ខេត្តសៀមរាប៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តសៀមរាបបានចុះផ្អាក និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកម្សាន្ត X Bar ដែលបំពានសារាចររាជរដ្ឋាភិបាលអំឡុងជំងឺកូវីដ-១៩ ដែលមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តសៀមរាប រដ្ឋបាលក្រុង និងអធិការដ្ឋាននគរបាលក្រុងសៀមរាប នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។
មណ្ឌលកម្សាន្តឈ្មោះថា X Bar ដែលមានម្ចាស់ជាជនបរទេស ត្រូវបានកម្លាំងចម្រុះដែលដឹកនាំដោយមន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ចុះផ្អាកសកម្មភាព និងណែនាំឱ្យម្ចាស់អាជីវកម្ម ត្រូវគោរពច្បាប់ឱ្យបានត្រឹមត្រូវ ពិសេសត្រូវរង់ចាំការណែនាំជាថ្មីរបស់រាជរដ្ឋាភិបាលមុនបើកអាជីវកម្មរបស់ខ្លួន។
ទាក់ទងនឹងករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនារសៀលថ្ងៃទី១៩ កក្កដាថា ករណីខាងលើមិនមានច្រើនទេ ហើយរដ្ឋបាលខេត្តបានធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយមិនធ្វេសប្រហែសឡើយ ធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមានការជួបជុំក្នុងទ្រង់ទ្រាយធំៗ ឬការលួចបើកកន្លែងកម្សាន្តឡើយ។ អ្នកនាំពាក្យបន្ថែមថា កន្លងមកមន្ត្រីក្រសួងសុខាភិបាល បានចុះឱ្យដំបូន្មានច្រើនដល់អាជ្ញាធរខេត្តទាក់ទងនឹងជំងឺកូវីដ-១៩ ហើយសង្ឃឹមថា នឹងមិនមានករណីឆ្លងនូវរលកទី១ ទី២ និងទី៣ឡើយសម្រាប់ខេត្តសៀមរាប៕ស សម