សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍នៅថ្ងៃទី១១ខែកក្កដា បានផ្សាយថា ក្រុមជួញដូរគ្រឿងញៀន តែងតែត្រូវបានក្រុមជំនាញចាប់បាន ពេលដឹកជញ្ជូនតាមដែនសមុទ្រ។ទាំងនោះហើយបានជាក្រុមជួញដូរគ្រឿងញៀនបានបង្វែរទិសដៅជួញដូរតាមដែនអាកាសវិញម្តង។ តំបន់ព្រៃភ្នំដាច់ស្រយាល នៅGuatemala និងប្រទេសជាច្រើននៅក្នុងតំបន់ ត្រូវបានក្រុមជួញដូរគ្រឿងញៀន លួចធ្វើព្រលាន សម្រាប់យន្តហោះចុះចត នៅពេលយប់។
តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ទីលានសម្រាប់ចុះចតយន្តហោះដឹកគ្រឿងញៀនគឺមានល្មម តែប៉ុណ្ណោះ ហើយយន្តហោះតែងតែចុះចតនៅពេលយប់។ យន្តហោះដ្រូន ជាអ្នកនាំផ្លូវដល់យន្តហោះដឹកគ្រឿងញៀនពេលចុះចត។
នៅតំបន់ដាច់ស្រយាលនៅ Guatemala យន្តហោះចម្បាំងរបស់ក្រុមជួញដូរគ្រឿងញៀនអាចដឹកជញ្ជូនបានគ្រឿងញៀនកូកាអ៊ីនមានតម្លៃយ៉ាងតិច១០០លានដុល្លារ ចេញពីព្រៃឆ្លងកាត់ម៉ិចស៊ីកូ សំដៅទៅកាន់អាមេរិក។
កន្លងមក ក្រុមជួញដូរគ្រឿងញៀនបានប្រើប្រាស់នាវាមុជទឹក នាវានេសាទសម្រាប់ជួញដូរគ្រឿងញៀន។ ប៉ុន្តែសកម្មភាពទាំងនោះត្រូវបានអាមេរិកទប់ស្កាត់មិនអាចរួចផុតពីក្រសែភ្នែកឆ្មាំសមុទ្រអាមេរិកឡើយ។
កន្លាំងសន្តិសុខ Guatemala បានរកឃើញយន្តហោះ៥០គ្រឿងត្រូវគេទុកចោលនៅក្នុងព្រៃ កាលពីឆ្នាំ២០១៩។ ក្រៅពីនេះ នៅមានយន្តហោះរាប់សិបគ្រឿងចុះចតដាក់គ្រឿងញៀនរួចចេញទៅវិញ។
ចំនួនគ្រឿងញៀន កូកាអុីនដែលប្រើប្រាស់នៅលើទីផ្សារអាមេរិក មាន៩០ភាគរយគឺដឹកជញ្ជូនឆ្លងកាត់ Guatemala ៕ ដោយ៖ធីរីណា