បន្ទប់ថ្មី សង្គ្រោះបន្ទាន់កុមារនិងទារកក្រោយពេលសម្រាលនៅមន្ទីរពេទ្យជ័យវរ័្មនទី៧សៀមរាបទទួលលុយពីមូលនិធិគន្ធបុប្ផាកម្ពុជា១លានដុល្លារសម្រាប់យកទៅសាងសង់

ចែករំលែក៖

ខេត្ត​សៀម​រាប​៖កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា
បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដាក់ឱ្យដំណើរការបន្ទប់សង្គ្រោះបន្ទាន់កុមារ និងបន្ទប់សង្គ្រោះបន្ទាន់ទារកក្រោយពេលសម្រាក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ។ការសាងសង់បន្ទប់ថ្មីមន្ទីរពេទ្យនេះជាសមិទ្ធផលផ្តល់ដោយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចូលរួមផ្ដល់វិភាគទាន ១លានដុល្លារអាម៉េរិក ដើម្បីចំណាយលើការសាងសង់អគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗផងដែរ។

ក្នុងឱកាសនោះលោកបណ្ឌិត ចន ណារិទ្ធ ក៏បានបញ្ចាក់ថា នេះជាលើកទី២ហើយសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការចូលរួមវិភាគទានសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់កុមារនិងទារក ខណ:ដែលលើក១ ធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនៃអគារគន្ធបុប្ផា មុនីនាថ សីហមុនី កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ដោយបន្ថែមពីលើការចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុជាប្រចាំដល់កិច្ចដំណើរការរបស់មន្ទីពេទ្យគន្ធបុប្ផា។

ជាមួយគ្នានេះដែរលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧ បានធ្វើរបាយការណ៍ឱ្យដឹងថា ឆ្នាំ២០២០នេះស្រ្តីដែលបានមកទទួលសេវាពិនិត្យផ្ទៃពោះនៅមានអត្រាខ្ពស់ដដែល គឺមានប្រមាណជាពី ៤០០ ទៅ៦០០នាក់ក្នុងមួយថ្ងៃ ស្រ្តីសម្រាលកូនមានពី៧០ ដល់១០០នាក់ក្នុងមួយថ្ងៃ ក្នុងនេះមានការវះកាត់ពី១០ ទៅ១៥ករណី ដោយឡែកមានការវះកាត់ទូទៅកុមារ មានជាមធ្យម៣០នាក់ក្នុងមួយថ្ងៃ។ លោកបន្តថា បន្ទប់ថ្មីទាំង២នេះ មានសមត្ថភាពខ្ពស់ក្នុងការជួយសង្គ្រោះកុមារ និងទារក។សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ទីតាំង បានបម្រើសេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមាររាប់ម៉ឺននាក់ដោយឥតគិតថ្លៃ ជាមួយនឹងការចំណាយថវិកាប្រមាណពី ៤៥លាន ទៅ៥០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។ ថវិកាចំណាយទាំងនេះបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់មូលនិធិគន្ធបុប្ផាស៊្វីស ឬមូលនិធិគន្ធបុប្ផា Dr. Beat Richner, រាជរដ្ឋាភិបាលកម្ពុជា, និងមូលនិធិគន្ធបុប្ផាកម្ពុជា ដែលទទួលបានពីការចូលរួមបរិច្ចាគ នៃសប្បុរសជនទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ រួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ” និងដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមាររាប់លាននាក់នៅកម្ពុជា៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print