ភ្នំពេញ៖ កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោកPham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងនោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសបានកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើវិស័យសុខាភិបាល ដែលក្នុងនោះរួមមានការត្រៀមខ្លួនឆ្លើយតបទៅនិឹង ជំងឺរាតត្បាត។
រដ្ឋមន្រ្តីនៃបណ្តាប្រទេសមេគង្គបានកោតសរសើរចំពោះការបន្តគាំទ្ររបស់ជប៉ុននៅក្នុងតំបន់មេគង្គ ក្នុងការផ្តល់ជំនួយដើម្បីធានាបាននូវប្រព័ន្ធថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព និងភាពរឹងមាំ តាមរយៈគំនិតផ្តួចផ្តើមចំនួន២៖ ទី១-ជំនួយដែលមានទឹកប្រាក់ចំនួន ៥៦លានដុល្លារអាមេរិករបស់ជប៉ុន ប្រើប្រាស់ចំពោះកិច្ចសហប្រតិបត្តិការបចេ្ចកទេសសម្រាប់ក្រុមបុគ្គលិកគ្រូពេទ្យ និងការផ្តល់បរិក្ខារវេជ្ជសាស្ត្រជូនមន្ទីរពេទ្យ និងស្ថាប័នវេជ្ជសាស្ត្រដទៃទៀត និងទី២-បំណងរបស់ជប៉ុនក្នុងការផ្តល់ជំនួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ៥០លានដុល្លារអាមេរិក តាមរយៈការផ្តល់ជំនួយជាបរិក្ខារវេជ្ជសាស្ត្រ ដើម្បីពង្រឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹងជំងឺឆ្លង និងការបណ្តុះបណ្តាលបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្របតាមតម្រូវការរបស់បណ្ដាប្រទេសមេគង្គនីមួយៗ។
រដ្ឋមន្រ្តីការបរទេសបានស្វាគមន៍ចំពោះការបង្កើត៖ ១-មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន។ ២-មូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និង៣-ការស្តុកបម្រុងថ្នាក់តំបន់នៃគ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ភាពអាសន្នផ្នែកវេជ្ជសាស្ត្រ ក្នុងគោលបំណងឆ្លើយតបឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងការការពារ ការរកឲ្យឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លងនានា ក្នុងពេលអនាគត។
ពាក់ព័ន្ធនឹងការពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ចមេគង្គ-ជប៉ុន ក្រោយទទួលបានជោគជ័យលើជំងឺកូវីដ-១៩ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តជំនួយឥតសំណងសម្រាប់គម្រោងសុវត្ថិភាពប្រជាជនថ្នាក់មូលដ្ឋានឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុបចំនួន១ប៊ីលានយ៉េន ដែលរៀបចំឡើងក្នុងគោលបំណងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកឈ្នះលើវិបត្តិជាសកលកូវីដ-១៩ តាមរយៈគំនិតផ្តួចផ្តើម “កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩” ដែលមានទឹកប្រាក់សរុបចំនួន ១២៥លានដុល្លារអាមេរិកសម្រាប់ផែនការរយៈពេល ៥ខែ ក្នុងការទ្រទ្រង់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តរំលឹកឡើងវិញនូវការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដោយបានជំរុញឲ្យថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្លាយជាទំនិញសាធារណៈ ពិភពលោក ដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់បាន។ ចំពោះបញ្ហាតំបន់លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជាចំពោះការបង្កើត “មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន” ដែលនឹងក្លាយជាយន្តការចម្បងក្នុងការពង្រឹងនីតិវិធីនៃការការពារ ការរកឲ្យឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លងក្នុងពេលអនាគត ព្រមទាំងបញ្ជាក់ពីគោលបំណងរបស់កម្ពុជាក្នុងការទទួលធ្វើជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលនេះ។
កិច្ចប្រជុំនេះបានអនុម័តលើ “សេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ- ជប៉ុនលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងការពង្រឹងឲ្យបានទាំងស្រុងនូវទំនាក់ទំនងសេដ្ឋកិច្ច” ដែលផ្តោតទៅលើសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត ការដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតលើសង្គម និងសេដ្ឋកិច្ច ព្រមទាំងការពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការទទួលជោគជ័យលើជំងឺកូវីដ-១៩ ៕ហេង សុរិយា