ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់មន្ត្រីថ្នាក់ មូលដ្ឋានទាំងអស់ ត្រូវតែពិនិត្យ ពិចារណាឲ្យបានច្បាស់មុននឹងផ្ដល់អំណោយជូនទៅប្រជាពលរដ្ឋដែលក្រីក្រ ដោយសារថា ការផ្ដល់អំណោយ មិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ វានឹងខាតបង់ បង្កើតឲ្យមានការឈ្នានីសគ្នា មានការគុំគួនគ្នាទៅវិញ ទៅមក និងកើតមានការសង្សៃពី បុគ្គលមួយទៅបុគ្គល មួយទៀតជាដើម ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងពិធីសំណេះ សំណាលជាមួយសមាជិកគណ បក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅជាង២០០នាក់ កាលពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សខណ្ឌ ព្រែកព្នៅ។
លោកបានបញ្ជាក់ថា ៖ អ្នកដែលវិនិច្ឆ័យចំពោះប្រជាពលរដ្ឋក្រីក្រ ឬមិនក្រីក្រ វាជាការសម្រេចចចិត្តរបស់អស់លោកជាប្រធានភូមិ លោកចៅសង្កាត់និងក្រុមការងារនៅថ្នាក់មូលដ្ឋាននេះហើយ។ ដូច្នេះត្រូវពិនិត្យមើលបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាង ការដាក់សាច់ឈាម សាច់ញាតិខ្លួនឯង ជាប្រជាជា ពលរដ្ឋក្រីក្រ ខណៈ ពួកគាត់ មានជីវភាពសមរម្យហើយនោះ។
លោកឃួង ស្រេង បានបន្ដថា៖ វាមិនចំណេញ ប៉ុន្មានទេ បានលុយ៥០០ទៅ៦០០ដុល្លារ នារដូវកូវីដ–១៩នេះ តែវាបានបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងនិងថ្នាក់លើថែមទៀត ហើយពិសេសថែមទៀតនោះ គឺបាត់ទំនុកចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែម្តង ។
លោកឃួង ស្រេង ក៏បានជំរុញអោយមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បន្តការផ្សព្វផ្សាយជុំវិញវិធានការទប់ស្កាត់កូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល។
លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋាខណ្ឌ ព្រែកព្នៅ បានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងខែមីនាឆ្នាំ២០២០កន្លងមកនេះ ដោយបានការពារសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសសកម្មភាពក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ និងការចុះជួយដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ–១៩ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានជួយស្ថាបនាផ្លូវចំនួន១២ខ្សែ នៅសង្កាត់ពន្សាំងចំនួន០៩ខ្សែមានប្រវែង៩៩៣៤ ម៉ែត្រ អស់ថវិកាជាង៣០ម៉ឺនដុល្លារ អាមេរិកនៅសង្កាត់ពញ្ញាពន់មានចំនួន៣ខ្សែប្រវែង២២២៧ ម៉ែត្រអស់ថវិកាចំនួនជាង៧ម៉ឺនដុល្លារ។ បានឧបត្ថម្ភអង្ករចំនួន១០ តោន ដល់ខណ្ឌព្រែកព្នៅសម្រាប់ទុកជូនប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកនៅក្នុងខណ្ឌបានឧបត្ថម្ភថវិកាចំនួន១ ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ទីស្នាក់ ការគណបក្សសង្កាត់គោករកា បានឧបត្ថម្ភចាក់ដី ចំនួន១០០០ឡានដល់សង្កាត់សំរោង សំរាប់ចាក់ បំពេញទីធ្លាសាលាសង្កាត់និងផ្លូវជាប់សាលាសង្កាត់ បាននាំយកទានព្រះវស្សានិងទេយ្យវត្ថុព្រមទាំងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង១៨វត្ត ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅដែលបានប្រារព្ធធ្វើនៅក្នុងវត្តជេដ្ឋាឧត្តមហៅវត្តគ្រួសនិងសង្កាត់សំរោងខណ្ឌ ព្រែកព្នៅ៕ សំរិត