ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និង វាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញ ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោកអភិបាល រាជធានីភ្នំពេញ បែបនេះនៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ(OD IDpoor) ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ- ១៩ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិស ដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានមានប្រសាសន៍កាលពី ពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការ លំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយ ដោយអាជ្ញាធរមិនបានដឹងនោះទេ។
លោក ឃួង ស្រេង បានបន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខណ្ឌទាំង១៤ និង សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវ បាតុភាពណាមួយកើតឡើងដោយកិច្ចការបំភាន់ បក្សពួក បងប្អូន គ្រួសារ មនោ សញ្ចេតនាមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែល មិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោល ការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្មប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។
លោកបញ្ជាក់ថា៖ បើចង់ជួយដល់មន្រ្តី ឬ ក្នុងមានមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយ ក្នុងកំរិត រដ្ឋបាលខណ្ឌដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាពដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួលឱ្យបានសមស្របនឹងតាមលទ្ធភាព។
ទាក់ទិននឹងលទ្ធផលដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការអនុញ្ញាតឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៅរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានឱ្យដឹងថា គិតមកដល់ពេលនេះ គឺស្ទើតែគ្រប់ខណ្ឌ និងសង្កាត់ទាំងស្រុងទៅហើយ នៅសេសសល់មួយចំនួន ដោយ សារមានករណីមរណភាព ឈ្មោះស្ទួន និង កិច្ចការបច្ចេកទេសមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះ មន្រ្តីគ្រប់ភាគីពាក់ព័ន្ធ កំពុងមមា ញឹកដោះស្រាយដោយ តម្លាភាព ទន់ភ្លន់ និងសុក្រិត្យផងដែរ៕ សំរិត