ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli នឹងត្រូវអវត្តមានរហូតដល់ចុងឆ្នាំ ២០២០បន្ទាប់ពីទទួលការវះកាត់ជង្គង់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ កក្កដានេះ។
កីឡាករ Martinelli បានរងរបួសជង្គង់ឆ្វេងរបស់គាត់ក្នុងការហ្វឹកហាត់កាលពីខែមុនហើយ Arsenal បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី១៦ កក្កដាថា កីឡាករប្រេស៊ីលរូបនេះនឹងមិនវិលត្រឡប់មកទីលានប្រកួតវិញទេក្នុងចុងរដូវកាល២០១៩-២០២០នេះ។
កីឡាករវ័យ១៩ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ក្នុងការបង្ហាញខ្លួន២៦លើកក្លាយជាជាសមាជិកសំខាន់ម្នាក់របស់ក្រុមកាំភ្លើងធំ Arsenal ក្នុងរដូវកាលដែលគាត់ចូលរួមដំបូងជាមួយក្លឹបមួយនេះ។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រុម Arsenal បានឲ្យដឹងថា “Martinelli បានជាសះស្បើយបន្តិចបន្ទាប់ពីការវះកាត់របស់គាត់កាលពីចុងខែមិថុនា។ ការវះកាត់បានទទួលជោគជ័យដោយអ្នកពិគ្រោះយោបល់ និងក្រុមគ្រូពេទ្យរបស់យើងបានលើកទឹកចិត្តយ៉ាងខ្លាំងដល់គាត់។ គាត់នឹងបន្តការព្យាបាលពេញមួយរដូវកាលដោយមានគោលបំណងត្រលប់ទៅការហ្វឹកហាត់ពេញលេញវិញនៅចុងឆ្នាំ២០២០។
ដោយឡែកខ្សែការពារ Pablo Mari របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅខែកញ្ញាបន្ទាប់ពីរងរបួសកជើងពេលប៉ះជាមួយក្លឹប Manchester City កាលពីខែមុន។
ក្លឹបកាំភ្លើងធំ Arsenal បានចេញសេចក្តីថ្លែងការណ៍ថា “គាត់នឹងវិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញនៅខែកក្កដាដើម្បីបន្តការស្តារនីតិសម្បទារបស់គាត់នៅឯទីលានហ្វឹកហាត់របស់យើង ដោយមានគោលបំណងត្រលប់ទៅហ្វឹកហាត់ពេញលេញវិញនៅខែកញ្ញាខាងមុខ”៕