ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួបជាមួយក្រុមតោខៀវ Chelsea ហើយក្រុម Arsenal នឹងប្រកួតជាមួយក្រុមម្ចាស់ជើងឯក Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទ ទី២៩ មិថុនានេះ។
ការចាប់ឆ្នោតនេះបង្ហាញពីក្រុមដែលទទួលបានជ័យជម្នះចំនួន៤ក្រុមក្នុងចំណោមក្រុមទាំង៤ដែលសុទ្ធតែជាក្រុមខ្លាំង។ កាលពីប្រកួតកាលពីយប់មិញក្រុមកាំភ្លើងធំបានយកឈ្នះក្រុម Sheffield United ក្នុងលទ្ធផល២ទល់១ ខណៈដែលក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Leicester ក្នុងលទ្ធផល១ទល់០។ ចំណែកក្រុមអតីតម្ចាស់ជើងឯក Manchester City បានយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល២ទល់០។
គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០២ខាងមុខ ខណៈដែលវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើនៅថ្ងៃសៅរ៍ទី១ ខែសីហា ឆ្នាំ២០២០។ សម្រាប់ពានរង្វាន់ FA Cup នេះក្រុមកាំភ្លើងធំ Arsenal ឈ្នះពាននេះច្រើនជាងគេរហូតដល់១៣ដង និងបិសាចក្រហម Manchester United ធ្លាប់ឈ្នះ១២ដង។ ដោយឡែកក្រុមតោខៀវ Chelsea ធ្លាប់ឈ្នះ៨ដង និងក្រុមមេឃខៀវ Manchester City ធ្លាប់ឈ្នះ៦ដង៕