កាលពីព្រេងនាយ នៅភូមិមួយមានបុរសទំពែក ៤ នាក់ ឈ្មោះ ឃុន ១ ស៊ឹម ១ គំ ១ សុខ ១ បុរសទំពែក ៤ នាក់នេះ ជាមនុស្សកម្សត់ទុគ៌តណាស់ក្មេងៗ នឹងអ្នកស្រុកអ្នកភូមិតែងស្រែកហៅគាត់ថា តាប៉ិទំពែក ! តាប៉ិទំពែក ! ជារាល់ពេល ។ ថ្ងៃមួយ បុរសថ្ពែកទាំងបួននាក់ បានជំនុំស្រុះស្រួលមូលមតិគ្នាថា យើងទាំងអស់គ្នា ពុំអាចរស់នៅក្នុងកន្លែងនេះយូរទៅទៀតបានទេ ខ្មាសអ្នកនគរខ្លាំងណាស់ ព្រោះអ្នកផងគេមើលងាយយើងពន់ពេកប្រមាណ ដូច្នេះត្រូវយើងចេញទៅរកគ្រូមើលជំងឺ ដើម្បីធ្វើឱ្យសក់ក្បាលយើងដុះឡើងដូចជនឯទៀត ។ ជនទំពែក ៤ នាក់ក៏ស្រុះស្រួលព្រមព្រៀងគ្នា ប្រុងប្រៀបរៀបចំគ្រឿងប្រដាប់ប្រដាធ្វើដំណើររួចក៏ធ្វើដំណើរចេញទៅកាត់ស្រុកធំតូច កាត់ភូមិកាត់ស្រែ ស្វែងរកពេទ្យហ្មមេមត់ដ៏ប៉ិនប្រសប់ ដែលអាចធ្វើឱ្យក្បាលខ្លួន ដុះសក់ឡើងវិញបានប៉ុន្តែបុរសទំពែក ៤ នាក់ឥតបានជួបនឹងជនដែលមានរិទ្ធិអំណាចដូច្នេះសោះ ។
ជនទំពែក ៤ នាក់ក៏ធ្វើដំណើរតទៅទៀត លេចវាលចូលព្រៃលេចព្រៃចូល លុះត្រាតែទៅដល់ព្រៃហេមពាន្ត ដែលជាកន្លែងមហាឫសីមួយ ។ បុរសទំពែក ៤ នាក់ក៏ចូលទៅក្នុងអាស្រមតាឫសីនោះឱនកាយថ្វាយបង្គំដោយសេចក្ដីគួរសម តាឫសីសួរថាតើអ្នកទាំង ៤ នាក់អញ្ជើញមកពីប្រទេសណា? មានការអ្វី? បុរសទំពែក ៤នាក់ក៏ឆ្លើយប្រាប់ថាតាឫសីថា “ជម្រាបលោកតា យើងខ្ញុំទាំងអស់គ្នាមកពីប្រទេសឆ្ងាយណាស់ដោយហេតុតែយើងខ្ញុំ ទំពែកទាំងអស់គ្នា ពួកអ្នកស្រុកទាំងឡាយ ចេះតែសើចចំអកឡកឡើយ ឱ្យជារាល់ពេល រាល់វេលា ទើបយើងខ្ញុំអត់ទ្រាំពុំបានចេញមកស្វែងរកគ្រូពេទ្យ ដែលចេះធ្វើក្បាលយើងខ្ញុំឱ្យដុះសក់ដូចជាជនឯទៀតឡើង ប៉ុន្តែយើងខ្ញុំឥតបានជួបប្រទះគ្រូពេទ្យណាមួយសោះ អាស្រ័យហេតុនេះ បានជាយើងខ្ញុំខំធ្វើដំណើរទាល់តែមកដល់អាស្រមលោកនេះ សូមលោកតាអាណិតអាសូរយើងខ្ញុំ ជួយធ្វើយើងខ្ញុំឱ្យបានដុះសក់ដូចគេឯងទៀតឡើង” ។
តាឫសីក៏ឆ្លើយថា “ចុះមានលំបាកអ្វី ចៅទាំងឡាយអើយ ! នៅទីនេះមានត្រពាំងទឹកស័ក្ដិសិទ្ធមួយ ចូលទាំងឡាយទៅមុជទឹកត្រពាំងនោះចុះ ប៉ុន្តែត្រូវអ្នកទាំងអស់គ្នាមុជតែម្ដងបានហើយ កុំមុជច្រើនដងឱ្យសោះ ” ។
កាលបើឮតាបសប្រាប់ដូច្នោះហើយ បុរសទំពែក ៤ នាក់ក៏កើតសេចក្ដីរីករាយជាក្រៃលែង ហើយចុះទៅមុជទឹកក្នុងត្រពាំងនោះទាំងអស់គ្នា ។ មួយសន្ទុះក្រោយមកបុរស ៤ នាក់ក៏ងើបចេញពីត្រពាំងទឹកឡើង ហើយនៅលើក្បាលរៀងខ្លួនក៏មានដុះសក់យ៉ាងក្រាស់ខ្មៅរលោង ។ លោកតាទំពែកទាំង ៤ នាក់ក៏ខំមើលក្បាលគ្នាទៅវិញទៅមកហើយលាន់មាត់សរសើរតែរៀងខ្លួន ។
