ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុង Khabarovsk បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១១ខែកក្កដា ដើម្បីប្រឆាំងនឹងការចាប់ខ្លួនអភិបាលរដ្ឋ ដោយចោទប្រកាន់ជាប់ពាក់ព័ន្ថនិងការសម្លាប់មនុស្សកាលពី២០ឆ្នាំមុន។
តុលាការទីក្រុងមូស្គូកាលពីថ្ងៃទី១០ខែ កក្កដា បានចេញសាលក្រម ឃុំខ្លួនលោកSergei Furgal អាយុ៥០ឆ្នាំ ជាបណ្តោះអាសន្ន រយៈពេល២ខែដើម្បីកាត់ទោស។ លោកSergei Furgalរងការចោទប្រកាន់ថាជាអ្នកនៅពីក្រោយការស្លាប់ អ្នកជំនួញ កាលពី១៥-២០ឆ្នាំមុន។
ប៉ុន្តែលោកSergei Furgal បានច្រាលចោលការចោទប្រកាន់ ខាងលើ ។ ចំណែកគណបក្សប្រឆាំង សេរភាពប្រជាធិបតេយ្យ(LPDR) របស់លោកSergei Furgal បញ្ជាក់ថា លោកពិតជាគ្មានទោសឡើយ។ក្រុមអ្នកគាំទ្រប្រមាណ ៣៥ពាន់នាក់បានចូលរួមធ្វើបាតុកម្មប្រឆាំងនិងការចាប់ខ្លួនខាងលើ។
តាមគេហទំព័រ DVHab.ru បានផ្សាយថា នេះជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ តំបន់Khabarovsk។ ក្រុមបាតុករបានបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវជាច្រើនក្នុងតំបន់នេះ។
លោក Furgal បានជាប់ឆ្នោតជាអភិបាល រដ្ឋ Khabarovskកាលពីឆ្នាំ២០១៨ ក្រោយយកឈ្នះទៅបេក្ខភាព មកពីគណបក្សកាន់អំណាច របស់ប្រធានាធិបតីពូទីន៕