ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីធ្វើអត្តឃាតដោយអារ.កដែលបង្កឡើងដោយជនជាតិចិនម្នាក់ ហើយរហូតមកដល់ម៉ោងនេះគេនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។
ហេតុការណ៍ធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅកន្លែងស្នាក់របស់ជនជាតិចិន ស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ Yao XiaoDong ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ.ឃុំកើតហេតុ ។
ជនរងគ្រោះជាជនជាតិចិនរូបនេះបានយកផ្លែឡាមកោរពុកមាត់មកអារ.កខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ។ ករណីធ្វើអត្តឃាតមិនបានសម្រេចខាងលើ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ គឺរង់ចាំជនរងរបួសត្រឡប់មកពីមន្ទីរពេទ្យវិញ ។
នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ៕ ដោយៈ បុឹម ពិន