នៅខណៈនោះបុរសទំពែក ៤ នាក់ក៏កើតមានចិត្តលោភពន់ប្រមាណ ទើបជំនុំគ្នាថា យើងទាំងអស់គ្នាបានមុជទឹកនេះត្រឹមតែម្ដងប៉ុណ្ណេះ ឃើញថាបានល្អប៉ុណ្ណេះហើយ ចុះទម្រាំបើយើងមុជច្រើនដងទៅទៀត តើយើងនឹងល្អយ៉ាងណាទៅ តាបសប្រហែលជាមិនចង់ឱ្យយើងល្អណាស់ទេមើលទៅ បានជាបង្គាប់ឱ្យយើងមុជទឹកតែម្ដងម្នាក់ដូច្នេះ គួរតែយើងទៅមុជទឹកឱ្យបានម្ដងម្នាក់ទៀត ” ។
បន្ទាប់មក បុរសទំពែក ៤ នាក់ក៏ស្រុះស្រួលគ្នាហើយបបួលគ្នាទៅមុជទឹកសាជាថ្មីទៀត ប៉ុន្តែម្ដងនេះកាលណាបើងើបឡើងពីទឹកភ្លាមបុរសកម្សត់យើងជ្រុះ បាត់សក់អស់នៅសល់តែលលាក្បាលថ្ពែករលីងឆិញដូចកាលពីដើមវិញ ។ អាស្រ័យហេតុនេះបុរសទំពែក ៤ នាក់ក៏កើតសេចក្ដីឈឺចាប់ព្រួយចិត្តក្រៃលែងហើយក៏បបួលគ្នាមុជទឹកម្ដងទៀត ប៉ុន្តែលុះងើបឡើងក្បាលនោះរឹតតែទំពែក រលីងជាងមុនទៅទៀត ថ្ងាសក៏កាន់តែរលោងឡើង ។ កាលពីពេលមុនបុរសទំពែក ៤ នាក់គ្រាន់មានសក់ពីរបីសរសៃដុះនៅលើក្បាល ប៉ុន្តែលោភបើមុជទឹកអស់ចំនួន ៣ លើកដូច្នោះហើយក្បាលបុរសទំពែកទាំង ៤ នាក់ឡើងរលោងស្រិលដូចជាក្បាលសត្វត្រដក់ ។
បុរសទំពែក ៤ នាក់អស់សង្ឃឹមក៏ដើរចេញពីទីនោះយំត្អូញត្អែរថា “ការនេះបណ្ដាលមកពីយើងមិនប្រតិបត្តិតាមតាបសដូច្នេះ ត្រូវតែយើងត្រឡប់ទៅជួបតាបសវិញហើយអង្វរលន់តួសូមឱ្យគាត់ជួយធ្វើក្បាលយើង បើមិនបានទៅជាល្អទេ គ្រាន់តែនៅប្រហែលពីដើមវិញចុះ កុំឱ្យរលីងរលោងស្រិលដូចក្បាលត្រដក់ដូច្នេះ វាអាក្រក់ណាស់” ។
លុះជំនុំគ្នាដូច្នោះហើយ បុរសទំពែកទាំងឡាយ ក៏ធ្វើដំណើរត្រឡប់ទៅកាន់ទីលំនៅតាបសវិញ ។ តាបសសួរថា “តើមានការអីចៅទាំងឡាយ? ” ។ ចៅទំពែកក៏ឆ្លើយថា” លោកតាជាទីគោរព យើងខ្ញុំសូមអង្វរលោកតា សូមលោកតាមេត្តាត្រាប្រណីទោសដល់យើងខ្ញុំផង ត្បិតយើងខ្ញុំពុំបានធ្វើតាមបង្គាប់លោកតា បានជាក្បាលយើងខ្ញុំរឹតតែរលីងជាងថ្ងាសទៅទៀត យើងខ្ញុំសូមអង្វរលោកតា ឲ្យជួយធ្វើយ៉ាងណា ឲ្យក្បាលយើងខ្ញុំទាំងអស់គ្នា បើមិនបានល្អ ក៏សូមឱ្យតែនៅប្រហែលពីដើមវិញក៏បានដែរ” ។
តាបសឆ្លើយតបវិញថា “ឱចៅអើយ អាត្មាពុំអាចញ៉ាំងខ្លួនអ្នក ឱ្យទៅជាយ៉ាងម៉េចទៀតបានទេ កំហុសរបស់អ្នកជាភស្តុតាងបង្ហាញឱ្យដឹងថា អ្នកទាំងឡាយពុំអាចប្រតិបត្តិតាមដំបូន្មានពិបាកៗបានទេ តែចូរអ្នកពិចារណាដូច្នេះថា សេចក្ដីប្រាថ្នាហួសប្រមាណបណ្ដាលឱ្យហិនហោច ។ ណ្ហើយ ! ចូរអ្នកត្រឡប់ទៅស្រុកវិញទៅគ្មានមធ្យោបាយអ្វីអាចផ្លាស់ប្ដូររូបអ្នកបានតទៅទៀត ” ។
បុរសទំពែកទាំង ៤ នាក់ក៏ត្រឡប់ទៅស្រុកវិញ ហើយម្ដងនេះអ្នកស្រុករឹតតែពោលចំអកឡកឡើយឱ្យជាងមុនទៅទៀត ។
