ហេតុអ្វីបានជាប្រទេសកម្ពុជាយកសត្វនាគធ្វើជានិមិត្តសញ្ញា របស់ប្រទេស?

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមការសិក្សាបុរាណវិទ្យាប្រវត្តិសាស្ត្រប្រវត្តិសិល្បៈខ្មែរបាននិយាយពន្យល់អំពីចម្លាក់នាគរបស់ខ្មែរដែលបានទទួល ឥទ្ធិពលសិល្បៈឥណ្ឌា គ្រាន់តែខ្មែរយកមកកែច្នៃកែលម្អរ ដល់ចម្លាក់នាគឱ្យមានគ្រឿងអលង្ការដែលខុសពីសិល្បៈនាគសិល្បៈឥណ្ឌា។សត្វនាគជាប្រភេទស្តេចពស់ដែលមាននៅក្នុងទេវកថាហើយមានតម្លៃនិមិត្តរូបជាច្រើន៖

•ចម្លាក់នាគមានតម្លៃនិមិត្តតំណាងឱ្យភាពអមតៈគឺអ្វីៗទាំង អស់រលាយសាបសូន្យនៅសល់តែ១គត់ដែលគេឱ្យឈ្មោះថា”សេសៈឬអនន្តៈ”ជានាគរាជមានកំណើតនៅទេវលោកមានក្បាល១ពាន់ដែលជាយានជំនិះរបស់ព្រះវិស្ណុផ្ទុំរងចាំបង្កើតលោកជាថ្មី។

•នាគតំណាងឱ្យបុព្វការីរបស់ប្រជាជនខ្មែរដែលខ្មែរតែងហៅឈ្មោះថា”ព្រះនាងលីវយីឬនាងនាគទាវតី” ព្រមទាំងជាស្តេចបង្កើតរាជាណាចក្រខ្មែរដំបូងឈ្មោះថា”រាជាណាចក្រភ្នំ”ដែលស្ថិតនៅតំបន់គោកធ្លកនៅខេត្តតាកែវ។

•នាគតំណាងឱ្យទឹកភ្លៀងជាយានជំនិះរបស់ព្រះភិរុណ។ការគោរពលោកនាគប្រៀបបាននិងការគោរពសុំទឹកភ្លៀង។
នាគរាជនៅក្នុងសិល្បៈខ្មែរឆ្លាក់មានក្បាល់១,៣,៥,៧និង៩ ហើយសុទ្ធតែមាននិមិត្តរូបផ្សេងពីគ្នា៖

១/នាគក្បាល១នៅក្នុងតម្លៃព្រហ្មញ្ញសាសនា តំណាងឱ្យភាពអមតៈជោគជ័យសិរីមង្គល។ នៅក្នុងសិល្បៈ នាគក្បាល១ជានិមិត្តរូបចំនួនសេសតំណាងឱ្យក្បាលទាំង១០០០របស់នាគសេសៈឬវាសុគី។

២/នាគក្បាល៣ តំណាងឱ្យលទ្ធិត្រីមូល៌តិ ក្បាលកណ្តាលតំណាងឱ្យព្រះសីវៈ ក្បាលខាងឆ្វេងតំណាងឱ្យព្រះវិស្ណុ និងក្បាលខាងស្តាំតំណាងព្រះព្រហ្ម។នាគក្បាល៣នេះក៏តំណាងឋានទាំង៣គឺឋានទេវៈ ឋានមនុស្ស និងឋានបាតដាលលោក។ហើយក៏តំណាងឱ្យអំណាចធំៗទាំង៣គឺអំណាចគ្រប់គ្រងលោក អំណាចការពារថែរក្សាលោក និងអំណាចព្រហ្មចារីយ៍លោក។

៣/នាគក្បាល៥តំណាងឱ្យ៖ តំណាងឱ្យអំណាចធំៗទាំង៥គឺអំណាចបង្កើតលោក អំណាចគ្រប់គ្រងលោក អំណាចការពារថែរក្សាលោក អំណាចរំលាយលោកនិងអំណាចនៃភាពបរិសុទ្ធរបស់លោក។ នាគក្បាល៥នេះក៏តំណាងឱ្យឋានទាំង៥៖ ឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ឋានយក្ស និងឋានមហារាជ។

