ម្ចាស់ជើងឯកលីកលំដាប់ទី២របស់អង់គ្លេសបានប្រកាសថា ក្រុម Leeds United បានចុះហត្ថលេខាលើអ្នកចាំទី Illan Meslier ពីក្លឹបបារាំង Lorient ក្នុងកិច្ចសន្យាជាអចិន្រ្តៃយ៍បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវគ្នារួចមក។ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៥ កក្កដានេះ។
អ្នកចាំទីវ័យ២០ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ Leeds ដោយកីឡាកររូបនេះអាចទប់មិនឲ្យគូប្រកួតស៊ុតចូលទីចំនួន៧ដងក្នុងការចំណោម១០ប្រកួត ខណៈក្រុមរបស់លោក Marcelo Bielsa បានបញ្ចប់ការរង់ចាំរយៈពេល១៦ឆ្នាំដើម្បីធានាការវិលត្រឡប់មកកាន់លីកកំពូលអង់គ្លេសវិញនៅរដូវកាលក្រោយ។
កីឡាករ Meslier បានប្រាប់គេហទំព័ររបស់ក្លិបថា “វាមិនគួរឱ្យជឿដែលយើងស្ថិតក្នុងក្របខ័ណ្ឌ Premier League ហើយថ្ងៃនេះខ្ញុំបានចុះកុងត្រាជាមួយ Leeds United ជាអចិន្ត្រៃយ៍ដូច្នេះខ្ញុំពិតជារីករាយណាស់។ គោលបំណងរបស់ខ្ញុំនៅពេលដែលខ្ញុំបានមកដល់ទីនេះគឺក្លិប Leeds ល្អឥតខ្ចោះសម្រាប់អ្នកគាំទ្រក្លិប និងពហុកីឡដ្ឋានរួមជាមួយក្រុមដែលធ្វើឲ្យខ្ញុំមានការជឿជាក់”។
កីឡាករសញ្ជាតិបារាំង Meslier បានចូលកាន់តំណែងជាអ្នកចាំទីជម្រើសដំបូងនៅក្លិប Leeds នៅពេលដែលកីឡាករ Kiko Casilla ត្រូវបានហាមឃាត់មិនឱ្យប្រកួតចំនួន៨ប្រកួតពីបទរំលោភបំពានពូជសាសន៍កាលពីខែកុម្ភៈ។
អ្នកចាំទី Meslier គឺជាការចុះហត្ថលេខាថ្មីទី២របស់ Leeds បន្ទាប់ពីការផ្លាស់ប្តូរខ្ចីជើងខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្គាល់ Helder Costa ត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ផងដែរ ៕