បុរសទំពែកទាំង ៤ នាក់ក៏រឹតតែខ្មាសលើសដើមហើយរកមេមត់យ៉ាងណាពូកែៗ ល្បីល្បាយឱ្យធ្វើប្រេងក្រមួន និងថ្នាំត្រាំស្មៅ ឬឈើក៏មានគុណភាពយ៉ាងប្រសើរៗ មកលាបមករឹតច្របាច់ លើសាច់ក្បាលរបស់ខ្លួនព្រមទាំងសូត្រមន្តអាគមគាថាថាផ្សំជាមួយផង តែទោះបីខំធ្វើយ៉ាងណាក៏ក្បាលនៅតែគ្មានដុះ សក់ដែលរលោងស្រិលដូចជាគ្រាប់ក្រូសសមុទ្រ ។ នេះគឺជាផលកម្មពិតប្រាកដ ដោយគាត់បានប្រព្រឹត្តអំពើកំហុសអ្វីមួយពីជាតិមុន ឬមួយកាលពីជាតិមុន គាត់ប្រកបរបរកស៊ីកាត់សក់ហើយបំពេញករណីយកិច្ចរបស់ខ្លួនពុំបានត្រឹមត្រូវ ។ ទោះបីមានអត្តភាព គួរឱ្យអាម៉ាស់ដូចពោលហើយក៏ដោយក៏បុរសទំពែក ៤ នាក់នោះមានចិត្តដូចជាជនឯទៀតដែរ គឺគាត់មានចិត្តប្រាថ្នាជាខ្លាំងចង់យកក្បាលគាត់ទៅកើយលើទ្រូងនារីជាទីសប្បាយ ប៉ុន្តែគ្មានស្រីណាម្នាក់ព្រមស្រឡាញ់បុរសទំពែកទាំង ៤ នាក់នោះសោះដោយហេតុម្នាក់ព្រមស្រឡាញ់បុរសថ្ពែកទាំង ៤នាក់នោះសោះ ដោយហេតុតែគាត់មានលលាដ៍ក្បាលរលីងរលោងដូចត្រឡោកដែលគេខាត់ដើម្បីទុកដួសទឹកផឹក ។
ហេតុនេះហើយបានជាគេឃើញបុរសទំពែកមានវ័យចាស់ ៗ ណាស់ហើយប៉ុន្តែពុំទាន់មានប្រពន្ធនៅឡើយ ទោះបីគាត់មានអាយុចាស់ប៉ុនណាក៏ដោយ គាត់នៅតែខំស្វែងរកប្រពន្ធឥតឈប់ឈរ ប៉ុន្តែម្ដងនេះបុរសទំពែក ៤ នាក់ចេញស្វែងរកប្រពន្ធដោយចិត្តងប់ឈ្លប់តែម្ដង គេពុំដឹងថាតើមានហេតុយ៉ាងណាទេ គេគ្រាន់តែដឹងថានេះគឺជាវត្ថុបំណងរបស់គាត់យូរណាស់មកហើយ គឺជាទម្លាប់របស់ពួកគាត់ ។ ព្រេងវាសនាបាននាំគាត់ទាំង ៤ នាក់ឱ្យមកជួបគ្នាហើយស្រឡាញ់គ្នាណាស់ បានស្បថស្បែគ្នាថាមិនត្រូវរស់នៅបែកគ្នាឡើយ ។ បើមួយណាទៅណាអ្នកឯទៀតក៏ត្រូវទៅតាមដែរ ។ ហេតុនេះហើយបានជាគេឥតដែលឃើញលេចបុរស ទំពែកមួយចេញពីច្រកចង្អៀត ដោយឥតឃើញទំពែកបីនាក់ទៀតមកតាមក្រោយឡើយ គេតែងឃើញឈ្មោះ ឃុត ដែលគាត់មានរាងខ្ពស់ស្គមស្លៀកខោខ្លីដើរមុខគេ ហើយដើរលឿនដាច់មិត្តគាត់ទាំងអស់ ទោះបីគាត់ខំប្រយ័ត្នកុំឱ្យដើរលឿនចោលគេក៏ដោយ ។ បន្ទាប់មកគេឃើញឈ្មោះស៊ឹម ដែលមានមាឌធាត់ខំដើរទីងទាំងៗ តាមឃុតដូចសត្វអណ្ដើក ។ បន្ទាប់មកទៀតគេឃើញ គំ និង សុខ ដើរទន្ទឹមស្មាគ្នា ពីរនាក់នេះជាមនុស្សជជែកឡូឡាដាក់ត្រចៀកគ្នា ព្រោះត្រចៀកពុំសូវបាន ។
ថ្ងៃមួយ ឃុតនិយាយទៅកាន់សំឡាញ់ខ្លួនថា យើងពុំអាចរកប្រពន្ធនៅ ក្នុងស្រុកនេះបានទេ ទោះចាស់ក្ដី ក្មេងក្ដី ស្រីៗ នៅក្នុងស្រុកនេះគេមាក់ងាយមាក់ថោក យើងទាំងអស់ដោយហេតុតែក្បាលយើងគ្មានដុះសក់ ប៉ុន្តែ បើយើងទៅកាន់តំបន់មួយទៀតប្រហែលជាយើងមានសំណាងជាងនេះ ហើយបើមាននរណាថា យើងចាស់ យើងអាចឆ្លើយទៅវិញថា សក់យើងវាជ្រុះព្រោះជាធម្មតារបស់ជន ដែលមានអាយុច្រើន នឹងមានការព្យាយាមគិតច្រើន កាលបើដូច្នេះអ្នកស្រុកមុខជា យល់ថាយើងជាអ្នកមានការសិក្សាច្រើន ហើយជឿថាយើងជាអ្នកប្រាជ្ញាផង ” ។
