួចហើយ ក៏មានឫទ្ធិអំណាចកាច់ធ្វើគេធ្វើឯង ហាក់ដូចជាស្ដាប់បាន និយាយគ្នាបាន ។ កាលបើមានមនុស្សអុំទូកចេញចូលតាមព្រែកមុខវត្ត (គឺមុខខ្ទមអ្នកតាតាស្រី) ឲ្យតែមានលេងសើចផ្ដេសផ្ដាសមិនគប្បី តាស្រីធ្វើឲ្យចុកពោះមួយរំពេច ។
តង្វាយ: តាស្រីត្រូវការតែចេកនួន ១ស្និត ។ កាលបើមានជំងឺឈឺចុកពោះ អ្នកស្រុកគេយល់ថា: អ្នកតាធ្វើ ត្រូវអុជទៀនធូបនិយាយបន់ពីផ្ទះថា”ឲ្យតែលោកតាជួយឲ្យជាទៅចុះ ខ្ញុំនឹងយកចេកនួនទៅថ្វាយ” ជួនកាលគ្រាន់តែនិយាយអំពីចម្ងាយ ជំងឺនោះបានធូរទាន់មាត់ភ្លាម ។
សព្វថ្ងៃនេះ តាស្រីនិងយាយបុស ហាក់ដូចជារកស៊ីចូលហ៊ុនគ្នា បើតាស្រីធ្វើឲ្យគេឈឺចុកពោះ អ្នកស្រុកយកចេកទៅថ្វាយតាស្រី តោងថ្វាយបាយដំណើបនិងប្រហុក ដល់យាយបុសផង ។ បើយាយធ្វើឲ្យគេឈឺគ្រុនក្ដៅ គេយកបាយដំណើប និងប្រហុកទៅថ្វាយយាយបុស ត្រូវយកចេកនួនទៅថ្វាយតាស្រីផង ទើបជំងឺនោះបានជាដាច់ស្រឡះ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)