ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានកេីតឡេីងនៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ បណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាតសម្ភារមួយចំនួនធំ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៨ ផ្ទះលេខ3i ក្រុមទី២ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ អុឹង ពិសិដ្ឋ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ។ ផ្ទះធ្វើអំពីថ្មបេតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ។
ករណីខាងលើបណ្តាលឲ្យឆេះម៉ាស៊ីនត្រជាក់ និងសម្ភារមួយចំនួន ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
ក្នុងហេតុការណ៍នេះ គេឃើញមានរថយន្តរបស់ការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង១៥ៈ០០នាទីរសៀលនាថៃ្ងខែឆ្នាំដដែល ៕ដោយ៖ ភារ៉ា ដង្កោ