ខេត្តស្ទឹងត្រែង៖ នៅក្នុងបរិវេណការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកសេសាន នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំការបិទ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋភូមិកំភុន ឃុំកំភុន ស្រុកសេសាន ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនិងធ្វើការដាក់ពាក្យបណ្តឹងតវ៉ាក្នុងករណីខុសទិន្នន័យក្បាលដីជាកម្មសិទ្ធិខ្លួន។
ការប្រកាសផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុកសេសាន និងប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិដីជាច្រើននាក់។
ជុំវិញរឿងនេះលោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថាក្រោយពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការប្រកាសតំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកំភុនរួចមក មន្ទីរបានបង្កើតក្រុមការងារមន្ត្រីជំនាញបច្ចេកទេសចំនួន១ក្រុមដើម្បីចុះធ្វើការវាស់វែង និងបំពេញទម្រង់បែបបទចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ លោកថាបន្ទាប់ពីការវាស់វែងបំពេញបែបបទរួចរាល់ ខាងមន្ទីរបានធ្វើការបិទផ្សាយជាសាធារណៈរយៈពេល១៥ថ្ងៃ ដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនមុននិឹងចេញបណ្ណកម្មសិទ្ធិ។
លោក ម៉ិញ ស៊ីចាយ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់កម្មសិទ្ធិដីធ្លីក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង សូមទៅពិនិត្យទិន្នន័យដីរបស់ខ្លួនចាប់ពីថ្ងៃទី០៧ ខែកក្កដា នេះតទៅ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីជៀសវាងកុំឲ្យមានកំហុសឆ្គង ទិន្នន័យដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញបណ្ណកម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែទិន្នន័យនោះឡើយ។
លោកអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការបិទផ្សាយសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិកំភុននេះ គឺជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋដែលអាចកែប្រែនូវរាល់កំហុសឆ្គងលើទិន្នន័យកម្មសិទ្ធិដីរបស់ខ្លួន ដើម្បីឈានទៅរកការសម្រេចចេញជាបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋក្នុងភូមិដែលបញ្ជាក់ពីការកាន់កាប់ដីធ្លីរបស់ខ្លួនមានភាពត្រឹមត្រូវ និងទទួលការការពារដោយច្បាប់ មានទំនុកចិត្ត ដោយមិនមានការព្រួយបារម្ភពីការរំលោភបំពានពីអ្នកណាម្នាក់ឡើយ។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងគោលបំណងធ្វើយ៉ាងណាបញ្ចប់ទាំងស្រុងនូវរាល់បញ្ហាវិបត្តិដីធ្លីដ៍រុាំរ៉ៃដែលតែងតែកើតឡើងចំពោះប្រជាពលរដ្ឋ និងធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ព្រោះក្រោយពេលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីហើយ ប្រជាពលរដ្ឋអាចយកបណ្ណបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នេះទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួន។
គួរបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិកំភុនមានក្បាលដីសរុបចំនួន១១០៦ក្បាលដី ស្មើនឹង២០៦២,២៣ហិកតា និងមានចំនួន៦៨៨គ្រួសារ។ ក្នុងនោះមានជាប្រភេទដីកសិកម្ម ដីលំនៅឋាន ដីត្រពាំង ដីព្រៃកប់ខ្មោច ដីរួម ដីវត្ត ដីទួលអ្នកតា ដីក្រោមរដ្ឋបាលស្រុក និងដីកម្មសិទ្ធិរបស់រដ្ឋ៕ដោយមាស សុផាត