ក្រុមអធិរាជស Real Madrid ទទួលបាន៣ពិន្ទុឡើងឈរកំពូលតារាង La Liga បន្ទាប់ពីបានយកឈ្នះក្រុមបាតតារាង Espanyol ។ ខ្សែបម្រើ Casemiro បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់នៅនាទីទី៤៥ ធ្វើឲ្យលទ្ធផលឈ្នះក្រុមម្ចាស់ផ្ទះ១ទល់០។
សម្រាប់ការប្រកួតសប្តាហ៍ទី៣២របស់លីកកំពូលអេស្ប៉ាញកាលពីរាត្រីម្សិលមិញក្រុមអធិរាជស Real Madrid បានគ្រប់គ្រងបាល់ជាង៦០ភាគរយទៅលើក្រុមម្ចាស់ផ្ទះ Espanyol ដើម្បីព្យាយាមរកគ្រាប់បាល់ ប៉ុន្តែបានត្រឹមស៊ុតចូល១គ្រាប់ប៉ុណ្ណោះនៅតង់ទី១។
ជ័យជម្នះនេះធ្វើឲ្យក្រុម Real Madrid ឡើងឈរកំពូលតារាងឈ្នះក្រុមលេខ២ Barcelona ២ពិន្ទុ ដោយReal Madrid មាន៧១ពិន្ទុ ចំណែក Barcelona មាន៦៩។ ដោយឡែកក្រុមឈរចំណាត់ថ្នាក់លេខ៣ Atletico Madrid ដែលបានឈ្នះគូប្រកួតកាលពីថ្ងៃសៅរ៍ដែរ។
សូមបញ្ជាក់ថា សម្រាប់ក្រុម Real Madrid ធ្វើបានកំណត់ត្រាល្អដោយ៥ប្រកួតចុងក្រោយឈ្នះទាំង៥ប្រកួត បន្តឈរកំពូលតារាង និងព្យាយាមក្នុងការដណ្តើមជើងឯករដូវកាលនេះ។ នៅថ្ងៃទី៣ ខែកក្កដា ខាងមុខក្រុម Real Madrid នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Getafe ដោយសង្ឃឹមថា នឹងទទួលបាន៣ពិន្ទុបន្ថែមទៀត ៕