ភ្នំពេញ ៖ សម្រាប់សំណួរថា តេីបុគ្គលដែលមាន វិជ្ជមានវីរុសកូវីដ-១៩ មានការឆ្លងវីរុសនេះនៅកន្លែងណា? ខ្ញុំសូមជម្រាបជូនថា យេីងមិនអាចដឹងបានទេ ដោយសារយេីងក៏មិនដឹងដែរថា វីរុសកូវីដ-១៩ នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ ហេីយក៏មិនអាចដឹងបានថា តេីបុគ្គលនេះ គាត់បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះដែរ? សូម្បីតែបុគ្គលផ្ទាល់ ក៏គាត់ប្រហែលជាមិនបានដឹងខ្លួនផង។ តែអ្វីដែលយេីងដឹងនោះ គឺបណ្តាលមកពីកង្វះខាតក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វេីដំណេីរពីកន្លែងមួយទៅកន្លែងមួយដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន។
ដូច្នេះហេីយ បានជាខ្ញុំសូមធ្វេីការអំពាវនាវហេីយអំពាវនាវទៀត ដល់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ ឲ្យចេះការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់របស់ខ្លួនឲ្យស្របតាម “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ។ ខ្ញុំធ្លាប់បានពន្យល់ហេីយថា ការធ្វេីតេស្តឃេីញអវិជ្ជមាន មិនមែនមានន័យថាយេីងអត់មានវីរុសនេះរហូតនោះទេ។ អវិជ្ជមានពេលម៉ោងដែលធ្វេីតេស្ត តែចប់ពីពេលធ្វេីតេស្តទៅ គឺអាចឆ្លងចូលខ្លួនបុគ្គល នៅគ្រប់ពេលវេលា គ្រប់កាលទេស: និងគ្រប់ទីកន្លែង ប្រសិនបេីភ្លេចខ្លួន ឫមិនបានការពារខ្លួនទេនោះ។
ម្យ៉ាងទៀត ភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នេះ គឺយេីងមិនត្រូវមេីលរំលងទេ ដោយវីរុសកូវីដ-១៩ នេះ វ៉ៃលុកផ្លូវដង្ហេីមសាហាវណាស់ ធ្វេីឲ្យមនុស្សពិបាកដកដង្ហេីមណាស់ រហូតដល់ ត្រដរខ្យល់ដោយខ្វះអុកស៊ីហ្សែន ដែលក្រុមគ្រូពេទ្យក៏ពិបាកនឹងជួយសង្គ្រោះឲ្យផុតពីសេចក្តីស្លាប់។ ជ្រោះមរណ:ដោយសារជំងឺកូវីដ-១៩ ស្ថិតនៅក្នុងស្ថានភាពគួរឲ្យមានការព្រួយបារម្ភណាស់នៅលេីសាកលលោក នៅក្នុងតំបន់ នៅតាមបណ្តាប្រទេស នៅតាមសហគមន៍ និងសម្រាប់បុគ្គល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយេីង ជាពិសេសបុគ្គលគ្រប់រូប ត្រូវតែខិតខំបន្តកិច្ចការពារខ្លួនពីការចម្លងវីរុសដ៏កាចសាហាវនេះ ដេីម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន គ្មានការចម្លងវីរុសកូវីដ-១៩ ។
សូមអនុវត្តន៍ការរស់នៅធម្មតា តាមបែបគន្លងថ្មី ជាមួយនឹងការអនុវត្តន៍កិច្ចការពារខ្លួនជាប់ជាប្រចាំ ដេីម្បីចៀសផុតពីជ្រោះមរណ: ដោយសារភាពធ្ងន់ធ្ងរនៃជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។ សូមអរគុណជាអនេកនូវរាល់ការចូលរួមទាំងអស់ ដេីម្បីទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា។
អត្ថបទសរសេរដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។