នៅពេលនោះបុរសទំពែក ៤នាក់ ក៏ពិភាក្សាគ្នាអស់រយៈពេលយ៉ាងយូរ ហើយព្រមព្រៀងយល់ថា យើងកុំនឹកព្រួយថា ក្រែងស្រីនៅស្រុកឯទៀតមិនស្អាត ដូចជាស្រីនៅក្នុងស្រុកកំណើតរបស់យើង ។ ស៊ីមខ្លាចអស់កម្លាំង ដោយធ្វើដំណើរឆ្ងាយ បាននិយាយអង្វរ ឃុត កុំឱ្យដើរលឿនពេក ។ សុខបានរំលឹកយ៉ាងម៉ឺងម៉ាត់នូវពាក្យសម្បថថា យើងមិនត្រូវបែកគ្នាឲ្យសោះ មិនត្រូវមានប្រពន្ធចោលគ្នា ឬក៏ត្រូវតែមានប្រពន្ធទាំងអស់គ្នា នៅក្នុងស្រុកណាមួយជាមួយគ្នា” ។
អាស្រ័យហេតុនេះ វេលាព្រឹកមួយ ពេលមុនថ្ងៃរះពេញពន្លឺគេឃើញបុរសទំពែក ៤ នាក់មានដៃកាន់ដំបងនិងស្ពាយទៃមួយៗ ម្នាក់ស្លៀកសំពត់ថ្មីៗ ដើរចេញពីភូមិទៅកាន់ផ្លូវប្របមាត់ទន្លេ ធ្វើដំណើរទៅទិសខាងជើង ។ ម្ដងនេះឃើញបុរសទំពែកដើរមួយៗ ដើម្បីអនុគ្រោះដល់ស៊ឹម ឱ្យទាន់ផង ។ បុរសទំពែកមានខ្នងកោងហើយដើរទប់ខ្លួននឹងឈើច្រត់ ប៉ុន្តែគាត់នៅមានចិត្តចង់សប្បាយពន់ប្រមាណ ហើយជាធម្មតា គេតែងឃើញឃុតដើរលឿនចោលគេទាំងអស់ រួចមួយសន្ទុះក្រោយមកទើបលេចឃើញស៊ឹមខំដើរខ្វាសៗ ស្រែកហៅឃុតឱ្យបង្អង់ជំហាន ។
មិនយូរប៉ុន្មានបុរសទាំង ៤ នាក់បានដើរទៅដល់ភូមិមួយ បបួលគ្នាចូលទៅក្នុងភូមិនោះ ។ ជាទេសកាលអ្វីក្នុងថ្ងៃនោះ នៅក្នុងភូមិនោះមានកើតរឿងហេតុមួយយ៉ាងធំ គឺស្រីមេម៉ាយម្នាក់ចាប់បានបុរសម្នាក់កំពុងដេកជាមួយនឹងកូនក្រមុំគាត់ ហើយគាត់ក៏ប្ដឹងពុំសុខចិត្តនឹងបុរសនោះ ។ ដើម្បីនឹងសម្រាលកំហុសរបស់ខ្លួនបន្តិច បុរសខិលបានឆ្លើយដោះសារទៅនិងចៅក្រមថា នាងក្រមុំនេះជាសហាយរបស់ខ្លួនយូរណាស់មកហើយ ” ប៉ុន្តែ នាងនេះបានឆ្លើយបដិសេធជាដាច់អហង្ការថា ខ្ញុំឥតបានស្គាល់អាមនុស្សពាលនេះទេ វានេះជាមនុស្សកុហកឥតខ្មាស វាបានលួចលបមកក្នុងបន្ទប់ខ្ញុំដូចជាចោរ នៅពេលខ្ញុំកំពុងគេងលក់ហើយបានប្រើកម្លាំងបាយបង្ខំខ្ញុំឱ្យព្រមធ្វើតាមបំណងវា ទោះបីខ្ញុំនិយាយអង្វរយ៉ាងណាក៏វា ពុំព្រមស្ដាប់សោះឡើយ”
ឮដូច្នេះ ចៅក្រមក៏មានចិត្តអស់ឯកពុំអាចរកសេចក្ដីពិតបាន ។ ប៉ុន្តែនៅខណៈនោះស្រាប់តែលេច ឃុត គំ ស៊ឹម សុខ ដើរចូលមកយ៉ាងមួយៗ ហើយបែបសង្រួមខ្លួន ដូចព្រះសង្ឃនិមន្តទៅប្រោសសត្វ ហើយមហាជនដែលឈរនៅជុំវិញរោងជំនុំ ក៏បើកផ្លូវយ៉ាងធំឱ្យបុរសទំពែកចូល ព្រមទាំងសំដែងសេចក្ដីគួរសមដល់បុរសទំពែកទាំងនោះផង ព្រោះគេយល់ថា បុរសទំពែកនេះជាបេសកជនរបស់ព្រះពុទ្ធ ហើយជាចៅក្រមធំផង ។
