ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២០ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និង សមាជិកព្រឹទ្ធសភា-រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោកប្រធាន អនុប្រធាន នាយកដ្ឋាន អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកមេឃុំ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិដែលមានការពាក់ព័ន្ធសរុបចំនួន៩៥នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីបញ្ហាជាច្រើនដែលកើតឡើងនៅតាមមូលដ្ឋាននានា ពិសេសទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាលភូមិ-ឃុំ-ស្រុក ក្នុងខេត្តស្ទឹងត្រែង ទាំងមូល។ដោយក្នុងនោះ លោករដ្ឋមន្ត្រីបានជំរុញដល់អភិបាលស្រុក មេឃុំ មេភូមិថា រាល់បទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាលរបស់ខ្លួន តាមមូលដ្ឋាននីមួយៗ គឺអភិបាលស្រុក មេឃុំ មេភូមិ ជាអ្នកទទួលខុសត្រូវគ្រប់រឿង និងមានសិទ្ធិក្នុងការអនុវត្តវិធានការទៅតាមផ្លូវច្បាប់ ឬក៏ស្នើសុំទៅកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន ដើម្បីសហការក្នុងការអនុវត្តកិច្ចការងារ ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងទៀតថា បើសិនបងប្អូនប្រជាពលរដ្ឋមានបំណងចង់បង្កបង្កើនផលពិតប្រាកដនៅលើដីដែលចង់ស្នើសុំ ក៏ដូចជាដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងមូល
ដ្ឋាននោះ ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ ឬស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីដោះស្រាយរឿងនេះ ពីព្រោះទីណាមានមនុស្សរស់នៅកាន់តែច្រើននោះ ទីផ្សារកាន់តែរីកធំឡើងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ តាម ភូមិ ឃុំ ស្រុក ក្នុងការបង្កើតតំបន់អេកូទេសចរណ៍ តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីទាញយកប្រភពចំណូលដែលបានមកពីភ្ញៀវទេសចរ ដែលមកលេងខេត្តស្ទឹងត្រែងផងដែរ ដោយប្រភពទាំងនេះហើយ ដែលអាចកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ និងដើម្បីបញ្ចៀសការកាប់ព្រៃឈើ ការបរបាញ់សត្វព្រៃ ក្នុងដែនអភិរក្ស និង ដែនជម្រកសត្វព្រៃដែលជាអំពើខុសច្បាប់ និងប្រឈមមុខជាមួយទោសទណ្ឌផងដែរ។
ក្នុងនោះក៏មានតំបន់ព្រៃការពាររបស់បរិស្ថានខេត្តទាំងអស់មាន៦កន្លែង គឺឧទ្យានជាតិ២កន្លែង តំបន់រាមសារ១ កន្លែង និងដែនជម្រកសត្វព្រៃ៣កន្លែង៕ដោយមាស សុផាត