អង្គការស្បៀងអាហារពិភពលោក កោតសរសើរដល់សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះការគាំទ្រដល់ការចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងតាមសហគមន៍

ចែករំលែក៖

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានអនុញ្ញាតឲ្យលោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ (Francesca Erdelmann) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)ជួបសម្តែងការគួសម ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា។កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុងឱកាសនោះដែរលោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ បានកោតសរសើរ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគាំទ្រចំពោះការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងសហគម ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ និងទាន់ពេលវេលាដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងបរិបទនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩។ ជាមួយគ្នានោះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ក៏រួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការសម្របសម្រួលគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ក្នុងការងារសន្តិសុខស្បៀង និងអាហរូបត្ថម្ភ។ WFP រីករាយនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត។

លោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដែលតែងតែសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ឋិជាមួយអង្គការស្បៀងអាហារពិភពលោក និងអង្គការពាក់ព័ន្ឋដ៏ទៃទៀត ក្នុងការបង្កើតចេញនូវយុទ្ឋសាស្ត្រនានា ក្នុងនោះមាន សេចក្តីថ្លែការណ៏រួមស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលបានបញ្ជូនទៅដល់ការិយាល័យធំរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក, ការវាយតម្លៃពាក់កណ្តាលអាណត្តិលើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ, យុទ្ឋសាស្ត្រសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២។ លោកស្រីបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ១៩, អង្គការ WFP បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះទីផ្សាររបស់កសិករ ក៏ដូចជាផលប៉ះពាល់នានា ក្នុងនោះក៏មានការផ្តល់អាហារតាមសាលារៀន និងគម្រោងកសិកម្មខ្នាតតូចជាលក្ខណៈគ្រួសារផងដែរ។

ក្នុងឱកាសនោះ, លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះលោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលធ្វើឲ្យកម្ពុជា សម្រេចបាននូវលទ្ឋផលជាច្រើនលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមចំណែកដល់ការកែលំអរជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាៈ  រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបានតម្កល់ទុកសុខភាពរបស់ប្រជាជន គឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍន៏ធនធានមនុស្ស និងវឌ្ឍន៏ភាពសង្គម និងសេដ្ឋកិច្ចប្រកដដោយចេរភាព។ កត្តាទាំងនេះបានជំរុញឲ្យក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការសម្របសម្រួល និងដឹកនាំអនុវត្តលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងអង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៏នានា ក្នុងគោលដៅធ្វើយ៉ាងណាឲ្យវិស័យស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង។

លោ្ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០ ក្នុងឱកាសចុះពិនិត្យមើលវារីប្បកម្មនៅខេត្តព្រៃវែង, សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការចិញ្ចឹមត្រី កង្កែប ជាលក្ខណៈគ្រួសារ និងសហគម ដែលជាប្រភពនៃស្បៀង និងអាហារូបត្ថម្ភដ៏សំខាន់ ក្នុងនោះ    សម្តេចតេជោបានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ឋ ត្រូវដោះស្រាយទឹកសម្រាប់ការចិញ្ចឹម, ការផ្តល់ទុនបន្ថែម រួមនឹងការផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមទៀតផង។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានដាក់ចេញនូវគម្រោងផ្តល់សាច់ប្រាក់សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះដោយសារកូវីដ១៩ រួមទាំងដោះស្រាយចំពោះស្រី្តមានផ្ទៃពោះ កុមារ ចាស់ជរា កម្មករ កម្មការីនី ផងដែរ។

ជាចុងក្រោយ,  លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរលោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ ទទួលបានជោគជ័យថ្មីៗថែមទៀត បន្ទាប់ពីបញ្ជប់បេសកកម្មនៅកម្ពុជា។  ជាការឆ្លើយតប, លោកស្រី ហ្វ្រាន់សេចកា អែតដែលម៉ាន់ មានប្រសាសន៍ថា លោកស្រីនឹងចងចាំនូវអនុវស្សាវរីយ៍ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងទុកជាបទពិសោធន៍សម្រាប់ការងារលើកក្រោយទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print