កាលបើគេសម្លឹងមើលសាច់ឈាម នឹងក្បាលទំពែកសព្វគ្រប់ទៅគេក៏ជឿ បុរសទំពែក ជាមនុស្សចេះដឹងយ៉ាងជ្រៅជ្រះទើបចៅក្រមប្រគល់កន្លែងខ្លួនឱ្យគាត់អង្គុយវិញ ។ កាលបើអង្គុយស្រួលបួល ហើយបានដឹងកិច្ចការនោះសព្វគ្រប់ បុរសទំពែកទាំង ៤ នាក់ក៏អង្គុយនៅស្ងៀមសញ្ជឹងគិតមួយសន្ទុះ រួចឃុតក៏ចាប់ និយាយមុនគេឡើងថា ៖ – ទំពក់វាទៅ ទើបព្នៅវាមក ។ – បន្ទាប់មក គំ និយាយថា៖ – មានប្រឡាយ ទើបទឹកវាហូរ ។ បន្ទាប់មកទៀតស៊ឹមនិយាយថា ៖ – តែកន្លែងណាមានដុះត្រឡាច វាមានដុះឃ្លោក ។ នៅទីបំផុត សុខ និយាយថា ៖ – កន្លែងណា ឆ្កែវាធុំក្លិនទឹកនោម, វាលើកជើង ។ កាលបើពោលពាក្យមួយឃ្លាម្នាក់ ដោយពុំមានអត្ថន័យដូច្នេះរួចហើយ បុរសទំពែកក៏បង្កាប់ឱ្យរៀបការបុរសស្ត្រីពីរនាក់នោះទៅ ។ នៅពេលនោះ អ្នកស្រុកនិងចៅក្រមទាំងឡាយ ក៏ស្ងើចសរសើរ នូវគតិបណ្ឌិតនិងការឈ្លាសវៃ នៃចៅក្រមទំពែកជាច្រើន ហើយក៏បបួលគ្នាជូនវត្ថុជារង្វាន់ ដល់គាត់ទាំងអស់គ្នាជាច្រើន ។ ឯម្ដាយនៃស្ត្រី មានរឿងក៏ពេញចិត្តនឹងការកាត់សេចក្ដីនេះ ហើយក៏ចូលទៅសំពះសំដែងអំណរគុណដល់បុរសទំពែកទាំង ៤ ។
ប៉ុន្តែ ទោះបីមានល្បីឈ្មោះដូច្នេះ ក៏នៅតែស្រីៗ ពុំព្រមស្រឡាញ់បុរស ទំពែកទៀត ។ ទើបបុរសទំពែកទាំងអស់គ្នានឹកឃើញដល់ស្រីមេម៉ាយ ដែលខ្លួនបានកាត់ក្ដីឱ្យពីថ្ងៃមុន ហើយឃុនក៏ផ្ដើមនិយាយថា ៖ គឺជាស្រីដែលមានចរិយាសមរម្យណាស់ ។
គំ បន្តថា ៖
– ជាស្រីមានការអប់រំប្រកបដោយបែបបទល្អ ។ សុខ បន្ថែមថា ៖ – ពិតមែនតែស្គមបន្តិច ប៉ុន្តែមានសម្រស់ ។ ស៊ឹម បញ្ចប់ថា – ពុំដឹងជាហេតុអ្វី កាលបើឃើញគាត់ខ្ញុំចេះតែនឹកដល់ម្ដាយខ្ញុំ ដែលជាការអាចឱ្យខ្ញុំទាយបានថា គាត់ជាស្រីប្រសប់ចាត់ចែងកិច្ចការក្នុងផ្ទះ មានចិត្តសន្ដោស ហើយមានសំដីទន់ផ្អែម ចេះថ្នាក់ថ្នមបមបំពេផង ។ បន្ទាប់ពីមានយោបល់រៀងខ្លួន ដូច្នោះហើយទំពែកទាំង ៤ ក៏សម្រេចចិត្តថាត្រូវទៅដណ្ដឹងស្រីមេម៉ាយនោះធ្វើជាប្រពន្ធ ។ ស្រីមេម៉ាយនោះឈ្មោះយាយអៀង ។ គាត់ចាស់ណាស់ទៅហើយធ្មេញ ក៏បាក់ សាច់ក៏ឡើងជ្រីវជ្រួញយុរយារ សម្បុរស្រអាប់មើលទៅឃើញដូចសំបកមង្ឃុតស្ងួត ។
និយាយពីយាយអៀងមេម៉ាយ កាលបើបានឮដំណឹងដូច្នេះ គាត់ក៏នឹកក្នុងចិត្តថា ៖ អញនេះជាស្រីដំបូងបង្អស់ក្នុងប្រទេសខ្មែរ ដែលត្រូវបានជួបការសប្បាយអស្ចារ្យដូច្នេះ ។ ពីដើម អញស្មានថាអញនេះជាមនុស្សចាស់រយាក ហើយអាក្រក់ក្រៃលែង អស់មាននរណាមកស្នេហាអញហើយ ព្រោះមានតែឆ្កែទេ ដែលនៅដេញតាមព្រុសអញ បើចំណែកឯក្មេងអនាថាវិញ កាលណាវាឃើញអញ វាបបួលគ្នារត់ចេញឆ្ងាយដោយវាស្រែកថា អញជាយាយចាស់កំណាច ឥឡូវស្រាប់តែឮដំណឹងទាំង ៤ នាក់ព្រមគ្នាតែម្ដង តើអញត្រូវរើសនរណាអេះ ? បើគ្មានអ្នកណាមួយល្អជាងគេសោះ គឺ ៖ – ជនទីមួយមានមាឌធំ ប៉ុន្តែ ស្គមដូចជាសំបកសណ្ដែកស្ងួត ” ។ – ជនទីពីរធាត់ ប៉ុន្តែជើងខ្លីដូចជាសត្វទុង “។ – ចំណែកពីរនាក់ទៀត មានរាងសមសួនបន្តិច ប៉ុន្តែថ្លង់ មើលតែគល់ឈើ ម្យ៉ាងទៀត បើអញទទួលយកមួយធ្វើប្ដី មុខជាអ្នកឯទៀតខឹងសម្បានឹងអញពុំខាន អញមិនចងធ្វើឱ្យគេអាក់អន់ចិត្តនឹងអញសោះ ដូច្នេះ អញត្រូវទទួលយកទាំង ៤ នាក់ ” ទើបគាត់នឹកទៀតថា ៖ មួយនាក់សម្រាប់ដងទឹកឱ្យអញ មួយនាក់ទៀតសម្រាប់ពុះឧស ជនទីបីសម្រាប់ទៅរកដំឡូងនឹងបន្លែ ជនទីបួនសម្រាប់បង្កាត់ភ្លើងដាំបាយចំណែកអញៗ អង្គុយនៅស្ងៀម ធ្វើការតែបន្តិចបន្តួច ។ ដូច្នេះ ឃុត ដែលមានជើងវែងៗ យាយអៀងតម្រូវឱ្យរែកទឹកពីទន្លេមកដាក់ពាង ស៊ឹម ដែលមានទំនងជាអ្នកល្មោភ តម្រូវឱ្យធ្វើបាយ ។ ចំណែកឯ គំ និង សុខ ជាអ្នកមានត្រចៀកធ្ងន់ ហើយដែលយាយអៀងយល់ថា ជាមនុស្សធ្វើឱ្យគាត់នឿយហត់កម្លាំង ព្រោះត្រូវនិយាយខ្លាំងៗ ទើបស្ដាប់បានគាត់បានតម្រូវឱ្យទៅព្រៃរកឧសរកវល្លិ និងជីកដំឡូង ។
ទោះបីចាត់ការដូច្នេះក៏ដោយ ក៏គេនៅតែឮមាត់យាយអៀងស្រែកសន្ធប់ជេរប្ដីគាត់ទាំង ៤ តាំងពីព្រលឹមទល់ព្រលប់គាត់បន្ទោសថា ធ្វើការល្វើយៗ ទីមទាមៗ ហើយគាត់ដកដង្ហើមធំឥតឈប់ឈរសោះ ។ គាត់ពោលថា កាលគាត់នៅពីក្មេង មនុស្សប្រុសស្រឡាញ់គាត់ខ្លាំងណាស់ ហើយគេជាមនុស្សប៉ិនប្រសប់គ្រប់យ៉ាង ។
ដូច្នេះ តាចាស់ៗ ទាំង ៤ ឥតស្គាល់ពេលសម្រាកសោះ ។ យាយអៀងតែងរិះរករឿងប្រើបុរសទំពែកឥតមានល្ហែ ។ អាស្រ័យហេតុហើយបានជាឃុតទៅដងទឹកនៅអង្គុយត្រែតត្រតៗ ឯមាត់ទន្លេចំណែកគំនិងសុខទៅនៅដំអក់ដំអែក្នុងព្រៃ ។ អ្នកដែលអភ័ព្វជាងគេគឺសឹម ព្រោះសឹមនៅផ្ទះជានិច្ច ។ យាយអៀងស្ដីបន្ទោសច្រាសឆ្អេះឱ្យគាត់តាំងពីព្រលឹមទល់ព្រលប់ឥតឈប់ឈរ ។ ហេតុនេះ ស៊ឹមក៏ទៅជាមនុស្សគេមើលលែងស្គាល់ខ្លួនឡើងស្គម សាច់ ស្បែក មុខ ឡើងស្ងួតក្រៀមដោយសារកម្ដៅភ្លើង ហើយទៅជាកើតជំងឺហឺត ដោយខំផ្លុំភ្លើងឱ្យឆេះឥតឈប់ឈរភ្នែកឡើង ក្រហមដោយសារផ្សែងចូល ស្ទើរតែមើលអ្វីពុំឃើញ ។ ទុក្ខត្រួតលើទុក្ខ តែគូកនរបស់គាត់ ក៏កើតសេចក្ដីច្រណែននឹងគាត់ ព្រោះគាត់នៅផ្ទះរាល់ថ្ងៃជាមួយនិងប្រពន្ធ ។ គូកនគាត់បានព្រួតគ្នាប្រឆាំងនឹងគាត់ ហើយតាមព្យាបាទគាត់ឥតឈប់ឈរ ។ កាលណាស៊ឹមងាកបែរមុខចេញទៅណា គូកនគាត់ក៏លបបង់អំបិលមួយក្ដាប់ធំទៅក្នុងឆ្នាំង ហើយបបួលគ្នាលួចសើចព្រោះដឹងថា ដល់ពេលបាយយាយអៀងនឹង ជេរមនុស្សគ្មានទោសនេះពុំខាន ។ ដោយអំណាចចិត្តកំហឹងគំនិតសុខ បបួលគ្នារកកាប់មែកឈើនៅស្រស់ៗ ហើយមានជ័រផងយកមកឱ្យសឹមដុតដាំបាយ ។ លុះដុតឧសនោះទៅផ្សែងក៏ហុយពេញក្នុងផ្ទះ យាយអៀងក៏រត់ចេញទៅមាត់ទ្វារ ហើយគេឮសូរគាត់ស្រែកជេរចុងភៅកម្សត់ពីចម្ងាយ រាប់ពុំឈ្នះ ។