៤/នាគក្បាល៧តំណាងឱ្យនិមិត្តរូប៤គឺ៖
-និមិត្តរូបឋានសួគ៌ទាំង៧ជាន់មានៈ១,ត្រៃត្រឹង្គ ២,ចតុមហារាជកា ៣,យាមា ៤,តុសិតា ៥,និម្មិតនរតី ៦,បរនិម្មិតសវតី និង៧,កៃលាស។ (ចំណាំកៃលាសខ្ពស់ជាងគេ)។
-និមិត្តរូបមហាសមុទ្ទទាំង៧ដែលព័ទ្ធជុំវិញទេវលោក មានៈ១.មហាសមុទ្ទសុទស្សន៍មានពណ៌ស ២.មហាសុទ្ទក៌វឹកមានពណ៌ខៀវ ៣.មហាសមុទ្ទឥសិន្ធរៈមានពណ៌លឿង ៤.មហាសមុទ្ទយុគន្ធរៈមានពណ៌ក្រហម ៥.មហាសមុទ្ទនេមិន្ធរៈមានពណ៌បៃតង ៦.មហាសមុទ្ទវិនត័កមានពណ៌ស្វាយ និង៧.មហសមុទ្ទអស្សកណ្ណមានពណ៌ស៊ីជម្ពូ ដោយមហាសមុទ្ទទាំងនេះបានផ្តុំគ្នាបង្កើតបានជាមហាសមុទ្ទមួយឈ្មោះមហាសមុទ្ទសីទន្តរសត្តបរិភណ្ឌ។
-និមិត្តរូបចក្រវាឡដែលមានរូបទាំង៧គឺព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ និងព្រះសៅរ៍។
-និមិត្តរូបទន្លេសួគ៌ទាំង៧មានៈទន្លេគង្គា ទន្លេយមុនៈ ទន្លេសរស្វតី ទន្លេនរមទ ទន្លេក្ហ្សីប្រា(ព្រះគ្ឬស្ណៈ) ទន្លេគោទវរី និងទន្លេកាវេគី។

៥/នាគក្បាល៩មាននិមិត្តរូបតំណាងឱ្យចក្រវាឡទាំង៩ ចក្រវាឡមានរូប៧ និងចក្រវាឡឥតរូប២។មានព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ កេតុ និងរាហូ(វាប្រហែលទៅនិងភព២មានអ៊ុយរានុ និងណិបទូនដែរ)។ ទ្រឹស្តីចក្រវាឡនេះមានតាំងពី ៧០០០ឆ្នាំមុនគ.ស ទៀត។ ព្រមទាំងតំណាងឱ្យអំណាចអមតៈ ទាំង៩ប្រការមាន៖
-អំណាចព្យុះផ្គរន្ទះ(ទិសខាងកើត)
-អំណាចភ្លើង(ទិសអាគ្នេយ៍)
-អំណាចមរណៈនិងច្បាប់(ទិសខាងត្បូង)
-អំណាចខ្មោចនិងព្រាយបិសាច(ទិសនិរតី)
– អំណាចទឹកភ្លៀង(ទិសខាងលិច)
– អំណាចខ្យល់(ទិសពាយ័ព្យ)
– អំណាចទ្រព្យសម្បត្តិនិងសោភ័ណ្ឌភាព(ទិសខាងជើង)
-អំណាចរំលាយលោកដោយជីវិតរបស់ពិភពលោក ស្មើនិង១ថ្ងៃ១យប់របស់ព្រះព្រហ្មនៅពេលដែលលោក (ផែនដី)ប្រាកចាកភាពបរិសុទ្ធលោកត្រូវរំលាយមុនកំណត់ (ទិសឦសាន )
-និងអំណាចគ្រប់គ្រងលោកនិងអំណាចព្រហ្មចារីយ៍លោក (ទិសកណ្តាល)។

នៅក្នុងប្រវត្តិសិល្បៈរបស់ខ្មែរមានចម្លាក់នាគក្បាលគត់ ដែលតំណាងឱ្យភាពបរាជ័យ និងស្លាប់តៃហោងមិនអាចរកភពកំណើតបាន។គេច្រើនឃើញចម្លាក់នេះមាននាគក្បាល៦និង៨ ត្រង់វគ្គព្រះគ្ឫស្ណៈហែកក្បាលនាគកាល្យៈក្នុងរឿងមហាភារតយុទ្ធ។

#ឯកសារយោង : ទេវកថា ចាន់ភក្កី

#អត្ថបទនិងកែសម្រួលដោយ : ភត់ សារ៉ុប- Phot Sarob

ប្រភព៖ អក្សរសាស្រ្តខ្មែរ – Khmer literature

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print