ខេត្តត្បូងឃ្មុំ ៖ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ឈ្មោះ មូល ទិត្យឧត្តម បានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរ នៅពេលជិះរថយន្តគេចខ្លួនទាំងភិតភ័យ ក្រោយដកកាំភ្លើងបាញ់សម្លាប់នារីជាគូកំណាន់បេះដូង ដែលករណីនេះមិនទាន់មានការសន្និដ្ឋានជាគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា ស្នូរគ្រាប់កាំភ្លើងនៅវេលាម៉ោង២០៖០៦នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពបន្តថា នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ ឯជនជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។
ប្រភពព័ត៌មាននៅកន្លែងកេីតហេតុ ជនដៃដល់ដែលជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចជ្រុលទៅបុករថយន្ត១គ្រឿងទៀតពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។
ចំពោះករណីនេះ សមត្ថកិច្ចក៏មិនទាន់ដឹងថាជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕ ដោយ ៖ វណ្ណៈ