ការហត់នឿយនិងការលំបាកគ្រប់យ៉ាង ហើយជម្រុលទៅរកតែសេចក្ដីស្លាប់ បានធ្វើឱ្យបុរសទាំង ៤ រឹតតែឆាប់ចាស់គ្រាំគ្រាទៅទៀត គាត់ពុំអាចនៅទ្រាំទ្រនឹងយាយអៀង ដូច្នេះតទៅទៀត ។ ថ្ងៃមួយនៅពេលដែលយាយអៀងទៅផ្សារ យកស្វាយដែលខ្លួនបេះបានទៅលក់ បុរសទំពែក ៤ នាក់ក៏ប្រជុំជំនុំគ្នារួចសម្រេចចិត្តថា នឹងចេញពីទីនេះទៅទាំងអស់គ្នា ស្វែងរកខ្ញុំកំដរឱ្យមកបម្រើប្រពន្ធខ្លួនរៀងខ្លួន ។ ឃុនក៏បាននិយាយថា
– យើងទាំងអស់គ្នាកាន់តែចាស់ ហើយកាន់តែខ្សោយមួយថ្ងៃបន្តិចៗ យើងមុខជានឹងស្លាប់បង់អសារ បើយើងឥតបានសម្រាកសោះដូច្នេះ ។
គិតដូច្នោះហើយបុរសថ្ពែក ៤នាក់ក៏ធ្វើដំណើរចេញ ដោយឥតចាំឱ្យយាយអៀងត្រឡប់មកពីផ្សារវិញទាន់ឡើយ ។ ហើយនៅថ្ងៃជាមួយគ្នានោះ គំនិតចង់បានខ្ញុំបម្រើកើតមាននៅក្នុងចិត្តនៃចៅចាក់ស្មុគម្នាក់ដែរ ។ ចៅចាក់ស្មុគនោះ ជាអ្នកប៉ិនប្រសប់ណាស់ខាងធ្វើស្មុគ ធ្វើកន្ត្រកអំពីក្បាបត្នោត ។ ដូច្នេះគាត់ក៏ឡើងទៅលើចុងត្នោតមួយខ្ពស់ ហើយនឹកក្នុងចិត្តថា “អញមិនត្រូវចុះទៅធ្វើស្មុគនេះឯដីទេ ព្រោះខ្លាចគេលបមើល ស្គាល់ចំណេះអញ ដូច្នេះត្រូវតែអញនៅធ្វើស្មុគ នៅលើចុងត្នោតនេះ កាលបើអញធ្វើបានច្រើនហើយ អញនឹងចុះពីចុងត្នោតយកស្មុគទៅលក់ ហើយអញនឹងទិញមនុស្សបម្រើម្នាក់មកប្រើ ។
នៅពេលដែលកំពុងច្រៀកស្លឹកត្នោតនោះ គាត់ក៏នឹកដូច្នេះទៀត ថាបើមនុស្សបម្រើនោះត្រូវធ្វើការធ្ងន់ បើប្រសិនជាវាបម្រើអញ មិនសូវគាប់ប្រសើរទេ នោះប្រយ័ត្នត្រូវនិងកែងជើងអញ” ។ កំពុងតែគិតដូច្នេះ បុរសក៏លើកជើងធាក់ហើយក៏រអិលខ្លួនធ្លាក់ពីដើមត្នោត ប៉ុន្តែសំណាងល្អនៅនៅពេលធ្លាក់នោះ បុរសមានស្មារតី បានចាប់ចុងស្លឹកត្នោតជាប់ នៅយោងតែលតោលៗ កណ្ដាលវាល មើលទៅដូចជាសត្វជ្រឹង ។ នៅពេលនោះ មានទ្រមាក់ដំរីកាត់តាមនោះ ចៅចាក់ស្មុគក្រឡេកទៅឃើញ ក៏ស្រែកហៅយ៉ាងខ្លាំងថា “លោកបងទ្រមាក់ដំរី ! បើប្រសិនជាបងអាចជួយដាក់ខ្ញុំពីលើចុងត្នោតនេះបាន ខ្ញុំនឹងទៅបម្រើលោកអស់មួយជីវិត” ។
កាលបើឮដូច្នេះ បុរសទ្រមាក់ដំរីក៏មានចិត្តត្រេកអរជាខ្លាំង ។ គាត់ខំបរដំរីគាត់យ៉ាងលឿនចូលទៅក្រោមដើមត្នោត ហើយបញ្ឈប់ដំរីនៅក្រោមនោះ រួចគាត់ក៏ឡេីងឈរនៅខ្នងដំរី ខំប្រឹងចំអើតចាប់ជើង ចៅចាក់ស្មុគ ប៉ុន្តែនៅពេលដែលគាត់ក្រោកឈរនោះ គាត់ខំប្រឹងទប់ខ្លួនឡើងញ័រគ្រប់សរសៃ ហាក់ដូចជាសញ្ញាគោះជំនិះគាត់ឲ្យដើរទៅមុខទៀត ។ ដំរីយល់ដូច្នោះ ក៏ដើរទៅមុខទៀត ចោលទ្រមាក់ដែលកំពុងតោងជើងចៅចាក់ស្មុគជាប់ ។
បុរស ២ នាក់ក៏នៅតោងស្លឹកត្នោតនោះជាប់ មើលទៅឃើញហាក់ដូចជាផ្លែឈើពីរយ៉ាងធំវែង ។ សត្វក្អែកទាំងឡាយភ្ញាក់ផ្អើលនឹងទស្សនីយភាពយ៉ាងចម្លែកនោះ ក៏ហើរក្រឡេកឆាបហើយស្រែកលានឮទ្រហឹងអឹងកង ។
