ភ្នំពេញ៖ ការកសាងជាបន្តបន្ទាប់នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើជូនដល់បងប្អូនប្រជាពលរដ្ឋនោះ អាជ្ញាធរសង្កាត់ចោមចៅ៣នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះបានយកគ្រឿងចក្រមករុះរើ កកាយវាយរបង ដើមឈើដើម្បីពង្រីកផ្លូវចាក់បេតុងថ្មីក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើដំណើរ ។
តាមអាជ្ញាធរបានឲ្យដឹងថា ផ្លូវលំចំណុចខាងលើ ដោយសារមានទឹកជន់លិច បង្កើតទៅជាភក់ជ្រាំនៅរដូវវស្សាធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកច្រើន។ ដោយមានគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងក្រោយពីអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយជូនដំណឹងដល់ ប្រជាពលរដ្ឋដែលមានផ្ទះរងផលប៉ះពាល់ ក្នុងការពង្រីកផ្លូវទើបអាជ្ញាធរសុំកិច្ចសហការល្អពីបងប្អូនដើម្បីជួយសម្រួលក្នុងការពង្រីកផ្លូវដែលត្រូវកសាងថ្មីជាផ្លូវបេតុង។ដោយសារមានការឯកភាពពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ទើបនៅរសៀលនេះ អាជ្ញាធរសង្កាត់ចោមចៅទី៣បានយកគ្រឿងចក្រមកវាយ កកាយរបងក្នុងបំណងបើកពង្រីកផ្លូវដើម្បីស្ថាបនាឱ្យបានធំទូលាយ។
ការអភិវឌ្ឍផ្លូវបេតុងក្នុងមូលដ្ឋានខាងលើ ត្រូវបានពលរដ្ឋអបអរសាទរ ក្រោយពីពួកគាត់កង្វះផ្លូវធ្វើដំណើរ ប្រឈមនឹងហានិភ័យគ្រាដែលកើតមានគ្រោះអគ្គិភ័យក្នុងរយៈពេលកន្លងមក ហើយមកដល់ពេលនេះបានផ្លូវធំទូលាយសង់ពីបេតុងដ៏ស្អាត ៕ដោយសុខាសែនជូយ