ចៅចាក់ស្មុគក៏កាន់តែធ្ងន់ខ្លួនខ្លាំងឡើងទៅទៀត ហើយខំប្រឹងតោងស្លឹកត្នោត លុះត្រាតែក្បាបវាមុតចូលទៅក្នុងសាច់ ស្រក់ឈាមមកលើមុខបុរសទ្រមាក់ដំរី ជាហេតុធ្វើឲ្យបុរសខាងក្រោយនេះរឹតតែភ័យញាប់ញ័រទៅទៀត ។
យល់ឃើញថាខ្លួនពុំអាចខំប្រឹងតោងធាងត្នោតបានទៀតទេ ចៅចាក់ស្មុគក៏អង្វរករចៅទ្រមាក់ដំរីដូច្នេះថា ចូរអ្នកលែងជើងខ្ញុំទៅ ខ្ញុំអស់កម្លាំងណាស់ហើយ ! ចូរលែងជើងខ្ញុំទៅបើមិនដូច្នេះទេ យើងនឹងធ្លាក់ទៅស្លាប់ទាំងអស់គ្នា ។
មិនតែប៉ុណ្ណោះ ចៅចាក់ស្មុគបានស្រែកជេរ ហើយស្ដោះទឹកមាត់ដាក់ក្បាលទ្រមាក់ដំរីជាច្រើនទៀតផង ប៉ុន្តែចៅទ្រមាក់ដំរីត្រឡប់ជាស្រែកអង្វរករទៅចៅចាក់ស្មុគវិញថា “ឱលោកបងអើយ ! សូមលោកកុំលែងដៃឱ្យសោះ ។ បើប្រសិនជាលោកម្ចាស់ទ្រាំតោងលុះត្រាតែមានជនណា គេមកជួយដាក់យើងឱ្យរួចពីចុងត្នោត នោះខ្ញុំនឹងធ្វើជាខ្ញុំបម្រើលោកវិញលុះត្រាតែក្ស័យជីវិត” ។
នៅពេលនោះ ស្រាប់លេចបុរសទំពែកយើង ៤ នាក់ដែលស្វែងរកទាសៈសម្រាប់បម្រើប្រពន្ធខ្លួនទៅដល់ បុរសអស់សង្ឃឹមទាំងពីរនាក់ ស្រែកហៅបុរសទំពែកទាំងឡាយឱ្យចូលមក ហើយនិយាយថា ឱលោកឪពុកទាំងឡាយ សូមលោកឪពុកជួយយកអាសាខ្ញុំផង ខ្ញុំនឹងទៅនៅធ្វើជាខ្ញុំបម្រើលោក លុះត្រាអស់ ១ ជីវិត ។
បានឮដូច្នោះ បុរសទំពែក ៤ នាក់ក៏ត្រេកអរជាខ្លាំង ទើបឃុតនិយាយទៅកាន់គូកនខ្លួនថា “យើងពុំដឹងមានមធ្យោបាយអី នឹងរកមនុស្សបម្រើឱ្យបាន ឥឡូវយើងបានជួបពីរនាក់នេះហើយ ។ ចូរយើងសន្ធឹងសំពត់ឡើង ហើយម្នាក់ ៗ កាន់មួយជ្រុង ឈរពីក្រោមមនុស្សយោលទោងនេះ ។ លុះធ្វើដូច្នេះហើយ បុរសទំពែក ៤ នាក់ក៏ស្រែកហៅឲ្យបុរសពីរនាក់ទម្លាក់ខ្លួនចុះមក ។ ប៉ុន្តែបុរសខាងក្រោយនេះ ពុំទាន់ដាច់ចិត្តហ៊ានទម្លាក់ខ្លួនមក ហើយស្រែកប្រាប់មកចៅទំពែកដូច្នោះថា ” ឱលោកឪពុកក្មេក ! តើលោកឪពុកមានកម្លាំងគ្រប់គ្រាន់ទេ ? លោកឪពុកសន្ធឹងសំពត់ស្រួលហើយឬ.? ….ប្រាកដហើយឬ ? ”
ដើម្បីជាការប្រយ័ត្នទៅទៀត តាទំពែក ៤ នាក់ក៏យកជ្រុងសំពត់ចងជាប់ទៅនឹងករៀងៗខ្លួន រួចខំប្រឹងទប់ខ្លួនទាញសំពត់យ៉ាងអស់ទំហឹង រួចស្រែកទៅកាន់បុរសតែងតោងពីរនាក់នោះថា “ម្ដងនេះតាធ្វើស្រួលបួលហើយ ចូរចៅទម្លាក់ខ្លួនមកចុះ !
ចៅចាក់ស្មុគនិងចៅទ្រមាក់ដំរី ក៏ទម្លាក់ខ្លួនមកចំកណ្ដាលសំពត់ ប៉ុន្តែអនិច្ចាអើយ ទម្ងន់មនុស្សពីរនាក់នោះ បានកន្ទ្រាក់ទាញក្បាលទំពែក ៤នាក់ឱ្យមកទង្គិចគ្នាលាន់សូរតែផូស ។ សេចក្ដីហេតុនេះ ឃុត គំ ស៊ឹម និងសុខ ក៏ក្ស័យជីវិតនៅពេលជាមួយគ្នានោះអស់ទៅ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)